បន្ទាប់ពី​អភិបាលខណ្ឌ​ឫស្សីកែវ​ចាត់​កម្លាំង​ប្រជា​ការពារ​ចុះ​រៀបចំ និង​រំដោះ​ចិញ្ចើមផ្លូវ​ផ្សារ​ច្រាំង​ចំរេះ​មាន​សណ្ដាប់ធ្នាប់​ឡើងវិញ​ហើយ​

364
ចែករម្លែក

ដោយ:សាវ​រក្ស/​ភ្នំពេញ ​៖ លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ដាក់បទបញ្ជា​ឲ្យ​កម្លាំង​ប្រជា​ការពារ​ចុះ​រៀបចំ និង​រំដោះ​ចិញ្ចើមផ្លូវ​ក្នុង​ផ្សារ​ច្រាំង​ចំរេះ​សណ្ដាប់ធ្នាប់ មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិខ​១ និង​ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។​

​ផ្សារ​ច្រាំង​ចំរេះ​គេ​តែងតែ​សង្កេតឃើញ ក្រុមអាជីវករ​លក់ដូ​រ​គ្រប់​ប្រភេទ បាន​យក​ចំណី​ចិញ្ចើមផ្លូវ​មកប្រើប្រាស់​ដាក់តាំង​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ បណ្ដាល​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​ការកកស្ទះ ចរាចរ​ជា​ញឹកញាប់ ពេលនេះ​ឃើញថា​មាន​ភាពល្អ ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​មាន​កិច្ចសហការ​ល្អ​ពី​អ្នកពាក់ព័ន្ធ ក្នុងពេល​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​-​សង្កាត់ ចុះ​រៀបចំ​ឲ្យ​មាន​របៀបរៀបរយ។​

​លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ខណ្ឌ​ថា ក្នុង​យុទ្ធនា​ការអនុវត្ត​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់ ឲ្យ​មាន​របៀប​រៀបរ​រយ ដើម្បី​រំដោះ​ចំណី​ចិញ្ចើមផ្លូវ​សាធារណៈ​នេះ ក្រុមអាជីវករ​មួយចំនួន នៅតែ​រឹងទទឹង មិន​សហ​ការណ៍​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខណ្ឌ និង​សង្កាត់​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សម្រេច​បង្ខំចិត្ត អនុវត្ត​ច្បាប់​ជា​ធរមាន ក្នុងការ​ដកហូត​សម្ភារ​នានា​មក​រក្សាទុក ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឫ​បាត់បង់​ឡើយ​។​

​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បានបញ្ជាក់​ទៀតថា នៅក្នុង​យុទ្ធនា​ការរំដោះ​ចំណី​ចិញ្ចើមផ្លូវ​សាធារណៈ​នេះ ក្នុងនាម​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ គឺ​បាន​អនុវត្ត​ឡើងជា​ប្រចាំ ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ​អនុវត្ត​ប្រចាំ​សប្តាហ៍ ចំពោះ​ក្រុម អាជីវករ ដែល​ដាក់តាំង​លក់​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​ទាំងអស់ ត្រូវ​ថយ​ឲ្យ​បាន​ផុត ១​ភាគ​៣ ពី​ចិញ្ចើមផ្លូវ និង​អាជីវករ​ដែល​តាំង​លក់​តាម​ចិញ្ចើមផ្លូវ​ទល់មុខ​ផ្សារ​ត្រូវ​ថយ​ឲ្យ​ផុតពី​ចិញ្ចើមផ្លូវ​រហូតដល់​ខ្នង​លូ ហាម​ដាច់ខាត​មិនត្រូវ​យក​ចិញ្ចើម ចំណីផ្លូវ​សាធារណៈ​មកប្រើប្រាស់​ប្រកប​របរ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទាំង​បំពាន​ឡើយ បើ​ក្នុងករណី​នៅតែ​មិន​គោរព​ច្បាប់ ច្បាស់​ណាស់​នឹងមាន​វិធានការ​ក្ដៅ តាម​បែបបទ​រដ្ឋបាល ដើម្បី​ចាប់ដក​ហូត​សម្ភារ​ទាំងឡាយ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​ឡើយ​៕​B/