បន្ទាប់ពី​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​រុស្ស៊ី យ៉ូ​ស្វេ​ប្រកាស​ក្តែ​ងៗ​ថា​ជើង​ខ្លាំង​ដេ​អន​ថេ វ៉ា​យ​ឌ័​រ ឬ ធី​សុន ហ្វើ​រី “​មិនមែនជា​បញ្ហា​”

862

​ប្រធាន​ក្រុមហ៊ុន​កីឡា Matchroom Sport លោក​បារី ហឺ​ន (Barry Hearn) បាន​និយាយថា អ្នក​ប្រដាល់​អង់គ្លេស អ៊ែន​ថូ​នី យ៉ូ​ស្វេ (Anthony Joshua) នឹងត្រូវ​ប្រឈម​នឹង​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ខែធ្នូ​រវាង ដេ​អន​ថេ វ៉ា​យ​ឌ័​រ (Deontay Wilder) និង​ធី​សុន ហ្វើ​រី (Tyson Fury) ដោយ​យ៉ូ​ស្វេ​ព្រលយ​ពាក្យ​ថា “​មិនមែនជា​បញ្ហា​សោះឡើយ​នៅលើ​ពិភពលោក​នេះ​”​។​

​យ៉ូ​ស្វេ​បាន​រក្សា​ខ្សែក្រវាត់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​របស់គេ​ជាមួយនឹង​ការ​ផ្តួល​អ្នក​ប្រដាល់​រុស្ស៊ី អា​ឡិច​សាន់​ឌ័​រ ផូ​វេត​គីន (Alexander Povetkin) នៅ​ទឹក​ទី​៧ កាលពី​ថ្ងៃ​សៅរ៍​ទី​២២​កញ្ញា​។​

​រូបគេ​នឹង​ត្រឡប់​ទៅ​សង្វៀន Wembley ម្តងទៀត​នៅ​ខែមេសា​ឆ្នាំក្រោយ​ដើម្បី​ប្រឈម​នឹង​គូប្រកួត​ដែល​មិនទាន់​ប្រកាស​ឈ្មោះ ជាមួយ​អ្នក​ប្រដាល់​ឌី​ល​លៀន វ៉ា​យ (Dillian Whyte) ក៏​អាចជា​គូប្រជែង​ដែរ​។​

​វ៉ា​យ​ឌ័​រ ម្ចាស់​ខ្សែក្រវាត់ WBC នឹងត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស ធី​សុន ហ្វើ​រី នៅ​ថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៨​។​

​យ៉ូ​ស្វេ ម្ចាស់​ខ្សែក្រវាត់​ក្របខ័ណ្ឌ IBF, WBO និង WBA បានបញ្ជាក់​ក្រោយពី​បាន​ផ្តួល​ផូ​វេត​គីន ថា ជម្រើស​ទី ១ របស់គាត់​គឺ វ៉ា​យ​ឌ័​រ​។​

​លោក​បារី ហឺ​ន បាន​ប្រាប់​វិទ្យុ BBC Radio 5 ថា “​យើង​បាន​បញ្ជូន​ឱ្យទៅ​វ៉ា​យ​ឌ័​រ​នូវ​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​រួចជាស្រេច​មួយ​ដើម្បី​ប្រកួត​គ្នា​នៅ​ថ្ងៃទី ១៣ មេសា​។ យើង​នឹង​យល់ព្រម​លក្ខខណ្ឌ​ជាមួយ​វ៉ា​យ​ឌ័​រ ដើម្បី​ប្រកួត​នៅ​ថ្ងៃទី ១៣ មេសា ប្រសិនបើ​គាត់​វាយ​ឈ្នះ​ធី​សុន ហ្វើ​រី​។ ប្រសិនបើ​គាត់​មិន​ឈ្នះ​ធី​សុន ហ្វើ​រី ទេ យើង​ត្រូវតែ​សម្លឹងមើល​ជុំវិញ​សិន ព្រោះ​យើង​ត្រូវធ្វើ​អាជីវកម្ម​របស់​យើង​ទៀត​។ ធី​សុន ហ្វើ​រី នឹងមិន​ស្ថិតក្នុង​ស្ថានភាព​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី ១៣ មេសា​ទេ នៅក្នុង​គំនិត​របស់ខ្ញុំ​។ ប្រសិនបើ​គាត់​ចង់​ប្រកួត ខ្ញុំ​ពេញ​ចិត្តនឹង​មើល​ការប្រកួត​នោះ​”៕ ដោយ៖ កញ្ញាដាលីស

អ្នក​ប្រដាល់​អង់គ្លេស អ៊ែន​ថូ​នី យ៉ូ​ស្វេ (​ឆ្វេង​) និង​អ្នក​ប្រដាល់​អាមេរិក ដេ​អន​ថេ វ៉ា​យ​ឌ័​រ នឹង​ប្រកួត​ជាមួយគ្នា​នៅ​ខែមេសា​ឆ្នាំក្រោយ ប្រសិនបើ​រូបគេ​យកឈ្នះ​លើ ធី​សុន ហ្វើ​រី នៅ​ថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៨