បន្ទាប់ពី ៦ ខែ​ដ៏​ចលាចល តើ​ត្រាំ​អាច​សង្គ្រោះ​តំណែង​ប្រធានាធិបតី​បាន​ឬទេ​?

1367
ចែករម្លែក

​ប្រាំ​មួយខែ​ដំបូង​របស់លោក​ដូ​ណា​ល់ ត្រាំ ក្នុង​សេត​វិមាន បាន​ជួប​រឿងអាស្រូវ ភាពចលាចល និង​កំហឹង​ជាច្រើន ដែល​អាច​នាំមក​នូវ​ទីបញ្ចប់​សម្រាប់​រដ្ឋបាល​ទាំងមូល​របស់លោក ។​

​គ្រប់​ប្រធានាធិបតី​អាមេរិក​ទាំងអស់​សុទ្ធតែ​ប្រឈម​វិបត្តិ ពេល​ចូលមក​សេត​វិមាន​តាំងពី​ដើមទី​។

​លោក​អា​ប្រា​ហាម លីន​ខូ​ន ជួប​ការលំបាក​ឆ្លងកាត់​សង្គ្រាមស៊ីវិល​។ លោក​ប៊ី​ល​គ្លី​ន​តុ​ន រង​ការ​អាម៉ាស​ពី​ការស៊ើបអង្កេត​រឿងអាស្រូវ​ដ៏​ជា​ហូរហែ​។ លោក​បា​រ៉ា​ក់​អូ​បា​ម៉ា កាន់តំណែង ៥ ខែ​ដំបូង គឺ​ត្រូវ​ប្រឈម​នឹង​វិបត្តិ​កំពប់​ប្រេង​ក្នុង​សមុទ្រ និង ចំណាយពេល​យូរ​ដើម្បី​កែតម្រូវ​សេដ្ឋកិច្ច​ឱ្យ​ប្រសើរ​ឡើងវិញ​។

​ប៉ុន្តែ​ប្រធានាធិបតី​តិចតួច​ណាស់ បាន​បង្កឱ្យមាន​កំហឹង ឬ ប្រឈម​នឹង​វិបត្តិ​ច្រើន​ប្រការ ដូច​ដូ​ណា​ល់ ត្រាំ ប្រឈម​ក្នុង ៦ ខែ​ដំបូង​នេះ​។

​លោក ជូ​លៀន ហ្សេ​លី​ហ្ស័​រ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ព្រី​ន​ស្តុ​ន និយាយថា “​ការដែល​កើតរឿង​អាស្រូវ​តាំងពី​ថ្ងៃទី​មួយ​មក គឺ​មិនល្អ​ទេ​។ គ្មាន​នីតិកាល​ណាមួយ ដែលថា​ល្អឥតខ្ចោះ​ឡើយ ។ ការដែល​ទទួលបាន​អត្រា​គាំទ្រ​ទាប​ដល់​ថ្នាក់​នេះ និង លទ្ធភាព​សមាជិក​បក្ស​សាធារណរដ្ឋ​ចុះចូល​បក្ស​ផ្សេង គឺជា​រឿង​ដែល​អ្នក​មិនដែល​រំពឹងទុក​នោះឡើយ​”​។

​លោក​ត្រាំ​បាន​ចូលធ្វើការ​នៅ​សេត​វិមាន​នៅ​ថ្ងៃទី ២០ មករា ដោយ​ប្រកាសថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ខូច​ខ្ទេច​ហើយ ហើយ​ថា​មានតែ​អ្នកជំនួញ​ពិឃាដ​ដូច​រូបលោក​ទេ ដែល​អាច​ជួសជុល​វា​បាន​។ ការសន្យា​នេះ​មើលទៅ​ហាក់​គ្មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​ឡើងៗ​។

​សេត​វិមាន​នៅតែ​បន្ត​ខ្វះ​បុគ្គលិក ខ្វះ​អ្នកជំនាញ និង ពិបាក​ទាក់ទាញ​អ្នកមាន​ទេពកោសល្យ​ថ្មីថ្មោង​។ បុគ្គលិក​ដែលមាន​ស្រាប់​នៅ​ទី​នោះបាន​ទទួលស្គាល់ថា អស់កម្លាំង​ធ្វើការ និង បាក់​ស្មារតី​ធ្វើការ​អស់ហើយ​។​

