បន្ទាប់ពី​កាន់តំណែង​យ៉ាង​រលូន​បាន ១០០ ថ្ងៃ បញ្ហា​ប្រឈម​លំបាកៗ​កំពុង​រង់ចាំ​លោក​ប្រធានាធិបតី មូ​ន ចែ​អ៊ី​ន នៅខាងមុខ​

2350
ចែករម្លែក

​នៅ​ខួប​គម្រប់ ១០០ ថ្ងៃ​នៃ​ការ​កាន់តំណែង​របស់ខ្លួន ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន នឹង​ទទួលយក​ការរិះគន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដោះស្រាយ​ប្រធានបទ​ដ៏​លំបាកៗ​ចាប់ពី​វិបត្តិ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​រហូតដល់​ការដកចេញ​ដ៏​ចម្រូងចម្រាស់​នូវ​ថាមពលនុយក្លេអ៊ែរ និង​ការដំឡើង​ពន្ធ​ដែល​នឹង​មកដល់​ឆាប់ៗ​ខាងមុខ​។​

​ខុទ្ទកាល័យ​ប្រធានាធិបតី (​វិមាន​ខៀវ​) បានឱ្យដឹងថា សន្និសីទ​សារព័ត៌មាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​សីហា គឺជា​ឱកាស​សម្រាប់ “​ការសន្ទនា​ដោយស្មោះ​ត្រង់​” ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​បែបនេះ​គឺជា​វិធី​បើកទូលាយ​របស់​មេដឹកនាំ​សេរីនិយម​រូបនេះ​។​

​ពិតណាស់​មួយ​សប្តាហ៍​បន្ទាប់ពី​ការជាប់ឆ្នោត លោក​មូ​ន​បាន​ប្រាសចាក​ពី​ពិធីការ​សុវត្ថិភាព​នៅឯ​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​មួយ​ហើយ​បាន​ឱប​ស្ត្រី​ម្នាក់​ដែល​ឪពុក​របស់គាត់​ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់រយ​នាក់ ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​បង្ក្រាប​ប្រឆាំងនឹង​ចលនា​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​។​

​កាយវិការ​ដែល​បាន​សាទរ​យ៉ាង​ទូលំទូលាយ​កាលពី​ថ្ងៃទី ១៨ ខែឧសភា​នេះ បានបង្ហាញ​ពី​សមត្ថភាព​របស់គាត់​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន ដែល​ផ្ទុយគ្នា​យ៉ាង​ស្រឡះ​ពី​អ្នកកាន់អំណាច​មុន បែប​ផ្តាច់ការ គឺ​លោកស្រី ប៉ាក់ ហ្គុ​ន​ហេ​។​

​យោងតាម​ការស្ទង់មតិ​របស់​ក្រុមហ៊ុន​ស្ទង់​មតិ Gallup Korea បានឱ្យដឹងថា​វា​ក៏​ជួយ​ជំរុញ​អត្រា​គាំទ្រ​រូបលោក​ឱ្យ​ឡើងដល់ ៨៧ ភាគរយ​ផងដែរ ដែលជា​តួលេខ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ចាប់តាំងពី​ពិធី​ស្បថ​កាន់តំណែង​របស់លោក​កាលពី​ថ្ងៃទី ១០ ខែឧសភា​មក មេធាវី​ការពារ​សិទ្ធិមនុស្ស​ប្រែជា​អ្នកនយោបាយ​អាយុ ៦៤ ឆ្នាំ​រូបនេះ​បានធ្វើការ​យ៉ាង​លឿន​ក្នុងការ​ធ្វើកំណែទម្រង់រ​ដ្ឋា​ភិ​បាល បំបែក​ឋានានុក្រម​ផ្ទៃក្នុង និង​ស្តារ​ជំនឿ​ទុកចិត្ត​លើ​ប្រទេសមួយ​ដែល​រង​ការខូចខាត​ដោយ​អំពើពុករលួយ​និង​ឥទ្ធិពល​រឿងអាស្រូវ​យ៉ាងធ្ងន់ធ្ងរ ដែល​នាំទៅដល់​ការធ្លាក់​ចេញពី​អំណាច​របស់​លោកស្រី​ប៉ាក់ ហ្គុ​ន​ហេ​។​

