បន្ទាប់ពី​បេសកកម្ម​យាន Chandrayaan-2 អ្នកវិទ្យាសាស្ត្រ​អវកាស​ម្នាក់​និយាយថា ឥណ្ឌា​ត្រូវ​កែលម្អ​សមត្ថភាព​ជើង​ទម្រ​ផ្កាយរណប​ថែមទៀត

255
ចែករម្លែក

ខណៈដែល​ប្រទេស​ឥណ្ឌា​បន្ត​អបអរ​ការបាញ់​បង្ហោះ​ជា​ប្រវត្តិសាស្ត្រ​នូវ​បេសកកម្ម​ព្រះ​ចន្ទ​ទី​២​របស់ខ្លួន​គឺ យាន Chandrayaan-2 អ្នកជំនាញ​ជឿថា អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ត្រូវការ​កែលម្អ​ជើង​ទម្រ​បាញ់​បង្ហោះ​របស់ខ្លួន​ដើម្បី​នាំ​ប្រទេសជាតិ​នេះ​ទៅ​ដល់ទី​កំពូល​។​

​យាន Chandrayaan-2 ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កក្កដា នៅលើ​រ៉ុក្កែត​ឈ្មោះ GSLV Mark III ដែលមាន​រហស្សនាម​ថា “Bahubali” ឬ “​ថាមពល​ខ្លាំងក្លា​បំផុត​” ជាមួយ​សមត្ថភាព​ផ្ទុក​ផ្កាយរណប​ទម្ងន់ ៤ តោន​ទៅ​គន្លង​បញ្ជូន​សញ្ញា​ផ្កាយរណប​។ រ៉ុក្កែត​នេះ​គឺ​ផលិត​ក្នុងស្រុក​ដោយ​ប្រើ​ថាមពល​រាវ គឺ អុកស៊ីសែន​រាវ​និង​អ៊ីដ្រូសែន​រាវ​។​

​អ្នកវិទ្យាសាស្ត្រ​អវកាស លោក ម៉ា​យ៉ាន វ៉ា​ហ៊ី​យ៉ា និយាយថា “​រ៉ុក្កែត GSLV Mark III នៅមាន​ទំហំ​តូច​នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​រ៉ុក្កែត​របស់​បណ្តា​ប្រទេស​មាន​យានអវកាស​ដទៃទៀត​។ ទោះយ៉ាងណា ទាក់ទិន​នឹង​បច្ចេកវិជ្ជា ឥណ្ឌា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដ៏​ពូកែ​បំផុត​មួយ​។ យើង​មិនមាន​សមត្ថភាព​បង្ហោះ​ឡើងលើ​អវកាស​ខ្លាំង​ដូច​ប្រទេស​អន្តរជាតិ​សំខាន់ៗ​មួយចំនួន​នោះទេ​”​។ លោក​បាន​បន្ថែមទៀតថា ទាក់ទង​នឹង​ប្រាជ្ញាញ្ញាណ​និង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​អវកាស​សម្រាប់​សេចក្ដី​ល្អ​របស់​មនុស្សជាតិ ឥណ្ឌា​គឺ​ស្ថិតនៅ​ទី​កំពូល​។​

​លោក​វ៉ា​ហ៊ី​យ៉ា​បាន​ប្រាប់​វេ​ប​សាយ Sputnik ថា “​នៅ​ទីបំផុត​រ៉ុក្កែត GLSV Mark III នឹងត្រូវ​អភិវឌ្ឍ​ជាមួយនឹង​សមត្ថភាព​លើក​ទម្ងន់​ពី ៥ ទៅ ៦ តោន​។ ប៉ុន្តែ​យើង​ត្រូវការ​ជើង​ទម្រ​បាញ់​បង្ហោះ ដែល​អាច​ផ្ទុក​ផ្កាយរណប​ពី ២៥ ទៅ ៣០ តោន បើ​យើង​ចង់​ក្លាយជា​មហាអំណាច​អវកាស​ឈានមុខ​គេ​។ ស្របពេល​ជាមួយគ្នានេះ ផ្កាយរណប​របស់​យើង​មាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ​នៅលើ​ពិភពលោក ថែមទាំង​ល្អប្រសើរ​ជាង​ប្រទេស​ជាច្រើន​ទៀតផង​”៕ ដោយ៖ កញ្ញាដាលីស

យាន Chandrayaan-2 ត្រូវបាន​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ចន្ទ