បន្ទាប់ពី​បើក​ឡាន មហា​ធៀ វ័យ​៩៤​ឆ្នាំ ជិះ​កង់​បាន​១១​គីឡូម៉ែត្រ​

335
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ជិះ​កង់​បាន​ចម្ងាយ​១១​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​សីហា ។​

​មហា​ធៀ ម៉ូ​ហា​ម៉ា​ត វ័យ​៩៤​ឆ្នាំ​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា «​ព្រឹក​នេះ​យើង​មាន​ឱកាស​ជិះ​កង់​ជិត​១១​គី​ឡូ​។​អរគុណ​ព្រះ វា​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​រំភើប​»​។​

​ការ​បង្ហោះ​នេះ​មាន​អមដោយ​វីដេអូ​២៣​វិនាទី ស្តីពី​ការ​ជិះ​កង់​ជុំវិញ​សួន​នៅ​ទីក្រុង​រដ្ឋបាល ពូ​ត្រា​ចា​យ៉ា និង​ទីប្រជុំជន​ឧទ្យាន​វិទ្យាសាស្ត្រ​សាយ​ប៊ើ​ចា​យ៉ា​។​

​ជិះ​កង់​ពណ៌​ក្រហម​និង​ពាក់មួក​ស​-​ក្រហម ប្រមុខ​រដ្ឋាភិបាល​វ័យ​ចំណាស់​បំផុត​នេះ ត្រូវបាន​ហែរ​ហម​ដោយ​បុរស​ជិះ​កង់ ជិះ​ម៉ូតូ​ជិត​១០​នាក់​។​

​លោក​មហា​ធៀ ក៏​ត្រូវបាន​គេ​ឃើញ​កាន់ចង្កូត​បើករថយន្ត​ផលិត​ក្នុងស្រុក​ម៉ាក Proton ជា​ញឹកញយ​ផងដែរ​។​មុន​នេះ​ក្នុង​ខែ​សីហា នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ទទួល​ស្វាគមន៍​ប្រ​​ធានា​ធិបតី​ឥណ្ឌូនេស៊ី ចូកូ វី​ដូ​ដូ ដោយ​បើក​រថយន្ត​ជូន​ភ្ញៀវ​ទៅកាន់​កន្លែង​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​និវាសដ្ឋាន​នាយករដ្ឋមន្ត្រី​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​តាម​រថយន្ត​Proton Persona​ពណ៌​ក្រហម​។​

​កាលពី​ថ្ងៃអាទិត្យ បណ្ឌិត​មហា​ធៀ ក៏​បាន​បើករថយន្ត​ជាថ្មី ម្តងនេះ​បើក​Proton Saga MC​ស៊េរី​២០១៩​។​

​មហាធៀ​បាន​កើត​នៅ​ឆ្នាំ​១៩២៥ ក្នុង​រដ្ឋ​កេដាស់​។​លោក​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​៩​នាក់​។​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដំបូង​នៅ​ឆ្នាំ​១៩៨១ នៅ​អាយុ​៥៦​ឆ្នាំ និង​បាន​​លាឈប់​នៅ​ឆ្នាំ​២០០៣ ក្រោយ​កាន់​អំណាច​បាន​២២​ឆ្នាំ​។​

​អាជីព​នយោបាយ​របស់​លោក​បាន​លាតសន្ធឹង​ជាង​៧០​ឆ្នាំ ដោយ​ចាប់ផ្តើម​នៅ​ពេល​លោក​ចូលរួម​ការតវ៉ា​ប្រឆាំង​នឹង ការផ្តល់​សញ្ជាតិ​ម៉ាឡេស៊ី​ដល់​ជន​មិន​មែន​ម៉ាឡេ ក្នុងអំឡុង​​ប្រទេស​នេះ​នៅ​ជា សហភាព​ម៉ា​ឡា​យ៉ាន រហូតដល់​លោក​បង្កើត​បក្ស​ខ្លួន​ឯង​PPBM​នៅ​ឆ្នាំ​២០១៦​និង​បានឈ្នះ​ការបោះឆ្នោត​ហើយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន​៕​ដោយ​៖​វាសនា​

#