​របៀបវារៈ​នយោបាយរ​បស់​លោក​ត្រាំ​ត្រូវបាន​ខូច​ទាំងស្រុង​។ ជញ្ជាំង​ព្រំដែន​មិនទាន់​សាងសង់​នៅឡើយ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អាមេរិក​ខាងជើង (NAFTA) នៅ​មិនទាន់​ហែក​ចោល កិច្ចព្រមព្រៀង​អ៊ីរ៉ង់​នៅតែ​ស្ថិត​នៅនឹងកន្លែង​ដដែល និង​ច្បាប់​សុខភាព​របស់​អូ​បា​ម៉ា (Obamacare) នៅតែ​ជា​ច្បាប់​របស់​ប្រទេស​នៅឡើយ​។

​សូម្បីតែ​បក្ស​សាធារណរដ្ឋ​ត្រួតត្រា​ទាំង​សភា និង ព្រឹទ្ធសភា ក៏​វេ​ប​សាយ Drudge Report នៅតែ​ប្រកាសថា នេះ​ជា “​សភា​គ្មាន​ផលិតភាព​បំផុត​” ក្នុង​រយៈពេល ១៦៤ ឆ្នាំ​មកនេះ​។

​ផ្ទុយ​មកវិញ លោក​ត្រាំ​បាន​បន្ត​នៅត្រង់​កន្លែង​ដែល​បន្សល់​ពី​យុទ្ធនាការ​បោះឆ្នោត​ដដែល ដោយ​ជ្រើសរើស​ឈ្លោះ​គ្នា​ជាមួយ​សារព័ត៌មាន ចៅក្រម បក្ស​ខ្លួនឯង បក្ស​ប្រជាធិបតេយ្យ និង​នាយក FBI លោក ជែ​ម​ស៍ ខូ​មេ ដែល​ត្រាំ​បណ្តេញ​ផ្ទាល់ដៃ​។

​រហូតមកទល់​ឥឡូវ ភស្តុតាង​ជាច្រើន​បាន​ពន្យល់​កាន់តែ​លម្អិត​អំពី​ការចោទប្រកាន់ថា គ្រួសារ​ត្រាំ និង ជំនួយការ​គាត់ បាន​ស្វះ​ស្វែងរក​ការជួយ​ពី​រុស្ស៊ី​ដើម្បី​ផ្តួល​លោកស្រី គ្លី​ន​តុ​ន​ក្នុងការ​បោះឆ្នោត​។

​ក៏មាន​ចំណុច​ល្អ​បំពេញបាន​ដោយ​ត្រាំ​ផងដែរ​។ ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​ម៉ូ​ស៊ុ​ល និង រ៉ា​ក់​កា ជិត​ដួលរលំ​ទាំងស្រុង​ហើយ​។ ត្រាំ​បាន​បំពេញ​ការសន្យា​របស់ខ្លួន​ដើម្បី​លុបចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក និង បានតែងតាំង​ចៅក្រម​អភិរក្សនិយម លោក នី​ល ហ្គ័​រសាច់ ឱ្យ​កាន់តំណែង​តុលាការ​កំពូល បានសម្រេច​។

​ប៉ុន្តែ​ជ័យជម្នះ​របស់​ត្រាំ​គឺមាន​តិចតួច​បំផុត​។ លោក ហ្សេ​លី​ហ្ស័​រ និយាយថា “​ខ្ញុំ​មិន​មើលឃើញថា ៦ ខែ​នេះ ជា​ជោគជ័យ​នោះឡើយ ហើយ​ខ្ញុំ​ពិត​ពិបាក​នឹង​ទាញ​ទឡ្ហីករណ៍​ថា​ជា​អ្វី​ឱ្យ​ប្រាកដ​នោះឡើយ​”​។​

​ប្រសិនបើ​គ្មានអ្វី​ផ្លាស់ប្តូរ​ទេនោះ អត្រា​គាំទ្រ​លោក​ត្រាំ ដែល​ធ្លាក់​ចុះក្រោម ៤០ ភាគរយ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ អាច​នឹង​បាត់បង់ ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ក្នុង​ឆ្នាំ ២០១៨ ៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​ដេលី​មែ​ល​

លោក​ដូ​ណា​ល់ ត្រាំ

 

#