បន្ទាប់ពី​ផ្ទុះ​ការតវ៉ា ប៉េអឹម​ខេត្តកំពង់ស្ពឺ ១២០ នាក់ ទទួលបាន​លុយ​ឧបត្ថម្ភ ការពារ​ការបោះឆ្នោត​តំណាងរាស្ត្រ​

755
ចែករម្លែក

​ដោយៈ ឫទ្ធិ​ស័ក្តិ​ /
​ភ្នំពេញៈ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ របស់​មន្ត្រី​អាវុធហត្ថ ខេត្តកំពង់ស្ពឺ និង​ក្រុមអធិការកិច្ច កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ចុះ​ធ្វើ​អធិការកិច្ច គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​បើក​ថវិកា​ឧបត្ថម្ភ អន្តរាគមន៍​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដល់​មន្ត្រី​អាវុធហត្ថ ចំនួន​១២០​នាក់​ហើយ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​រង​ការចោទប្រកាន់ ពី​មន្ត្រី​នៅក្រោម​ឱវាទ ពាក់ព័ន្ធ​ការ​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ និង​ស៊ីដាច់​លុយ​ការពារ ការបោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រួមទាំង​ភាពមិនប្រក្រតី មួយចំនួនទៀត​។​

​ដោយសារតែ​ផ្ទុះ​រឿងអាស្រូវ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម ហុង ដឹកនាំ​គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ធ្វើ​អធិការកិច្ច ចំពោះ​ករណីនេះ កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨​។

​ប្រភពពី​មន្ត្រីជាន់ខ្ពស់​ដដែល បាន​បញ្ជាក់ថា អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បើក​ថវិកា​ឧបត្ថម្ភ​អន្តរាគមន៍ សម្រាប់​ការការពារ ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដល់​មន្ត្រី​អាវុធហត្ថ​ចំនួន​១២០​នាក់ ដោយ​ក្នុង​ម្នា​ក់បាន ១០៥.០០០​រៀល និង​ថវិកា​ឧបត្ថម្ភ សម្រាប់​ការការពារ ការបោះឆ្នោត​ជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភា ក្នុង​ម្នាក់ ៧០.០០០ រៀល សរុប​ទាំងអស់ ១៧៥.០០០ រៀល ហើយ​ការបើក​ថវិកា​ឧបត្ថម្ភ​នេះ គឺ​ចាប់ពី​ថ្ងៃទី៤ ខែតុលា រហូតដល់​ថ្ងៃទី ៨ ខែតុលា ឆ្នាំ​២០១៨​។​

​ចំណែក​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដែល​បាន​ជួយ​អន្តរាគមន៍ ក្នុង​រឿងនេះ រហូត​ពួកគាត់​ទទួលបាន​ថវិកា ឧបត្ថម្ភ​អន្តរាគមន៍ ការការពារ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​រីឯ​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ចុះ​ធ្វើ​អធិការកិច្ច នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេស​នី​យ៍​ត្រី ស៊ឹម ហុង គឺ​នៅ​មិនទាន់​បង្ហាញ លទ្ធផល​នៅឡើយ​ទេ​។​

​ប្រភព​ច្បាស់​ការណ៍ បាន​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ​របស់ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ផ្តល់ជូន​អាវុធហត្ថ​។ ស៊ីដាច់​លុយ​ការពារ ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦​។

​ប្រភព​ដដែល បាន​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បានឱ្យ​មនុស្ស​ជំនិត​របស់ខ្លួន ដើរ​ប្រមូល​គាបសង្កត់​អ្នករកស៊ី ដោយ​ក្នុងនោះ​ឱ្យ លោក​វរសេនីយ៍ទោ លឹម ឧសភា ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ និង​ទំនិញ នៅ​ផ្លូវជាតិ​លេខ​៤​។ ចំណែក​លោក​វរសេនីយ៍ទោ គង់ វាសនា ហៅ មហាមេឃ ប្រមូល​លុយ​ផ្លូវជាតិ​លេខ​៥ ដោយ​ដេញចាប់​ឡាន នៅ​ស្នាក់ការ​អាវុធហត្ថ ៥៥១ នៅ​ស្រុក​ឧដុង្គ​។​

​ទាក់ទង​ករណី​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​បដិសេធថា លោក​មិនបាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​នោះទេ​៕V

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​