បន្ទាប់ពី​វះកាត់ ជំទាវ​ទី​១​អាមេរិក មេ​ឡា​នៀ ត្រាំ ថា លោកស្រី “​មាន​អារម្មណ៍ល្អ​” ប៉ុន្តែ​មន្ទិលសង្ស័យ​នៅតែមាន​

1119
ចែករម្លែក

​បន្ទាប់ពី​ការវះកាត់ និង បាត់​វត្តមាន​ជា​សាធារណៈ​៣​សប្តាហ៍ ជំទាវ​ទី​១ មេ​ឡា​នៀ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​៣០​ឧសភា​បាន​ស្វះស្វែង​លុបបំបាត់​មន្ទិលសង្ស័យ​អំពី​សុខភាព​របស់ខ្លួន ដោយ​និយាយថា លោកស្រី “​មាន​អារម្មណ៍ល្អ​”​។ ការបង្ហាញ​វត្តមាន​ជា​សាធារណៈ​ចុងក្រោយ​របស់លោក​ស្រី មេ​ឡា​នៀ ត្រាំ គឺ​នៅ​ថ្ងៃទី ១០ ឧសភា នៅពេលដែល​លោកស្រី​បាន​អមដំណើរ​ប្រធានាធិបតី​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​អ៊ែន​ឌ្រូ ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន ដើម្បី​ស្វាគមន៍​ចំណាប់ខ្មាំង​អាមេរិក ៣ នាក់​មកពី​កូរ៉េខាងជើង​។​

​លោកស្រី​បានធ្វើ​ការវះកាត់​នៅឯ​មន្ទីរពេទ្យ Walter Reed កាលពី​ថ្ងៃទី ១៤ ឧសភា សម្រាប់​អ្វីដែល​ជំនួយការ​របស់លោក​ស្រី​ហៅថា ជំងឺ​ក្រលៀន​កម្រិត​ស្រាល និង ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី ១៩ ឧសភា​។​

​លោកស្រី មេ​ឡា​នៀ ត្រាំ អាយុ ៤៨ ឆ្នាំ​បាន​និយាយ​អំពី​មន្ទិលសង្ស័យ​អំពី​សុខភាព​និង​ទីកន្លែង​លាក់ខ្លួន​របស់លោក​ស្រី​កាលពី​ថ្ងៃ​ពុធ តាមរយៈ​ធ្វី​ត​ធឺ ថា “​ខ្ញុំ​ឃើញ ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុងធ្វើការ​លើស​ម៉ោង ដោយ​ចោទ​ជា​មន្ទិល​អំពី​ទីកន្លែង​ដែល​ខ្ញុំ​កំពុង​នៅ និង​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​”​។​

​លោកស្រី​និយាយថា “​សូមបញ្ជាក់ថា ខ្ញុំ​នៅទីនេះ​នៅ​សេត​វិមាន​ជាមួយ​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍ល្អ ហើយ​ប្រឹងប្រែង​ធ្វើការ​តាងនាម​ឱ្យ​កុមារ​និង​ប្រជាជន​អាមេរិក​!”​។​

​យោងតាម​អ្នកនាំពាក្យ​ឈ្មោះ ស្តេ​ហ្វា​នី គ្រី​សាម​បានឱ្យដឹងថា នៅឯ​មន្ទីរពេទ្យ Walter Reed អតីត​តារា​បង្ហាញ​ម៉ូត​កើត​នៅ​ស្លូ​វេ​នី​រូបនេះ​បានទទួល​ការ​កាត់​បញ្ហា​ជំងឺ​ក្រលៀន “​កម្រិត​ស្រាល​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី មេ​ឡា​នៀ ត្រាំ