​អត្រា​គាំទ្រ​របស់លោក​មូ​ន ចែ​អ៊ី​ន ៧៨​ភាគរយ គិត​ត្រឹម​ថ្ងៃទី ១១ ខែសីហា ដែល​យោងតាម​ការស្ទង់មតិ​ចុងក្រោយ​របស់​ក្រុមហ៊ុន Gallup គឺជា​ការបញ្ជាក់​អំពី​ប្រជាប្រិយភាព​របស់គាត់​។ ដើម្បី​ប្រារព្ធ​ខួប​ទី ១០០ ថ្ងៃ​នៃ​ការ​កាន់តំណែង​របស់គាត់ ប្រៃសណីយ៍​កូរ៉េ​នឹង​ចេញ​តែម​ចំនួន ៥ លាន ដែលមាន​រូបលោក​មួន ក្នុងដំណាក់កាល​ផ្សេងៗ​គ្នា​នៃ​ជីវិត​របស់គាត់​តាំងពី​កុមារភាព​រហូតដល់​ជីវិត​អាពាហ៍ពិពាហ៍​និង​ប្រធានាធិបតី​។​

​ស្ត្រី​មេផ្ទះ គីម ស៊ូ យុន អាយុ ៤០ ឆ្នាំ​ដែល​គ្រួសារ​របស់គាត់​ទាំងមូល​បាន​បោះឆ្នោតឱ្យ​លោក​មូ​ន គឺមាន​តែ​ការកោតសរសើរ​ប៉ុណ្ណោះ​សម្រាប់​ស្វាមី​គាត់​។ លោកស្រី​យុន និយាយថា “​គាត់​ស្តាប់​មនុស្ស​គ្រប់គ្នា​ដោយ​រាបសា ហើយ​គាត់​តែងតែ​បើកទូលាយ​ចំពោះ​ការធ្វើទំនាក់ទំនង​គ្នា​។ បើ​ប្រៀបធៀប​ជាមួយនឹង​ការខកចិត្ត​ដែល​យើង​មាន​ជាមួយ​លោកស្រី​ប៉ាក់ គឺ​គាត់ (​លោក​មូ​ន​) បាន​នាំមក​នូវ​ភាព​រីករាយ​យ៉ាងខ្លាំង​” ។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា​លោក​មូ​ន​បានធ្វើការ​យ៉ាង​ល្អ​ក្នុងការ​បើកទូលាយ​ឡើងវិញ​នូវ​ទំនាក់ទំនង​សារ​ធា​រណៈ​កាលពី ៣ ខែ​កន្លងទៅ ដូច្នេះហើយ​ទើប​លោក​បានទទួល​ជោគជ័យ​ក្នុងការ​ជំរុញឱ្យមាន​កំ​ណែ​ទម្រង់​មួយចំនួន​។ គាត់​បានចាប់ផ្តើម​ស៊ើបអង្កេត​លើ​ការអនុវត្ត​អំពើពុករលួយ បង្ហាញ​ពី​កម្មវិធី​សុខុមាលភាព​ជាច្រើន និង​កំពុងធ្វើការ​ដើម្បី​ផ្លាស់ប្តូរ​ការិយាល័យ​រប​ស់​គាត់​ពី​វិមាន​ខៀវ​ដែលមាន​លក្ខណៈ​ឯកជន​ទៅ​អគារ​រដ្ឋាភិបាល​ដែល​អាច​ចូល​បាន​ដោយ​សេរី​ច្រើនជាង​មុន​ដើម្បីឱ្យ​កាន់តែ​ខិត​ទៅជិត​ប្រជាជន​។​

​ប៉ុន្តែ​ខណៈពេលដែល​ពេលវេលា​ក្រេប​ទឹកឃ្មុំ​របស់គាត់​ត្រូវបាន​បញ្ចប់ អ្នកជំនាញ​ព្រមាន​អំពី​បញ្ហា​ប្រឈម​ធំៗ និង​ការសម្រេចចិត្ត​ដ៏​លំបាក​នៅពេល​ខាងមុខ រាប់​ចាប់ពី​ការជំរុញ​គោលនយោបាយ​របស់គាត់​តាមរយៈ​សភា ដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់គាត់​មិនមាន​សំឡេង​ភាគច្រើន ២ ភាគ ៣ ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នានា រហូតដល់​ការដោះស្រាយ​បញ្ហា​ដែល​គាត់​ប្រឈម ក្នុងការ​ព្យាយាម​ចូលរួម​ជាមួយ​កូរ៉េខាងជើង ដែល​តែងតែមាន​ទំនោរ​ចង់បាន​ភាព​តានតឹង​តាមរយៈ​វោហា​សាស្ត្រ​កាន់តែ​អាក្រក់​ដាក់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​។​

