បន្ទាប់ពី​ជោគជ័យ​ខ្លាំង​នៅ​អាមេរិក ប្រទេស​នៅ​អាស៊ី​ស្វាគមន៍​រឿង Crazy Rich Asians មិនសូវ​ជាខ្លាំង​ក្លា​ណាស់ណា​ទេ​

1080
ចែករម្លែក

​រឿង “Crazy Rich Asians” ត្រូវបាន​សាទរ​ថា​ជា​ជ័យជម្នះ​សម្រាប់​ភាព​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ហូលីវូដ និង​បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​សម្រាប់​ការបង្ហាញ​សាច់រឿង​អំពី​រដ្ឋ​ទីក្រុង​មួយ​នេះ ប៉ុន្តែ​នៅ​តំបន់​អាស៊ី​ភាគច្រើន ខ្សែភាពយន្ត​នេះ​ត្រូវបាន​ស្វាគមន៍​មិនសូវ​ជាខ្លាំង​ក្លា​ណាស់ណា​នោះទេ​។​

​ខ្សែភាពយន្ត​ហូលីវូដ​សម្តែង​ដោយ​តួ​អាស៊ី​សុទ្ធ​ជា​លើកដំបូង ដែល​ដកស្រង់​ពី​រឿង​ប្រលោមលោក​របស់​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​លោក ខេ​វិ​ន ក្វាន់ អំពី​ពួក​ឥស្សរជន​ចិន​ដ៏​មាន​ស្តុកស្តម្ភ​នៅ​សិង្ហ​បុរី បាន​ឡើងមក​លំដាប់​កំពូល​នៃ​ការលក់​សំបុត្រ​ទស្សនា​នៅ​អាមេរិក​ខាងជើង​។​

​រឿង​ស្នេហា​បែប​កំប្លែង ដែល​ប្រាប់​រឿងរ៉ាវ​អំពី​នារី​សាមញ្ញ​អាមេរិក​ដើមកំណើត​អាស៊ី​ដូច​ក្នុង​រឿង Cinderella និង​មិត្ត​ប្រុស​មាន​ស្តុកស្តម្ភ​របស់​នាង ទំនងជា​នឹងមាន​ការគាំទ្រ​ខ្លាំង​នៅ​ប្រទេស​ខ្លះ​នៃ​ទ្វីបអាស៊ី នៅពេល​វា​ត្រូវ​បានដាក់​បញ្ចាំង​នៅ​សប្តាហ៍​នេះ​។​

​ប៉ុន្តែ​រឿង​មួយ​នេះ​មិនបាន​បង្កើត​ក្តីរំភើប​ចង់​ទស្សនា​ស្មើនឹង​កម្រិត​រំភើប​ក្នុង​ហូលីវូដ​នោះទេ កន្លែង​ដែល​សហគមន៍​អាស៊ី​អាមេរិក​ជា​យូរ​មកហើយ​មិនមាន​គេ​ឱ្យ​តម្លៃ ហើយ​មនុស្ស​ជាច្រើន​នៅក្នុង​តំបន់​ប្រហែលជា​ឆ្ងល់​ហើយ​ថា​តើ​រឿងនេះ​ចង់​និយាយ​ពី​ស្អី​។​

​លោកស្រី ម៉ាក​ជី លី ប្រធាន​ផ្នែក​រិះគន់​ខ្សែភាពយន្ត​ប្រចាំ​នៅ​អាស៊ី​របស់​ទស្សនា​វ​ដ្តី Variety បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ជនជាតិ​អាស៊ី​បាន​មើល​ខ្លួនឯង​នៅលើ​អេក្រង់​ក្នុង​ខ្សែភាពយន្ត​ក្នុងស្រុក​របស់​ពួកគេ​ចាប់តាំងពី​រោងកុន​បានចាប់ផ្តើម​បើក​មកម្ល៉េះ​”​។​

​លោកស្រី​បាន​បន្ថែមថា ទោះយ៉ាងណា អ្នក​ដែល​មើល​ខ្សែភាពយន្ត​នេះ​ទំនងជា​នឹង​រីករាយ​ភាព​កំប្លែង​របស់​សាច់រឿង​និង​ទទួលស្គាល់​ភាព​ល្បី​របស់​រឿងនេះ​នៅ​ហូលីវូដ​គឺជា​អ្វីមួយ​ដែល​ទាក់ទង​ជាពិសេស​ទៅនឹង​បទពិសោធន៍​របស់​ជន​ជាតិ​អាស៊ី​-​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

រឿង Crazy Rich Asians នឹងដាក់​បញ្ចាំង​នៅ​អាស៊ី​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ជោគជ័យ​នៅ​អាមេរិក