បន្ទាប់ពី​ផ្ទុះ​ការរិះគន់, ក្រសួង​កោះហៅ​ម្ចាស់​ក្រុមហ៊ុន «​អូ​ឡុ​ន​ពេជ្រ​» មក​ពិន័យ រឿង​ដឹក​មនុស្ស​លើស​ចំណុះ​

1192
ចែករម្លែក
  • 446
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​២៣ មេសា ឆ្នាំ​២០១៨​នេះ បាន​បង្ហើប​ថា ក្រសួង​បាន​កោះហៅ​ថៅកែ​ក្រុមហ៊ុន «​អូ​ឡុ​ន​ពេជ្រ ដឹក​ជ​ញ្ចូ​ន​អ្នកដំណើរ​» មក​ពិន័យ និង​ចុះកិច្ចសន្យា​ចំពោះមុខ​ក្នុង​បញ្ជីខ្មៅ បន្ទាប់ពី​តៃកុង និង​ព្រូឡាន​ក្រុមហ៊ុន​មួយ​នេះ លួច​ឈប់​ដាក់​ដឹក​មនុស្ស ព្រមទាំង​ទំនិញ​តាមផ្លូវ​ក្នុងទិសដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកោះកុង ដោយ​ផ្ទុក​លើស​ចំណុះ​កំណត់​កាលពី​ថ្ងៃទី​២២ ខែ មេសា​។​

​ការកោះហៅ​នេះ ធ្វើឡើង​ក្រោយពី​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍ ក្នុងស្រុក​ជាច្រើន​ស្ថាប័ន នាំគ្នា​ចុះផ្សាយ​ពី​ការរិះគន់​របស់​ក្រុម​ពលរដ្ឋ​អ្នកដំណើរ​ថា មាន​តៃកុង និង​ព្រូ លួច​ឈប់​ដឹក​មនុស្ស និង​ទំនិញ​តាមផ្លូវ​ហូរហែ ពុំ​គិតគូរ​ពី​សុវត្ថិភាព​អាយុជីវិត​អ្នករួមដំណើរ​លើ​ឡាន​ក្នុងទិសដៅ​ពី រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកោះកុង​។​

​លោក ឈួន វន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣ មេសា​នេះ ថៅកែ​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អ្នកដំណើរ អូ​ឡុ​ន​ពេជ្រ នឹង​ទទួលរង​ការផាកពិន័យ និង​ចុះកិច្ចសន្យា ក្នុង​បញ្ជីខ្មៅ​ក្រសួង​សាធារណការ លើ​ទង្វើ​ប្រព្រឹត្ត​ខុស​កំហុស​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​។ លោក ឈួន វន់ សង្កត់ធ្ងន់ថា “​ស្ទើរតែ​រៀងរាល់​ប្រចាំខែ នៃ​កិច្ចប្រជុំ ក្រសួង​បាន​ដាស់តឿន​ក្រើនរម្លឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ទាំងអស់ កុំ​ផ្ទុក​លើស​ទម្ងន់​កំណត់​ដែល​ច្បាប់​ហាមឃាត់ ដើម្បី​ការពារ​សុវត្ថិភាព​អាយុជីវិត​អ្នកដំណើរ​តាម​ដងផ្លូវ​សាធារណៈ​”​។

​បើតាម​អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​និយាយថា ការប្រព្រឹត្ត​ខុស​របស់​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ អូ​ឡុ​ន​ពេជ្រ ជាការ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់ តាមផ្លូវ​សាធារណៈ ផ្ទុយ​ពី​ការណែនាំ​របស់​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។ ដូច្នេះ​ក្រសួង​សាធារណការ មិនអាច​អត់អោន​បានទេ ចំពោះ​ករណី​មួយ​នេះ ប្រសិនបើ​កើតមាន​លើក​ទី​២ គឺ​ក្រុមហ៊ុន​អូ​ឡុ​ន​ពេជ្រ ត្រូវ​ដក​អាជ្ញាប័ណ្ណ​ដោយ​បិទ​អាជីវកម្ម​មិន​ឲ្យ​ដំណើរការ​តែម្តង​។​

​ងាក​មក​ភាគី​ក្រុមហ៊ុន​ខាងលើ​វិញ លោក តាំង គឺ​ម​សាន អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ អូ​ឡុ​ន​ពេជ្រ ក៏​ទទួលស្គាល់​កំហុស​ទាំងស្រុង ចំពោះ​ទង្វើ​មិន​គប្បី​របស់​តៃកុង និង​ព្រូឡាន​របស់លោក ដោយសារតែ​ការខ្វះចន្លោះ​ពុំមាន​ពិនិត្យ​ឱ្យ​ត្រឹមត្រូវ ទើប​បង្ក​មាន​បញ្ហា​បែបនេះ​។ សព្វថ្ងៃនេះ ក្រុមហ៊ុន​លោក​គ្មាន​គោលការណ៍​ណាមួយ ដែល​អនុញ្ញាតឱ្យ​តៃកុង និង​ព្រូឡាន​លួច​ឈប់​ដាក់​ដឹក​មនុស្ស ឬ​ទំនិញ​តាមផ្លូវ​ធ្វើដំណើរ​ឡើយ​។

