បន្ទាប់ពី​រង​នូវ​ភ្លៀង​ធ្លាក់​ជោគជាំ​ច្រើន​ថ្ងៃ មណ្ឌលគិរី​ពុំទាន់​មាន​ជំនន់​ទឹកភ្លៀង​នៅឡើយ​

167
ចែករម្លែក

ដោយ:​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​អស់​ជាច្រើន​ថ្ងៃ នៅក្នុង​ខេត្តមណ្ឌលគិរី គ្មាន​សេចក្តីរាយការណ៍​ណា​អំពី​គ្រោះទឹកជំនន់​នៅឡើយ​ទេ គ្រា​ដែល បណ្ដា​ខេត្ត​ជាច្រើន បាន​ជន់​លិច ហើយ​ទឹកទន្លេ​មេគង្គ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ក៏ត្រូវ​បាន​ក្រសួង ធនធានទឹក និង​ឧតុនិយម ប្រកាសថា និង​ដល់​កម្រិត​ប្រកាសអាសន្ន​នោះ​។​

​បើទោះបីជា គ្មាន​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​មួយ​នេះ ប៉ុន្តែ គេ​សង្កេតឃើញ អាជ្ញាធរ​ខេត្ត រួមទាំង​មន្ទីរ​ពាក់ព័ន្ធ កំពុងតែត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​បង្ការ និង​ចុះជួយ​បន្ទាន់ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តំបន់​នេះ​រងគ្រោះ នោះ​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកញ្ញា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡើង​សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្នុងកំឡុងពេល​ដែល​ខេត្តមណ្ឌលគិរី​កំពុង​ទទួលរង​នូវ​ទឹកភ្លៀង​អស់​ជាច្រើន​ថ្ងៃនេះ តាម​បណ្ដា​ស្រុក​នានា ទូទាំង​ខេត្ត ពុំទាន់​មាន​សេចក្តីរាយ​ការណ៍​អំពី​គ្រោះទឹកជំនន់​នៅឡើយ​។ តែ​ទោះជា​យ៉ាងណា ក្នុងនាម​ស្នងការដ្ឋាន បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​ចុះជួយ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និងបាន​តាម​ដាន ផងដែរ​នា​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម ពិសេស​គឺ​នៅតាម​តំបន់ ប៉ុស្តិ៍៣ ប៉ុស្តិ៍៤ ​និង​ប៉ុស្តិ៍​៥ ដែល​កន្លងមក​ធ្លាប់​ត្រូវបាន​ជំនន់​ទឹកភ្លៀង​លេប​ត្របាក់​នោះ​។​

​លោក​យន់​សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី​ក៏បាន​ថ្លែងថា ក្រុមការងារ​របស់លោក កំពុង​តាមដាន​នៃ​ករណី​អាច​និង​ជន់​លេច​ដោយ​ទឹកភ្លៀង​នេះ​ផងដែរ​។​

​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី លោក អាន សុ​ឃីម បាន​បញ្ជាក់​ថា សាខា ក៏បាន​ត្រៀម​រួចជាស្រេច នៅ​ស្បៀងអាហារ ថ្នាំសង្កូវ និង​ឧបករណ៍​ផ្សេងៗ​ទៀត ដើម្បី​ចុះជួយ​ពលរដ្ឋ​ងាយ​រងគ្រោះ ប្រសិនបើ ជំនន់​ទឹកភ្លៀង នឹងធ្វើ​ការ​ជន់​លិច តំបន់​ងាយ​រងគ្រោះ​ក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល​។​

​សូមជម្រាបថា កាលពីដើម​ខែសីហា​កន្ល​ង​ទៅ តំបន់​ងាយ​រងគ្រោះ​មួយចំនួន នៅក្នុង​ស្រុក​កែវ​សីមា ស្រុក​កោះ​ញែក រួមទាំង​ស្រុក​ពេ​ជ្រា​ដា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៩០៥​គ្រួសារ បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ផ្លូវលំស្ពាន សាលារៀន​មួយចំនួនទៀត ក៏បាន​រង​ផលប៉ះពាល់ ដោយសារតែ​ជំនន់​ទឹកភ្លៀង​នោះ​ផងដែរ​៕​B/