បន្ទាប់ពី​ទឹក​ស្រក ក្រសួងកសិកម្ម​បញ្ចេញ​ស្រូវពូជ​ជាង​១​ពាន់​តោន ចែកជូន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ​

1086
ចែករម្លែក
  • 26
    Shares

ភ្នំពេញៈ បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ចេញ​គ្រាប់​ពូជស្រូវ​ជាង ១០០០​តោន ចែកជូន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ នៅក្នុង​ខេត្ត​ចំនួន​០៩ និង​គ្រោង​បន្ត​ចែក​គ្រាប់ពូជ​ស្រូវ​ជិត​៧០០​តោន​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ នៅក្នុង​ខេត្ត​ចំនួន​៥​បន្ថែមទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងិន ឆាយ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​។​

រូបភាពឯកសារ

​លោក​ងិន ឆាយ បាន​បន្តថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ចេញ​គ្រាប់​ពូជស្រូវ ១ ១៩៨​តោន ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១៨៧១៨​គ្រួសារ នៅក្នុង​ខេត្ត​ចំនួន​០៩ មានដូចជា​: ខេត្តតាកែវ ចំនួន​២.២​តោន​, ខេត្ត​ព្រះសីហនុ ចំនួន​៥.៥​តោន​, ខេត្តកោះកុង ចំនួន​១៥​តោន​, ខេត្តកំពត ចំនួន​១០១​តោន ប្រជាពលរដ្ឋ​២៣០៩​គ្រួសារ​, ខេត្ត​ព្រះសីហនុ ចំនួន​៥.៥​តោន​, ខេត្តបន្ទាយមានជ័យ ចំនួន​២៧៧.៣​តោន ប្រជាពលរដ្ឋ​២៧៦៣​គ្រួសារ​, ខេត្តកំពង់ចាម ចំនួន​៣០៤.៣​តោន ប្រជាពលរដ្ឋ ៦០៨៦​គ្រួសារ​, ខេត្តស្វាយរៀង ចំនួន​៩៥​តោន ប្រជាពលរដ្ឋ ១៩០០​គ្រួសារ​, ខេត្តពោធិសាត់ ចំនួន​៩៨​តោន ប្រជាពលរដ្ឋ​១៩៦០​គ្រួសារ​, ខេត្តក្រចេះ ចំនួន​៣០០​តោន ប្រជាពលរដ្ឋ​៣៧០០​គ្រួសារ​។

​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​បន្តទៀតថា នៅ​សប្តាហ៍​ក្រោយនេះ ក្រសួង​គ្រង​នឹង​បញ្ចេញ​គ្រាប់​ស្រូវពូជ ចំនួន ៦៨៧.៥៥​តោន ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៥៦៦០​គ្រួសារ នៅក្នុង​ខេត្ត​ចំនួន​០៥ បន្តទៀត គឺ​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង​៕ ល​