​លោក គឹម​សាន ស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​អតិថិជន មេត្តា​អាស្រ័យ​យោគយល់​ដល់​រូបគាត់​ផង​។ ទោះយ៉ាងណា លោក​ក៏បាន​ចាត់វិធានការ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដែរ​ថា តៃកុង និង​ព្រូឡាន​ទាំងពីរ​នេះ នឹងត្រូវ​កាត់​ប្រាក់ខែ​ចំនួន​២​ខែ ហើយ​បើ​បង្ក​ឱ្យ​បញ្ហា​ជា​លើក​ទី​២ មិន​កែប្រែ គឺ​បណ្តេញ​ចេញពី​ការងារ​បូករួម​ដកហូត​ប័ណ្ណបើកបរ​។​

​យោងតាម​ការ​មតិ​រិះគន់​របស់​ក្រុម​ប្រជាពលរដ្ឋ ជា​អ្នកដំណើរ​នៅលើ​រថយន្តក្រុង​អូ​ឡុ​ន​ពេជ្រ ខណៈ​កំពុងធ្វើដំណើរ​ទៅ​ខេត្តកោះកុង ដោយ​បង្ហោះ​លើ​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា តៃកុង និង​ព្រូ នៅតែ​បន្ត​លួច​ឈប់​ដឹក​មនុស្ស និង​ទំនិញ​តាមផ្លូវ​ជា​ហូរហែ ទោះបីជា​ពួកគាត់​ស្រែក​ឲ្យ​បញ្ឈប់​សកម្មភាព​ក៏ដោយ ក៏​ពួកគេ​ទាំងពីរ​មិន​ព្រមស្តាប់​ឡើយ​។ ពលរដ្ឋ​ព្រួយបារម្ភ​សុវត្ថិភាព​ធ្វើដំណើរ​ណាស់ ព្រោះ​ស្ថានភាព​ផ្លូវ​កោះកុង​ចុះឡើង បត់​បែ​ត​ឡើង​ចំណាត់​ខុសពី​ផ្លូវថ្នល់​ផ្សេងៗ​។​

​ប្រជាពលរដ្ឋ បន្ត​រិះគន់​យ៉ាង​ចាស់ដៃ​ថា មនុស្ស​ដែល​ឡើង​ជិះឡាន​តាមផ្លូវ គឺ​អង្គុយ​កៅ​ជ័រ ពោលគឺ​ឡើងដល់​ទៅ​៣​ជួរ​ទៅហើយ ខណៈ​រថយន្ត​អាច​ផ្ទុក​មនុស្ស​តែ​៤៥​នាក់ និង​មានតែ​២​ជួរ​ប៉ុណ្ណោះ​។ មិន​ត្រឹមតែ​បែបនេះ​ទេ តែ​កុង និង​ព្រូឡាន​នៅ​យក​តម្លៃ​សេវា​២​ម៉ឺន​៥​ពាន់​រៀល​ពី​ពួកគាត់ ដោយ​តម្លៃ​ស្មើនឹង​អ្នកដំណើរ​ដែលមាន​កៅអីអង្គុយ​ត្រឹមត្រូវ​។ សកម្មភាព​ឈប់​ដាក់​មនុស្ស​តាមផ្លូវ​នេះ មិនមែន​កើតមាន​តែ​ថ្ងៃបុណ្យ​ទាន​ទេ ជាក់ស្តែង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​ទៅហើយ​។​

​ចៀសវាង​ការប្រមាថ​មើលងាយ​ជីវិត​មនុស្ស តាមរយៈ​សកម្មភាព​លួច​ដឹក​លើស​ចំណុះ ក្រុម​ប្រជាពលរដ្ឋ​អ្នកដំណើរ បាន​ស្នើសុំ​យ៉ាងទទូច​ដល់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជួយ​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត ចំពោះ​ម្ចាស់​ក្រុមហ៊ុន​អូ​ឡុ​ន​ពេជ្រ កុំឱ្យ​ក្រុមហ៊ុន​អ្នក​ដឹក​ដំណើរ​ដទៃទៀត​យក​គំរូ​អាក្រក់​។​

​សូមជម្រាបថា ប​ច្ច​ប្បន្ន​កម្ពុ​ជាមាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ប្រមាណ​៣០​ក្រុមហ៊ុន កំពុង​ដំណើរ​អា​ជីក​ម្ម នៅពេល​ខាងមុខ​ក្រសួង​សាធារណការ នឹង​ហៅ​កោះ​គ្រប់​ក្រុមហ៊ុន​ខាងលើ មក​ដុសក្អែល​ចេញ បើ​ដឹងឮ​ព័ត៌មាន​ប្រព្រឹត្ត​ខុស ដូច​ករណី​ក្រុមហ៊ុន អូ​ឡុ​ន​ពេជ្រ​៕ ល​