បន្ទាប់ពី​មាន​ភ្លើង​ឆេះ​ព្រៃ ព្យុះ​ធូលី​និង​ព្រិល​គ្រាប់​ធំៗ​បង្ក​ការខូចខាត​រាប់​រយ​លាន​ដុល្លារ​នៅ​អូស្ត្រាលី​(វីដេអូ)

238
ចែករម្លែក

​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​ជនបទ​នៃ​ប្រទេស​អូស្ត្រាលី​ដែលមាន​មាន​គ្រោះរាំងស្ងួត​នោះ​បាន​ទទួល​រង​ព្យុះ​ធូលី​ ដែល​គំរាមកំហែង​រសាត់​ទៅកាន់​ទីក្រុង​ជា​ច្រើន​​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន ដោយ​រួមទាំង​ទីក្រុង​ស៊ីដនី​។​

​ពពក​ធូលី​ក្រហម​ដ៏​ក្រាស់​បាន​គ្របដណ្តប់​លើ​ទីក្រុង​ជាច្រើន​នៅ​រដ្ឋ​ញូ​វ សោត វេ​លស៍ ដែល​មាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ​នៅ​ប្រទេស​នេះ ។​ ពពក​ធូលី​បែប​នេះ​បាន​បន្ថែម​លើ​អាកាសធាតុ​ដែល​អាក្រក់​ស្រាប់​នៅ​ប្រទេស​នេះ ចាប់តាំងពី​ភ្លើង​ឆេះ​ព្រៃ​រាប់រយ​កន្លែងបាន​កើត​ឡើង​កាលពី​ខែ​កញ្ញា​។​

​ព្យុះ​ដែល​បោកបក់​លើ​រដ្ឋ​ញូ​វ សោត វេ​លស៍​និង​រដ្ឋ វិធឺ​រៀ​ដែល​ជារ​ដ្ឋ​ជិតខាង​នេះ បាន​បង្ក​បញ្ហា​បន្ថែម​ឡើង​វិញ​បន្ទាប់​អាកាសធាតុ​មាន​ភាពប្រសើរ​បន្តិច​​កាលពី​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ ហើយ​នៅពេលនេះ សីតុណ្ហភាព​ខ្ពស់​និង​ខ្យល់​បក់​បាន​បណ្តាលឱ្យ​ឆេះ​ព្រៃ​ខ្លាំង​ឡើង​នៅ​ទូទាំង​តំបន់​ដ៏​ធំ​មួយ ក្រោយ​ពី​ភ្លើងព្រៃ​​បាន​សម្លាប់​មនុស្ស​២៩​នាក់​និង​សត្វព្រៃ​ប្រមាណ​ជាមួយ​ពាន់​លាន​ក្បាល​។​

​នៅ​ទីក្រុង​កង់​បេរ៉ា ភ្លៀង​លាយ​ព្រិល​គ្រាប់​ធំៗ​ទំហំ​ប៉ុន​កូន​បាល់​តូចៗ​បាន​ធ្លាក់​បំផ្លាញ​កញ្ចក់​រថយន្ត​រាប់ពាន់​និង​បណ្តាល​ឱ្យ​បែកបាក់​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​​កាលពី​ថ្ងៃ​ចន្ទ​។ ក្នុងពេល​ជាមួយគ្នា ក្រុម​អាជ្ញាធរ បាន​ជំរុញ​ប្រជាជន​ឱ្យ​ស្ថិត​នៅក្នុង​ផ្ទះ ​ខណៈពេល​ដែល​ផ្សែងភ្លើង​ឆេះ​ព្រៃ​បាន​ធ្វើ​បរិយាកាស​ខ្យល់​មាន​ជាតិពុល​​ច្រើន​បំផុត​នៅលើ​ពិភពលោក​។​

​មាន​សេចក្តីរាយការណ៍​ថា បន្ទាប់​ពី​ព្រិល​គ្រាប់​ប៉ុនៗ​កដៃ​វាយប្រហារ​ទីក្រុង មែ​ល​ប៊ឹន កង់​បេរ៉ា​និង​ស៊ីដនី កាលពី​ថ្ងៃ​អាទិត្យ​និង​ចន្ទ​មក ​មាន​ការ​ដាក់​ពាក្យសុំ​សំ​​ណង​ធានារ៉ាប់រង​ដល់​ទៅ​២៩.០០០​ករណី​ចំពោះ​ការ​ខូចខាត​រថយន្ត​និង​ផ្ទះសម្បែង​។​

​យោង​តាម​បណ្តឹងទាមទារ​ចំនួន​២៩.០០០ ព្យុះ​ព្រិល​នេះ​បណ្តាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រមាណ​៣២០​លាន​ដុល្លារ​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​/Ha

ដែករថយន្តកំពិត ដំបូលធ្លុះ ចុះមនុស្សបើត្រូវយ៉ាងម៉េចដែរ?

ព្រិល​គ្រាប់​ធំៗ​ទំហំ​ប៉ុន​កូន​បាល់​តូចៗ នៅ​នៅ​ទីក្រុង​កង់​បេរ៉ា និង​ព្យុះ​ធូលី​ដី​នៅ​រដ្ឋ​ញូ​វ សោត វេស​លស៍​