​អ្នកវិភាគ​នៅ​មណ្ឌល​វី​ល​សុន​លោកស្រី ហ្ស​ង់ លី បាន​និយាយថា លោក​មូ​ន ដែល​បាន​ស្បថ​កាន់តំណែង នៅ​មួយថ្ងៃ បន្ទាប់ពី​ការជាប់ឆ្នោត​របស់គាត់​និង​គ្មាន​ពិធី​ផ្ទេរតំណែង​អស្ចារ្យ​ដូច​អ្នក​កាន់តំណែង​មុនៗ​របស់គាត់​នោះ បានបង្ហាញ​យ៉ាង​ឆាប់រហ័ស​ថា​គាត់​ជាម​នុស្ស​ធ្វើ​ច្រើនជាង​និយាយ​។​

​អ្នកស្រី​ហ្ស​ង់​លី​បាន​ប្រាប់​កាសែត The Straits Times ថា “​លោក​ប្រធានាធិបតី​មូ​ន​មាន​ភាព​ឆ្លាត​វៃ​អំពី​ការធ្វើឱ្យ​ខ្លួនឯង​មាន​ភាពងាយស្រួល​ទាក់ទង​និង​មាន​តម្លាភាព ដែល​នេះ​ជា​អ្វីដែល​ប្រជាជន​កូរ៉េខាងត្បូង​ត្រូវការ​ពី​ប្រធានាធិបតី​របស់ខ្លួន​។ ហើយ​គាត់​បាន​បង្ហាញថា​គាត់​បើកទូលាយ​ដើម្បី​ស្តាប់​មតិ​ជាច្រើន​ដែលមាន​លក្ខណៈ​ទូលំទូលាយ ចាប់ពី​សេរីនិយម​រហូតដល់​អ​ភិ​រក្ស​និយម ប៉ុន្តែ​អាចធ្វើ​ការសម្រេច​ចិត្តជា​ក់​ស្តែង​ដ៏​ឆ្លាត​វៃ​”​។​

​នៅពេល​ត្រូវបាន​ស្នើឱ្យ​វាយតម្លៃ​កម្រិត​ដឹកនាំ​រយៈពេល ១០០ ថ្ងៃ​របស់លោក​មូ​ន លោក​បណ្ឌិត លី សឹង យុន មកពី​វិទ្យាស្ថាន​ផ្តល់​គំនិត​យោបល់ សេ​ជុង (Sejong) បានផ្តល់​ឱ្យ​គាត់​នូវ​ពិន្ទុ ៩ លើ ១០ សម្រាប់​កិច្ចការ​ក្នុងស្រុក និង ៧ សម្រាប់​គោលនយោបាយ​ការបរទេស​។ លោក​និយាយថា “​លោក​មូ​ន​ទទួលបាន​ការជឿទុកចិត្ត​របស់​សាធារណជន​កូរ៉េ​មកលើ​រដ្ឋាភិបាល​ឡើងវិញ​។ គាត់​និង​ភរិយា​គាត់​មាន​ទេពកោសល្យ​ក្នុង​វិស័យ​ការទូត​សាធារណៈ​។ ខ្ញុំ​គិតថា​គាត់​ពិតជា​ស្មោះត្រង់​អស់ពី​ចិត្ត នៅពេល​គាត់​ផ្តោត​សំខាន់​លើ​ប្រជាជន​ក្រីក្រ​”​។​

​កាលពី​ខែ​មុន​លោក​មូ​ន​បានបង្ហាញ​ផែនទី​បង្ហាញផ្លូវ ៥ ឆ្នាំ​របស់លោក​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់លោក​ក្នុងការ​បង្កើត “​ប្រទេស​របស់​ប្រជាជន​” ជា​កន្លែង​ដែល​អភ័យឯកសិទ្ធិ​ដ៏​អយុត្តិធម៌​និង​ខ្សែ​អ្នកមានអំណាច ដែល​បណ្តាលឱ្យ​មានរឿង​អាស្រូវ​រហូតដល់​លោកស្រី​ប៉ាក ហ្គុ​ន​ហេ ជ្រុះ​ពី​តំណែង​នោះ នឹងត្រូវ​លុបបំបាត់ចោល​។​

