បន្លែ​កណ្តៀង​អ្នក​ខេត្តស្វាយរៀង​និយម​បរិភោគ​តាំងពី​សម័យ​ដើម​រហូតដល់​បច្ចុប្បន្ន​

1133
ចែករម្លែក
  • 289
    Shares

ស្វាយរៀង​៖​កណ្តៀង​ជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​ពណ៌​បៃតង​និង​មាន​រស់ជាតិ​ល្វីង​តិចៗ​មិន​ចាញ់​ប្រ​ម៉ាត់​ដី​ឡើយ​។​បន្លែ​កណ្តៀង​ត្រូវបាន​អ្នក​ខេត្តស្វាយរៀង​ពេញនិយម​ជាខ្លាំង​តាំងតែ​ពី​សម័យ​ដើម​មកម្ល៉េះ​សម្រាប់​យកទៅ​ធ្វើជា​បន្លែ​ស្ល​ទទួលទាន​ឬ​ជា​អន្លក់​ទឹកគ្រឿង​អន្លក់​ផ្គាប់​ជាមួយ​ប្រហុក​ផ្អក​ជាដើម​ជាពិសេស​គឺ​សម្លរ​កកូរ​តែម្តង​(​កកូរ​កណ្តៀង​) ។​

​រុក្ខជាតិ​កណ្តៀង​នេះ​ភាគច្រើន​គេ​ឃើញ​មាន​ដុះ​នៅតាម​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​ទីក​ន្លែ​នៅក្នុង​ប្រទេស​កម្ពុជា​និង​ដុះ​ចម្រុះ​ជាមួយនឹង​បន្លែ​គួបផ្សំ​ជាច្រើន​មុខ​ដែល​ប្រជាកសិករ​ដាំ​ក្នុង​ត្រែង​សម្រាប់​ផ្គត់ផ្គង់​លក់​លើ​ទីផ្សារ​ផងដែរ​។​

​បច្ចុប្បន្ន​មានការ​កត់សម្គាល់ឃើញ​ថា​នៅតាម​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្តស្វាយរៀង​បន្លែ​កណ្ដៀង​មានការ​ពេញនិយម​ជាខ្លាំង​ហើយ​ពេល​ភ្ញៀវ​ចូល​ទទួលទាន​អាហារ​នៅតាម​ភោជនីយដ្ឋាន​។​គេ​តែងតែ​កម្មង់​មុខម្ហូប​ដែល​ស្ល​ពី​កណ្តៀង​ឬ​អន្លក់​កណ្តៀង​ជាប់​ជាប្រចាំ​។​

ដោយហេតុថា​កណ្តៀង​កំពុង​ពេញនិយម​សម្រាប់​អ្នកស្រុក​និង​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ដែល​ឆ្លងកាត់​ទឹកដី​ខេត្តស្វាយរៀង​ក្នុងការ​ធ្វើជា​បន្លែ​ទទួលទាន​ដ៏​ឆ្ងាញ់​ពិសារ​។​នេះហើយ​ទើប​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​អ្នក​ខេត្តស្វាយរៀង​មួយចំនួន​នាំគ្នា​ងាក​មក​ប្រកប​របរ​ដាំ​កណ្តៀង​សម្រាប់​ចែកចាយ​លក់​នៅលើ​ទីផ្សារ​នានា​ក្នុង​និង​ក្រៅ​ខេត្ត​ផងដែរ​៕S/​