បន្ទាប់ពី​រាប់​សន្លឹកឆ្នោត​! បណ្តឹង​រាប់រយ​របស់ LDP ប្តឹងតវ៉ា​រឿង​គូសសញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​

2659
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានដាក់​ពាក្យបណ្តឹង​ប្តឹងតវ៉ា​ជាច្រើន​បណ្តឹង នៅតាម​បណ្តា​ខេត្ត​មួយចំនួន ទាក់ទង​ការ​គូ​សញ្ញា​គាំទ្រ​នៅលើ​សន្លឹកឆ្នោត​។ បណ្តឹងតវ៉ា​នេះ បានកើត​ឡើង គឺ​បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

ការរាប់សន្លឹកឆ្នោត កាលពីថ្ងៃទី២៩កក្កដា២០១៨ នៅការិយាល័យវិទ្យាល័យបឹងត្របែក (រូប: គន្ធា)

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៣០ ខែកក្កដា នេះ ថា រហូតមកដល់​ពេលនេះ មាន​បណ្តឹង​រាប់រយ​បណ្តឹង​ប្តឹង​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ទាក់ទង​នឹង​ការ​គូសសញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា “​បណ្តឹង​ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាននៅ​ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត​ត​កណ្តាល និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត ហើយ​បណ្តឹង​ទាំងនោះ គឺ​ដូចគ្នា​ទាំងអស់ ស្តីពី​ការ​គូសសញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​”​។​

លោក ខឹម វាសនា ប្រមុខ​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩កក្កដាកន្លងទៅ (រូប: មុនីរ័ត្ន)

​គួររម្លឹកថា លោក ខឹម វាសនា ប្រមុខ​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ធ្លាប់បាន​ប្រកាសថា “​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទាមទារ​សុំ​ឲ្យ គ​.​ជ​.​ប យក​សញ្ញា​ធី​ក ឬ​ប្រហាក់ប្រហែល​នៅក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច​។ ការទាមទារ​នេះ គឺ​សំខាន់​ណាស់ យើង​ទាមទារ​យក​សន្លឹកឆ្នោត​បានការ គឺមាន​សញ្ញា​ធី​ក​នៅក្នុង​ប្រអប់​បួន​ជ្រុង​”​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕​