បន្ទាប់​ពី​ចិន​រារាំង​នាវា​បារាំង ឥឡូវ​អាម៉េរិក​បញ្ជូន​នាវាចម្បាំង​ទៅកាន់​ច្រកសមុទ្រ​តៃវ៉ាន់​

529
ចែករម្លែក

​យោធា​អាម៉េរិក​បាន​និយាយថា ​ខ្លួន​បាន​បញ្ជា​នាវាចម្បាំង​២​គ្រឿង​នៃ​កងទ័ពជើងទឹក​របស់​ខ្លួន​ឲ្យ​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​មេសា ខណៈ​ក្រសួង​​ការពារជាតិ​អាម៉េរិក​បង្កើន​សកម្មភាព​នាវា​របស់​ខ្លួន​កាត់​ច្រក​សមុទ្រ​នេះ ទោះជា​ចិន​ប្រឆាំង​ជំទាស់​។​

​ដំណើរ​ឆ្លងកាត់​នេះ​មុខ​ជា​នឹង​បង្ក​ភាព​តានតឹង​ថែមទៀត​ជាមួយ​ចិន តែ​វា​ជា​សញ្ញា​គាំទ្រ​របស់​អាម៉េរិក​ចំពោះ​កោះ​ស្វ័យគ្រប់គ្រង​តៃវ៉ាន់ ខណៈ​មហា​ចិនដីគោក​កាន់តែ​ព្រមាន​​ប្រើ​កម្លាំង​លើ​កោះ​ផ្តាច់ខ្លួន​របស់​ខ្លួន​មួយ​នេះ​បើសិនជា​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ​កាន់តែ​ចាត់វិធានការ​ឆ្ពោះទៅកាន់​ឯ​រាជ្យ​ភាព​។​

​នាវា​ពិឃាត​២​គឺ William P. Lawrence និង​Stethem​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដើម្បី​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​​មួយ ,​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​កង​នា​វាទី​៧​អាម៉េរិក​។​

​អ្នកនាំពាក្យ​កង​នាវា​បានបញ្ជាក់​ថា មិន​មាន​អន្តរ​សកម្ម​មិន​អាជីព​និង​គ្មាន​សុវត្ថិភាព​ជាមួយ​នាវា​នៃ​ប្រទេស​ផ្សេង​ណា​បាន​កើតឡើង​ទេ​ក្នុងពេល​នាវា​អាម៉េរិក​បើក​ឆ្លងកាត់​។​

​តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ចិន​បាន​និយាយថា កងទ័ពជើងទឹក​របស់​ខ្លួន​បាន​ព្រមាន​ឲ្យ​នាវាចម្បាំង​បារាំង​មួយ​ចាកចេញ​ក្រោយពី​វា​បាន​បើក​ចូល​ក្នុង​ច្រក​សមុទ្រ​​តៃវ៉ាន់ និង​ចិន​បាន​ប្តឹង​តវ៉ា​ជា​ផ្លូវការ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន បាន​និយាយថា ​នាវា​បារាំង​បាន​ចូល​ក្នុង​ដែនទឹក​ចិន​ដោយ​ខុសច្បាប់​។​«​យោធា​ចិន​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​បណ្តេញ​នាវា​បារាំង​យោងតាម​​ច្បាប់​។​យោធា​ចិន​តែង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ប្រទេស​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​»​។​

​សូមបញ្ជាក់ថា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បញ្ជូន​យន្តហោះ​និង​នាវាចម្បាំង​ទៅជិតៗ​កោះ​តៃវ៉ាន់ ​រួម​ទាំង​ការបើក​និង​ហោះ​លើ​ច្រក​សមុទ្រ​តៃវ៉ាន់​ដើម្បី​ដាក់​សម្ពាធ​និង​​អះអាង​អធិបតេយ្យភាព​លើ​កោះ​សេរីនិយម​នេះ​។​ចំណែក​សហរដ្ឋអាម៉េរិក​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​ទេ​ តែ​ត្រូវ​ចង​ដោយ​ច្បាប់​ថា​នឹង​ជួយ​ការពា​រកោះ​មួយ​នេះ​​និង​ជា​ប្រភព​លក់​សព្វាវុធ​ដ៏​ធំ​របស់​ខ្លួន​។​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា​ អាម៉េរិក​បាន​លក់​ឲ្យ​តៃវ៉ាន់​នូវ​សព្វាវុធ​តម្លៃ​ជាង​១៥​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​៕​ដោយ​៖​វាសនា​/Ha