​គោលដៅ​សំខាន់ៗ​រួមមាន​ដូចជា ការកែទម្រង់​ប៉ូលិស ការកាត់ទោស និង​ទីភ្នាក់ងារ​ចារកម្ម ការពង្រឹង​វិធានការ​ប្រឆាំង​អំពើពុករលួយ ការបង្កើន​សមត្ថភាព​ការពារជាតិ ការលើកកម្ពស់​ការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​ក្នុងចំណោម​ក្រុមហ៊ុន​នានា ការបង្កើត​ការងារ​សាធារណៈ​ចំនួន ៨១០.០០០ ការបង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ម៉ោង​ដល់ ១ ម៉ឺន​វ៉ុ​ន (១២ ដុល្លារ​អាមេរិក​) ពី​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ៦.៤៧០ វ៉ុ​ន និង​កា​រប​ម្លែ​ង​ការងារ​ក្រៅ​ម៉ោង​ទៅជា​ការងារ​ទៀងទាត់​ដើម្បី​ផ្តល់​សន្តិសុខ​ការងារ​ដល់​ប្រជាជន​។​

​វា​អាច​ស្តាប់ទៅ​ល្អ​ខ្លាំងណាស់ ប៉ុន្តែ​អ្នក​រិះគន់​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ចោទប្រកាន់​លោក​មូ​ន​ថា​ចង់បាន​ប្រជាប្រិយភាព​ហើយ​បាន​ចោទ​ជា​មន្ទិល​ពី​របៀប​ដែល​រដ្ឋាភិបាល​អាច​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ដ៏​ច្រើន​បែបនេះ ដោយហេតុថា​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​រង​ផលប៉ះពាល់​ពី​ការសង​សឹក​របស់​ចិន​ប្រឆាំងនឹង​ការដាក់​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​។​

​វិធានការ​ថ្មី​នេះ​នឹង​ចំណាយ​អស់​ប្រមាណ ១៧៨ លាន​លាន​វ៉ុ​ន​ក្នុង​រយៈពេល ៥ ឆ្នាំ​ដែល​ជាង​ពាក់កណ្តាល​នៃ​ការចំណាយ​នេះ ក្រុមមន្ត្រី​និយាយថា​អាច​ចេញពី​ថវិកា​ដែលមាន​ស្រាប់ បន្ទាប់ពី​ធ្វើការ​កែតម្រូវ​ខ្លះៗ​។ ការចំណាយ​ផ្សេងទៀត​គឺ​នឹងត្រូវ​កើតចេញពី​ការដំឡើង​ពន្ធ​ជៀស​មិន​រួច​នោះឡើយ ដែល​ចំណាត់ការ​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​មាន​មន្ទិល និង​ព្រួយបារម្ភ​អំពី​បន្ទុក​ហិរញ្ញវត្ថុ​ដ៏​លំបាក​មកលើ​សាធារណជន​។​

​លោក​បណ្ឌិត បុ​ង យ៉ុង ស៊ី​ក មកពី​សកល​វិទ្យាល័យ​យុន​សី (Yonsei) បាន​ព្រមាន​ថា​ផែនការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំក្រោយ​នឹង​ប៉ះពាល់​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដោយសារ​តម្លៃ​ពលកម្ម​កើនឡើង​។ លោក​បាន​និយាយថា ការធ្វើ​បែបនេះ​អាចធ្វើឱ្យ​មូលដ្ឋាន​គាំទ្រ​របស់លោក​មូ​ន​រង្គោះរង្គើ និង​នាំឱ្យមាន​ការមិនសប្បាយចិត្ត​។​

​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជាតិ​ក្រុង​សេ​អ៊ូ​ល លោក លី ជែ​មីន បាន​និយាយថា​ល្បឿន​នៃ​ការផ្លាស់ប្តូរ​នេះ​បាន​បង្ក​ការព្រួយបារម្ភ​ដោយសារតែ​គោលនយោបាយ​សំខាន់ៗ​ត្រូវបាន​អនុវត្ត​យ៉ាង​ឆាប់រហ័ស​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ការពារ​ផលប្រយោជន៍​សំខាន់ៗ​។​

