បន្ទាប់​ពី​ស្ថានទូត​របស់​ខ្លួន​រង​ការវាយប្រហារ អាម៉េរិក​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​មជ្ឈិម​បូព៌ា​

174
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​ធ្នូ​បាន​និយាយថា​ខ្លួន​នឹង​បញ្ជូន​ទាហាន​រាប់រយ​នាក់​បន្ថែម​ទៅកាន់​មជ្ឈិមបូព៌ា ក្រោយ​ពី​ហ្វូង​បាតុករ​គាំទ្រ​អ៊ីរ៉ង់​សំរុកចូល​​ស្ថានទូត​របស់​ខ្លួន​នៅ​ក្រុង​បា​ដា​ត ប្រទេស​អ៊ីរ៉ាក់​។​

​ដោយ​ខឹង​នឹង​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​អាម៉េរិក​សម្លាប់យុទ្ធ​ជននៃ​ក្រុម​ជីវពល​អ៊ីរ៉ាក់​ជាង​ម្ភៃ​នាក់​កាលពី​ថ្ងៃអាទិត្យ អ្នក​តវ៉ា​ប្រឆាំង​រាប់រយ​នាក់​បាន​​ទម្លុះ​ចំណុច​ឆែកឆេរ​នៅ​តំបន់​បៃតង​ដែល​មាន​សន្តិសុខ​ក្រាស់ក្រែល កាលពី​ថ្ងៃ​អង្គារ​និង​សំរុកចូល​បរិវេណ​ស្ថានទូត​អាម៉េរិក ហើយ​ស្រែក​ទាមទារ​អោយ​អាម៉េរិក​​ដកទ័ព​ចេញពី​អ៊ីរ៉ាក់ វាយបំផ្លាញ​និង​ដុត​របស់​របរ​ហើយ​សម្តែង​ការគាំទ្រ​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។​

​រំពេច​នោះ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​និយាយថា ការវាយប្រហារ​នេះ​ដឹកនាំ​ធ្វើ​ដោយ​ពួក​ភេរ​វករ ដែល​ម្នាក់​ឈ្មោះ អា​ប៊ូ ម៉ា​ឌី អាល់​-​មូហា​ន់​ឌី​ស​។​មូហា​ន់​ឌី​ស​​ត្រូវ​គេ​ស្គាល់​ថា​ជា​មេបញ្ជាការ​លំដាប់​ទី​២​ក្នុង​ក្រុម​ជីវ​ពល​Hashed al-Shaabi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ជា​ក្រុម​ដែល​រង​ការវាយប្រហារ​ពី​អាកាស​ដោយ​កងកម្លាំង​អា​​ម៉េ​រិក​កាលពីពីរ​ថ្ងៃមុន​នេះ​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បន្ទោស​អ៊ីរ៉ង់ ចំពោះ​ការវាយប្រហារ​ស្ថានទូត​នេះ និង​បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹង​ប្រឈម​ការដាក់ពិន័យ បើ​ពលរដ្ឋ​អាម៉េរិក​ណា​ម្នាក់​ត្រូវបាន​សម្លាប់​។​

​ចំ​ណែ​ល​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​លោក ម៉ាក អ៊ី​ស​ភើ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទាហាន​ប្រមាណ​៧៥០​នាក់​មក​ពី​កងឯកភាព​ប្រតិកម្ម​​រហ័ស​នៃ​កងពល​ទី​៨ ត្រៀម​ចេញដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ និង​ថា​«​ការបញ្ជូន​កងកម្លាំង​បន្ថែម​នេះ​ជា​ចំណាត់ការ​សមស្រប​និង​​បង្ការ​ទុក​មុន ដើម្បី​ឆ្លើយតប​នឹង​ការ​គំរាម​ចេះតែ​កើន​ឡើង​ប្រឆាំង​នឹង​បុគ្គលិក​យោធា​និង​ទីតាំង​អាម៉េរិក ដូច​យើង​បាន​ឃើញ​នៅ​ក្រុង​បា​ដា​ត​នៅថ្ងៃនេះ​»​។​

​អាម៉េរិក​បាន​បញ្ជូន​ទាហាន​ម៉ា​រី​ន​បន្ថែម​ទៅ​កាន់​ក្រុង​បា​ដា​ត​រួចហើយ​ដើម្បី​ការពារ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីនោះ ក្រោយ​ការ​សំរុកចូល​របស់​បាតុករ​កាលពី​ថ្ងៃ​​អង្គារ​។​

​នៅមុន​ការប្រកាស​បញ្ជូន​ទ័ព​បន្ថែម​របស់​លោក​អ៊ី​ស​ភើ មន្ត្រី​អាម៉េរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​​រួច​ហើយ​ទាហាន​អាម៉េរិក​រាប់រយ​នាក់​ទៅកាន់​ប្រទេស​គុយ​វ៉ែត ជា​ការឆ្លើយតប​នឹង​ចលាចល​ក្នុង​តំបន់ ហើយ​ពួកគេ​ទំនងជា​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​អ៊ីរ៉ាក់​៕​ប្រែ​សម្រួល​៖​វាសនា​

ទាហាន​អាម៉េរិក​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​អ៊ីរ៉ាក់​បន្ថែម បន្ទាប់​ពី​ការដាក់​ទាហាន​ម៉ា​រី​ន​យាម​ការពារ​ស្ថានទូត​ក្រោយ​ការវាយប្រហារ​ដោយ​ហ្វូង​បាតុករ​