បន្ទាប់ពី​ដោះលែង​: លោក ញឹក ប៊ុនឆៃ មិនទាន់​ទទួលយក​តួនាទី​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅឡើយ​ទេ​

1090
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: បន្ទាប់ពី​តុលាការ​ដោះលែង​ឲ្យ​ក្រៅ​ឃុំ​បណ្តោះអាសន្ន លោក ញឹក ប៊ុនឆៃ មិនទាន់​ទទួលយក​តួនាទី​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ យកមក​ដឹកនាំ​វិញ​នៅឡើយ​ទេ ដោយសារតែ​សុខភាព​របស់គាត់​មិនទាន់​ស្រួល​។ ប៉ុន្តែ​ឈ្មោះ​លោក ញឹក ប៊ុនឆៃ ត្រូវ​បានដាក់​នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សឹង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​។​

​លោក សឹង្ហ គី​រី បាន​ថ្លែង​បញ្ជាក់ថា “​បន្ទាប់ពី​តុលាការ​ចេញ​ដីកា​ដោះលែង លោក​ញឹក ប៊ុនឆៃ បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ​ហើយ កាលពី​យប់​ថ្ងៃទី​៣០ ខែមេសា​។ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ទៅសួរសុខទុក្ខ​គាត់​នៅផ្ទះ​ជ្រោយចង្វា​។ ដោយ​ថ្នាក់ដឹកនាំ​ចង់​ប្រគល់​តួនាទី​ប្រធាន​បក្ស​ជូន​គាត់​ដឹកនាំ​វិញ ប៉ុន្តែ​គាត់​មិនទាន់​ទទួលយក​នៅឡើយ​ទេ ដោយសារ​សុខភាព​មិន​ទាន់​ស្រួល​។ នៅពេលណា​សុខភាព​គាត់​បាន​ស្រួល​ហើយ គណបក្ស​នឹងធ្វើ​សមាជ​ប្រគល់​តួនាទី​ជូន​គាត់​”​។​

​លោក​បាន​បញ្ជាក់ទៀតថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានដាក់​ឈ្មោះ​លោក ញឹក ប៊ុនឆៃ ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ នៅ​មណ្ឌល​បន្ទាយមានជ័យ​។ គណបក្ស​នឹង​យក​បញ្ជី​ឈ្មោះ​បេក្ខជន​ទៅ​ដាក់​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូមជម្រាបថា លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) កាលពី​ម៉ោង​ជិត​៩​យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​។ ការដោះលែង​នេះ គឺ​បន្ទាប់​លោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​។​

​លោក ពេជ្រ យ៉ុ​ន ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ) បាន​ថ្លែង​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ថា លោក​ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ កាលពី​វេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃទី​៣០ ខែមេសា គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​របស់​តុលាការ​។ ការដោះលែង​នៅពេល​យប់​នេះ គឺ​ដោយសារតែ​គាត់​មាន​សុខ​ភាពមិន​ស្រួល គឺ​ជាតិ​ស្ករ​ឡើង​ខ្ពស់ ហេតុនេះ​បាន​អនុវត្តតាម​ដីកា​ដោះលែង​ឲ្យ​គាត់​ចេញ​ទាំងយប់​។​

​គួររម្លឹកថា លោក​ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែសីហា ២០១៧ ជាប់​ពាក់ព័ន្ធ​ករណី ផលិត​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០៧​កន្លងទៅ នៅ​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​៕​