បន្ទាប់ពី​ស្នើសុំ​កាយ​បង្ហូរទឹក​រយៈពេល​បី​ថ្ងៃ​មិនបាន ពលរដ្ឋ​ឡើងក​ម្ដៅ​បិទផ្លូវ​ជាតិ​លេខ​៨

516

(ព្រៃវែង) ៖​ ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​បាន​ប្រតិកម្ម​នាំគ្នា​មក​បិត​ផ្លូវជាតិ​លេខ​៨​ត្រង់ចំណុច​ស្ពាន​ក្រចាប​ជាប់​ព្រំប្រទល់​ស្រុក​ពារាំង​និង​ស្រុក​ស្វាយ​អ​ន្ទ​រ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៧​នេះ​។​

ការបិតផ្លូវ​ជាតិ​លេខ​៨​នេះ បន្ទាប់​ក្រុម​ពលរដ្ឋ​ចំនួន​៣​ឃុំ បាន​ផ្ទុះ​ការតវ៉ា​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាយ​ផ្ដាច់​ទំនប់​អូ​ក្រចាប​ជាបន្ទាន់ ប៉ុន្តែ​ការតវ៉ា​នេះ រយៈពេល​បី​ថ្ងៃ​ហើយ​មិនបាន​លទ្ធផល​ធ្វើ​ឲ្យ​ស្រូវ​ប្រមាណ​ជាង ៣០០០​ហិកតា កំពុង​លិចលង់​រលួយ ទើប​ពួកគាត់​សម្រេចចិត្ត​នាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៨​តែម្ដង​។​

​ក្រោយពី​មានប្រតិកម្ម​រយៈពេល​៣​ថ្ងៃ​មកនេះ គេ​សង្កេតឃើញ​ពលរដ្ឋ​នៅ​ភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ រួម​និង​ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង ឃុំ​ចុង​អំពិល​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​ឡើងក​ម្ដៅ​ខឹង​មកលើ​អាជ្ញាធរ និង​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​មិនបាន​កាយ​បង្ហូរទឹក​តាម​សំណើ​ពួកគាត់​។

​គួររម្លឹកថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ពលរដ្ឋ​បាន​លើកគ្នា​ប្រហែល​ជាង​៥០​នាក់ មក​កាប់​ផ្ដាច់​ទំនប់​អូរ​ក្រចាប​ដែលមាន​កំពស់​ខ្ពស់ ហើយ​ធំ​ផង​នោះ គឺ​ទាល់តែ​ហូរ​ទឹក ដែល​ស្ថិតនៅ​ភូមិ​ក្រចាប​ទី​៣​ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង តាំងពីព្រឹក​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​។ ​ដើម្បី​បង្ហូរទឹក​ដោយ​ខ្លួនឯង ព្រោះស្រូវ​ពួកគាត់​ចាប់​រលួយ​បណ្ដើរៗ​ហើយ ច្រូតកាត់​មិនកើត​។

​ក្រុម​ពលរដ្ឋ​ដែល​មក​កាយ​ទំនប់ បាន​លើកឡើងថា ស្រូវ​ដែល​ទំ​ពេញ​ស្រែ​ក៏​ច្រូត​មិនកើត​រីឯ​ស្រូវ​ខ្ចី​ទឹម​ចាប់ផ្ដើម​លូតលាស់​កំពុង​រលួយ ចុះ​ហេតុ​អី​ខាង​ធនធានទឹក មិន​កាយ​បង្ហូរទឹក​ឲ្យ​ចំ​គោលដៅ​សិន​ទៅ ដើម្បី​ឲ្យ​ពួកគាត់​បាន​ប្រមូល​ផល​?

​ឯ​លោក ឈួន សឿន អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​គ្រួស ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​លើកឡើងថា សកម្មភាព​របស់​មន្ត្រី​ធនធានទឹក គឺ​កំពុង​បំផ្លាញ​ពួកគាត់ ហើយ​លោក​បន្តថា ទឹក​ទុក​សម្រាប់ធ្វើ​ស្រូវ​តែបើ​ទឹក​កំពុង​ជុន​លិច​បំផ្លាញ​ស្រូវ​ហើយ ហេតុ​អី​បាន​មិន​កាយ​រំដោះ​ស្រូវ​សិន​។ ចុះបើ​មន្ត្រី​ធនធានទឹក ឬ​លោក​អភិបាលស្រុក​ជា​ម្ចាស់​ស្រូវ​វិញ តើ​អារម្មណ៍​គាត់​យ៉ាងណា​? ប្រភព​ដដែល​បន្តថា​កំពស់​ទឹក​កាន់តែ​ឡើង​ខ្ពស់​ទៅៗ ក្នុង​១​ម៉ោង​ឡើង​កំពស់​១​សង់ទីម៉ែត្រ គឺ​លិច​រលួយ​ស្រូវ​ពួកគាត់​អស់ហើយ តើ​ឲ្យ​គាត់​សង្ឃឹម​អី​ទៀត​។

