បន្ទាប់ពី​សន្លប់​ដោយសារ​អ្នក​ប្រដាល់​បារាំង វ៉ែន សុវណ្ណ ឡើង​ប្រកួត​ជាមួយ​ជប៉ុន​វិញ​ម្ដង​

951
ចែករម្លែក
​វ៉ែន សុវណ្ណ និង តា កា​យ៉ា​

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់​ជើងចាស់ វ៉ែន សុវណ្ណ ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន តា កា​យ៉ា (Ta Kaya) លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។​

​សុវណ្ណ ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​កណ្ដាប់ដៃ​ល្អ​វ៉ៃ​ចេញ​ធ្ងន់ តែ​គេ​មាន​វ័យ​ច្រើន​ហើយ​។ អ្នក​ប្រដាល់​រូបនេះ អតីតកាល​របស់គេ​អស្ចារ្យ​ណាស់ តែ​បន្ទាប់ពី​គេ​មាន​វ័យ​ច្រើន និង​មិនសូវ​មានឱកាស​បាន​ឡើង​សង្វៀន​ប្រកួត​នោះ កម្លាំង និង​បច្ចេកទេស​របស់គេ​ធ្លាក់ចុះ​តែម្ដង​។ សុវណ្ណ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩១​ដង ឈ្នះ​៦៨​ដង ចាញ់ ២០​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ជប៉ុន តា កា​យ៉ា នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​។ មិនមាន​នរណាម្នាក់​ដឹងថា អ្នក​ប្រដាល់​ជប៉ុន​រូបនេះ មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ​។ គេ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៣​ដង ឈ្នះ​៣៤​ដង និង​ចាញ់​៩​ដង​។​

​ជំនួប​មួយ​នេះ ទំនងជា វ៉ែន សុវណ្ណ មានឱកាស​ឈ្នះ​ច្រើនជាង​ហើយ​មើលទៅ​។ តែបើ​តាម​លោក Than Vallek ដែលជា​គ្រូបង្វឹក​របស់​ថៃ​នោះ​ថា អ្នក​ប្រដាល់​ជប៉ុន​នេះ គេ​ទើបតែ​ហ្វឹកហាត់​ប៉ុណ្ណោះ​។ គេ​ហាត់​រយៈពេល​ខ្លី​មែន តែមាន​ការរីកចម្រើន​គ្រាន់បើ​។ សុវណ្ណ​មិនទាន់​ប្រាកដថា នឹង​ឈ្នះ​អ្នក​ប្រដាល់​ជប៉ុន​រូបនេះ​ឡើយ​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ហ៊ឹម គឹម​រៀង ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អេ ហ​នុ មាន​របស់​ក្លិប​អេ​ភូ​ថង​កីឡា និង​ជា​កូនប្រុស​របស់លោក​អេ​ភូ​ថង ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។​

​ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ដូចគ្នា ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​? សម្រាប់​គូ​នេះ នរណា​ក៏​ជឿថា​នឹង​ប្រកួត​គ្នា​៥​ទឹក​ដែរ​។​

​ធន អៀង​លៃ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អាន ទាវ ក្លិប​យុវ​វាល​ស្បុ​វ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​។ នឹម នន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ផាត សុ​ដា ក្លិប​អេ​ភូ​ថង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ អ្នក​ប្រដាល់ អេង គឹម​សាន ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ហង្ស រដ្ឋា ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​៕