បន្ទាយមានជ័យ​នឹង​បើក​ការប្រកួត​ប្រដាល់​វ័យក្មេង​ដណ្ដើម​ពានរង្វាន់​តុក្កតា​មាស​

1117
ចែករម្លែក
អ្នក​ប្រដាល់​ក្មេងៗ​នៅ​ខេត្តបន្ទាយមានជ័យ​មក​ជួប​លោក​ផ្កាយ ៣ តែម ម៉ឺន (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​: លោក ថៃ អ៊ូ ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ បាន​អះអាងថា លោក​នឹង​បើក​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​វ័យក្មេង ដណ្ដើម​ពានរង្វាន់​តុក្កតា​មាស សម្រាប់​ខេត្តបន្ទាយមានជ័យ​។​

​សម្រាប់​ខេត្តបន្ទាយមានជ័យ​មាន​ក្លិប​ប្រដាល់​ចំនួន​៧ ដែល​សព្វថ្ងៃនេះ ក្លិប​ភាគច្រើន​បណ្ដុះបណ្ដាល​អ្នក​ប្រដាល់​វ័យក្មេងៗ​។ លោក​ក្នុងឋានៈ​ជា​ប្រធាន​សមាគម​ប្រដាល់​របស់​ខេត្ត លោក​បាន​សំណូមពរ​ឲ្យ​ក្លិប​ទាំងអស់​បណ្ដុះបណ្ដាល​អ្នក​ប្រដាល់​វ័យក្មេង ដោយ​លោក​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ហ្វឹកហាត់ ទៅតាម​លទ្ធភាព​។​

​លោក ថៃ អ៊ូ បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ការប្រកួត​នេះ លោក​ឲ្យ​ក្លិប​ទាំងអស់​ក្នុង​ខេត្ត​ធ្វើការ​ប្រកួត​ជម្រុះ​នៅក្នុង​ក្លិប​របស់ខ្លួន ដើម្បី​យក​អ្នកខ្លាំង​មក​ចូលរួម​ប្រកួត ដណ្ដើម​ពានរង្វាន់​តុក្កតា​មាស​។ បើ​ក្លិប​មិន​ប្រកួត​ជម្រុះ ក៏​មិន​អី​ដែរ គឺ​បញ្ជូន​កីឡា​ល្អៗ​មក ប្រកួត​តែម្ដង​ក៏បាន ព្រោះ​ក្លិប​គេ​ដឹងថា នរណា​ល្អ​នរណា​មិនល្អ​ហើយ​។​

​ការប្រកួត​នឹងធ្វើ​ឡើង​រៀងរាល់ថ្ងៃ​ពុធ​នៅក្នុង​ក្លិប​ក្រុង​ប៉ោយប៉ែត​របស់លោក​តែម្ដង​។ ពេលនេះ លោក​កំពុងតែ​ទាក់ទង​សុំ​ការជួយឧបត្ថម្ភ​ពី​អភិបាលខេត្ត​ខ្លះៗ តែបើ​ខេត្ត​មិន​ជួយ​ទេ ក៏​លោក​នៅតែ​បង្កើត​កម្មវិធី​នេះ ឲ្យ​បានដែរ ដើម្បី​ជាការ​ផ្ដល់ឱកាស​ដល់​កីឡាករ​វ័យក្មេងៗ​។​

​ការប្រកួត​លោក​មិន​ប្រកាន់​អាយុ​ទេ តែ​អ្នក​ប្រដាល់​ទាំងអស់ ត្រូវតែ​ស្ថិតក្នុង​ប្រភេទ​ទម្ងន់ ៣០​គីឡូក្រាម​។ នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​សម្រាប់​ខេត្តបន្ទាយមានជ័យ​។ ចំពោះ​រង្វាន់​ថ្លៃ​ឡើង​សង្វៀន​ម្ដង​ប៉ុន្មាន ជាប់​ជា​ជើងឯក​បាន​ប៉ុន្មាន​នោះ លោក​បញ្ជាក់ថា លោក​ធ្វើតាម​ស្ដង់ដារ​ប្រទេស​គេ គឺមាន​រង្វាន់​ជា​សម្ភារៈ លោក​មិន​ឲ្យ​ជា​លុយ​ទេ ព្រោះ​លើ​ពិភពលោក​នេះ រង្វាន់​សម្រាប់​កីឡា​ថ្នាល់​ក្មេងៗ គេ​មិន​ផ្ដល់​ជា​លុយ​ឡើយ​។​

​ព្រឹត្តិការណ៍​នេះ លោក​នឹង​ជ្រើសរើស​អ្នកខ្លាំង​ចំនួន​១៦​រូប មក​ធ្វើការ​ប្រកួត​ប្រកួត​តាម​រូបមន្ត​ជម្រុះ គឺ​ចាញ់​ដើរចេញៗ ចុងក្រោយ​ទុក​៤​រូប ដែល​សល់​ពី​ជម្រុះ​មក​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ អ្នកឈ្នះ​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប្រកួត​ដណ្ដើម​ឋានៈ​ជា​ជើងឯក​៕ ដោយ៖ រ៉ូហ្សា