​ការសម្រេចចិត្ត​របស់​លោក​មូ​ន​ដើម្បី​បិទ​រោងចក្រ​នុយក្លេអ៊ែរ​ដែលមាន​អាយុកាល​យូរ​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​និង​ផ្អាក​ការសាងសង់​រោងចក្រ​ថ្មី​ឱ្យ​ស្របតាម​ការសន្យា​បោះឆ្នោត​របស់គាត់​នោះ បាន​បង្កឱ្យមាន​ការតវ៉ា ពាក់ព័ន្ធ​នឹង​កង្វល់​សេដ្ឋកិច្ច​។ ការសម្រេចចិត្ត​របស់​គាត់​ឥឡូវ​កំពុង​ត្រូវបាន​ពិនិត្យឡើងវិញ ដែល​ជំនួយការ​របស់លោក​មូ​ន​បាន​និយាយថា​ជាការ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់គាត់​ក្នុងការ​ស្តាប់​មតិសាធារណៈ​។​

​លោក​សាស្ត្រាចារ្យ​លី​បាន​និយាយថា “​ខ្ញុំ​គិតថា​គាត់​កំពុង​ដឹកនាំ​នាវា​កូរ៉េ​ទៅមុខ​យ៉ាង​រលូន​ប៉ុន្តែ​ស្របពេល​ដូចគ្នានេះ​គាត់​កំពុង​នាំ​ប្រទេស​កូរ៉េ​ចូលទៅក្នុង​បរិយាកាស​មិន​ច្បាស់លាស់​ដែលមាន​បញ្ហា​ដ៏​ច្រើន​…​ការព្រួយបារម្ភ​កំពុង​កើនឡើង​ដោយសារតែ​ល្បឿន​និង​ជម្រៅ​នៃ​វិធានការ​កំណែទម្រង់​រប​ស់គា​ត់​”​។​

​ក្រុមអ្នកវិភាគ​ក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា​វិធីសាស្ត្រ​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​សាធារណជន​របស់លោក​មូ​ន​មិនទាន់មាន​ពិន្ទុ​ខ្ពស់​នៅឡើយ​ទេ​នៅលើ​គោលនយោបាយ​ការបរទេស​និង​ផ្នែក​សន្តិសុខ​ជាតិ​។ គាត់​មិនទាន់​មានលទ្ធភាព​ក្នុងការ​ធ្វើឱ្យ​ចំណងទាក់ទង​ល្អ​ឡើងវិញ​ជាមួយ​ប្រទេស​ចិន​ហើយក៏​មិន​អាចជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កំពុងតែ​កើនឡើង​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​។​

​លោក លី បាន​និយាយថា​លោក​មូ​ន​បានជ្រើសរើស​រដ្ឋមន្ត្រីការបរទេស​ដ៏​ល្អ​ម្នាក់​ដែលជា​អតីត​អ្នកការទូត​ជើងចាស់​នៅ​អង្គការសហប្រជាជាតិ គឺ​លោក​កាំ​ង ឃ្យុ​ង វ៉ា ប៉ុន្តែ​ត្រូវការ​អ្នក​យុទ្ធសាស្ត្រ​ជាច្រើន​នាក់​ដើម្បី​ជួយ​គាត់​ឱ្យ​យកឈ្នះ​ឧបសគ្គ​ដ៏​លំបាក​នៅពេល​ខាងមុខ នៅពេលដែល​គាត់​តស៊ូ​ជាមួយ​សម្ពាធ​ពី​ប្រទេស​ចិន សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​។ លោក​និយាយថា “​ប្រសិនបើ​លោក​មូ​ន​តែម្នាក់ឯង​ទទូច​លើ​គោលនយោបាយ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង នោះ​បន្ទប់​ការទូត​របស់គាត់​នឹងមាន​ទំហំ​កាន់តែ​តូច​ទៅៗ​។ ដូច្នេះ​បើ​លោក​មូ​ន​បរាជ័យ នោះ​នឹង​ជា​បរាជ័យ​លើ​គោលនយោបាយ​ការបរទេស​”៕ ដោយ ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​ស្ត្រេ​ត​ថែម​ស៍​

លោក មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង