បន្ទាប់ពី​បរាជ័យ​ផ្ទួនៗ កំពែង ខ្មៅ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ​

491
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: អ្នក​ប្រដាល់ កំពែង ខ្មៅ របស់​សមាគម​ប្រដាល់ ក្រសួងកសិកម្ម ដែល​មួយរយៈ​នេះ ការប្រកួត​របស់គេ ជួប​បរាជ័យ​ច្រើនជាង​ឈ្នះ​នោះ បានទទួល​ឱកាស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចាក់​ផាត លុក​ប៊ូ​ថង (Chakphat Luokbuothong) លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ខាងមុខនេះ ។​

​តាមពិតទៅ កំពែង​ខ្មៅ ជា​អ្នក​ប្រដាល់​មួយរូប ដែលមាន​របៀប​វ៉ៃ​ល្អ តែ​អ្នក​ប្រដាល់​រូបនេះ ទំនងជា​ហ្វឹកហាត់ មិនសូវ​បាន​គ្រប់គ្រាន់ ទើប​រៀងរាល់​ការប្រកួត បន្ទាប់ពី​ឆ្លង​ផុត​ទឹក​ទី​៣ ហើយ​នោះ កម្លាំង​របស់គេ ធ្លាក់ចុះ​យ៉ាងគំហុគ​តែម្ដង ។​

កំពែង ខ្មៅ និង ចាក់​ផាត លុក​ប៊ូ​ថង​

​ចំពោះ អ្នក​ប្រដាល់​ថៃ ចាក់​ផាត លុន​ប៊ូ​ថង គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​នេះ ជា​លើកដំបូង​ទេ ។ មិនមាន​នរណា​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង ឬ ខ្សោយ​នោះឡើយ តែបើ​តាម​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា អ្នក​ប្រដាល់​រូបនេះ និង កំពែង ខ្មៅ មាន​សមត្ថភាព​ប្រហែល​គ្នា ។​

​កំពែង ខ្មៅ មាន​ប្រវត្តិ​ប្រកួត ចំនួន ៧៤ ដង ឈ្នះ ៦៣ ដង ចាញ់ ១១ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ចាក់​ផាត លុក​ប៊ូ​ថង វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥៣ ដង ឈ្នះ ៤៧ ដង ចាញ់ ៦ ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ជា​អ្នកមាន​សមត្ថភាព ដណ្ដើម​ជ័យជំនះ ? ។​

​ហេង វាសនា ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កេ​ន សាក់ (Ken Sak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​វាសនា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស គេ​វ៉ៃ​បានល្អ​ជាង​ប្រកួត ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ ពិសេស​គេ​ហ៊ាន​បញ្ចេញ​កែង និង ហ៊ាន​ប្ដូរ​ដោយ​គ្មាន​ញញើត​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន ៥៧ ដង ឈ្នះ ៤២ ដង ចាញ់ ១២ ដង និង​ស្មើ​ពិន្ទុ ៣ ដង ។​

​ហេង វាសនា និង កេ​ន សាក់​

​ចំពោះ​អ្នក​ប្រដាល់​ថៃ កេ​ន សាក់ វិញ ទោះបី​កន្លងមក គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ម្ដង ពីរ​មែន តែ​គេ​មិនសូវ​ជា​ចាំ​ច្បាស់ ពី​របៀប​វ៉ៃ​របស់ អ្នក​ប្រដាល់​រូបនេះ​ទេ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៥២ ដង ឈ្នះ ៤៤ ដង ចាញ់ ៨ ដង ។ ការជួបគ្នា​នេះ ទាំងសងខាង សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា សំណាងល្អ ជា​របស់​នរណា​នោះទេ​? ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ អ៊ុង កំសត់ ក្លិប​ព្រៃទទឹង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សំខាន់ ប៉ាវ​ចិន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ៕v

​ជី ឆៃលី និង ម៉ន វ៉ា​ន្នី​