​អ្នកស្រី យាង អឺ​ន មាន​ទីលំនៅ​ភូមិ​ក្រចាប​ទី​៣ បាន​លើកឡើងថា ទង្វើ​របស់​មន្ត្រី​ធនធានទឹក​ដែល​ទៅ​កាយ​ទំនប់​បង្ហូរទឹក​កន្លែង​រាក់​នោះ ដូច​បំផ្លាញ​ស្រូវ​គាត់​អីចឹង ខណៈ​ពួកគាត់​បាន​សុំ​ឲ្យ​កាយ​កន្លែង​បាត​អូរ​នេះ វា​ជ្រៅ ដើម្បី​ឲ្យ​ទឹក​ហូរ​លឿន​អាង​នឹង​ស្រក​រួច​ធ្វើការ​ច្រូតកាត់​ស្រូវ​បាន​។ ប៉ុន្តែ​ខាង​ធនធានទឹក​គេ​មិន​អើពើ ឬ​ស្ដាប់​ពួកគាត់​ឡើយ ដោយ​កាយ​នៅ​ទីនោះ រួច​ក៏​យក​គ្រឿងចក្រ​មក​ទុកចោល​លើ​ទំនប់​។ ធ្វើ​ឲ្យ​កសិករ​នាំគ្នា​យក​ចប​មក​កាយ​ដោយ​ខ្លួនឯង កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ម្សិលមិញ​នេះ រហូតដល់​ល្ងាច​។ លុះដល់​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៧​នេះ ពួកគាត់​បាននាំគ្នា​រាប់រយ​នាក់ ដោយ​យក​កាឡេ​ថង​គោយន្ត​ម៉ូតូ យកមក​បិតផ្លូវ​ជាតិ​លេខ​៨ ត្រង់ចំណុច​ខាងលើ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​រក​ដំណោះស្រាយ ដោយ​កាយ​ទំនប់​បង្ហូរទឹក​នោះ​ជាបន្ទាន់​។​

​តែ​យ៉ាងណា​មន្ត្រី​ធនធានទឹក​ដែល​ប្រចាំការ​នៅ​ទីនោះ បាន​ឲ្យ​ដឹង​កាលពីពេល​កន្លងមក​ថា លោក​មិន​ហ៊ាន​បញ្ជា​គ្រឿងចក្រ​ឲ្យ​កាយ​តាម​សំណើ​ពលរដ្ឋ​ទេ ព្រោះ​មិនមាន​បញ្ជា​ពី​ថ្នាក់លើ ហើយ​លោក​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដែរ​។
​លោក សៅ ផៃ មេឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​របាប​ឲ្យ​ដឹងថា គិត​មក​ត្រឹម​ថ្ងៃត្រង់​ទី​២៨​នេះ ពលរដ្ឋ​បាន​រំសាយ​គ្នា​ពីលើ​ផ្លូវជាតិ​ហើយ ព្រោះ​មានការ​សម្រួល​ពី​អ​ភិល​ស្រុក​ទាំងពីរ​។

​លោក​បន្តថា គ្រឿងចក្រ​ចាប់ដំណើរកា​រ​កាយ​តាម​សំណើ​ពលរដ្ឋ ហើយ​ជា​គ្រឿងចក្រ​ឯកជន​ដែល​ពលរដ្ឋ​ទាំងបី​ឃុំ​ខាងលើ រៃ​លុយ​គ្នា​ជួល​មកហើយ​អាជ្ញាធរ ក៏​អនុញ្ញាត​ឲ្យ​កាយ​ដែរ​។ លោក​បញ្ជាក់ថា ខាង​មន្ត្រី​ធនធានទឹក​គេ​មិន​កាយ​ឲ្យ​ទេ បើ​ពលរដ្ឋ​កាយ​ម៉េច​បាន​ខ្លួនឯង​ក៏​កាយ​ទៅ ព្រោះ​មិនមាន​បញ្ជា​ពី​ថ្នាក់​ក្រសួង​។

លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង ដែល​កំពុង​ចុះ​សម្រួល​ជាមួយ​មន្ត្រី​ជំនាញ និង​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក​បាន​សម្រួល​ឲ្យ​ពលរដ្ឋ​ចេញពី​លើផ្លូវ​ជាតិ​លេខ​៨​ហើយ និង​បាន​ឲ្យ​គ្រឿងចក្រ កាយ​បង្ហូរទឹក​នៅ​ចំណុច​នោះ​ផងដែរ យ៉ាងយូ​ពីរ​ថ្ងៃ​ទៀត ស្រក​ទឹក​អស់ហើយ​៕​ ដោយ ៖ចាន់ ថន​