បន្ទាប់ពី​ទាយ​ខុស​២​ដង​ផ្ទួនៗ​គ្នា ឥឡូវ​អ្នក​ទ្រឹស្តី​ដដែល​ទាយ​ថា ផែនដី​នឹង​រលាយ​នៅ​ថ្ងៃទី ២៣ មេសា ២០១៨ វិញ​ម្តង​

472

​លោក ដេវីត មី​ដេ (David Meade) អ្នកបកស្រាយ​ទ្រឹស្តី​អា​ថ៍កំ​បាំង ដែល​ទាយ​ខុស​ម្តងថា​ផែនដី​នឹង​រលាយ​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៧ និង​បន្ទាប់មក​ទាយ​ខុស​ម្តងទៀត​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៧ ឥឡូវ​ចេញមក​អះអាង​ទៀតហើយ​ថា ពិភពលោក​នឹង​រលាយ​នៅ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨​។​

​យោងតាម​លោក​មី​ដេ ក្នុង​រយៈពេលប៉ុន្មានថ្ងៃ​ខាងមុខ ព្រះអាទិត្យ ព្រះ​ចន្ទ និង ភព​ព្រហស្បតិ៍ នឹង​ស្រប​ទិស​គ្នា​ជាមួយ​ក្រុម​ផ្កាយ​វី​ហ្គូ ដែល​នឹង​ធ្វើឱ្យ​មានការ​កន្ត្រាក់​ញ័រ​ដ៏​ខ្លាំង​។​

​អ្នក​ទ្រឹស្តី​ម្នាក់នេះ​និយាយថា នៅពេល​ព្រះ​យេស៊ូ​ចុះមក​ផែនដី​ជា​លើក​ទី​២ នោះ​ភព​នី​ប៊ី​រូ (Nibiru) ដែល​គេ​ស្គាល់​ផងដែរ​ថា​ភព​ទី​១០ (Planet X) នឹង​លេចឡើង​នៅលើ​ផ្ទៃមេឃ ហើយ​សង្គ្រាមលោកលើកទី ៣ នឹង​ចាប់ផ្តើម​កើតឡើង ការប្រឆាំង​ព្រះ​យេស៊ូ​នឹង​ផ្ទុះឡើង និង គ្រា​លំបាក​វេទនា ៧ ឆ្នាំ​នឹង​ចាប់ផ្តើម​។​

​អង្គការ​ណា​សាបាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា​ពុំមាន​វត្តមាន​ភព​អា​ថ៍កំ​បាំង​នេះ​ទេ​។ បន្ទាប់ពី​ការ​ទស្សន៍ទាយ​ឆ្នាំ ២០១៧ របស់លោក​មី​ដេ​បាន​ផ្ទុះឡើង​ល្បីល្បាញ​នោះ អង្គការ​ណា​សា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា “​រឿងរ៉ាវ​របស់​ភព​នី​ប៊ី​រូ​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​…​ហើយ​ត្រូវបាន​គេ​កែច្នៃ​ឡើងវិញ​ទៅជា​រឿងប្រឌិត​អំពី​ទីបញ្ចប់​នៃ​ភពផែនដី​ជា​ហូរហែ​ថ្មីៗ​”៕ ដោយ៖ កញ្ញាដាលីស