បន្សាំ​, បន្សារ​, បន្ធូរ​, បញ្ញើ​, បំបែរ​, បំផ្លើស​, ពន្លះ​, ពន្លា​, ពង្រាយ​, ពន្យារ​, ព័ន្ធ​, ពង្ស​, ភវតណ្ហា​, ភរ​, ភូមិ​, ភក់​, ភាន់​

596
ចែករម្លែក

​បន្សាំ ( ប​. ) ពាក្យ​បរិវារ​របស់​ពាក្យ បង្កាត់ ថា : បង្កាត់បន្សាំ គឺ​នាំ​កាត់សាំ​ទៅមក​ស៊ប់ ស៊ាំ​ឬ​នាំ​ឲ្យ​ហ៊ាន​ទៅមក​ស៊ប់ស៊ាំ​ឥត​ញញើត ។

​បន្សារ ( ន​. ) មុខ​ស្នាម​ដែល​ផ្សារ : មុខ​បន្សារ ។ ទឹកក្រុត​ដែល​បន្សាប​សម្រាប់​ផ្សារ : ទឹកបន្សារ ។

​បន្ធូរ ( កិ​. ) ធ្វើ​ឲ្យ​ធូរ គឺ​ធ្វើ​មិន​ឲ្យ​តឹង​មិន​ឲ្យ​ចង្អៀត​ពេក : បន្ធូរ​ខ្សែក្រវាត់ ។ បន្ធូរបន្ថយ ធ្វើ​ឲ្យ​ធូរ​ថយ​, ឲ្យ​ទូលាយ ។ ព​. ផ្ទ​. បន្តឹង ផង ។

​បញ្ញើ ប័​ញ​-​ញ៉ើ ( ន​. ) អ្វីៗ​ដែល​គេ​ផ្ញើ​, របស់​ផ្ញើ : ទទួលបញ្ញើ ។ ព​. ទ​. បុ​. បញ្ញើ​ទុក​ស្មើ បំណុល អត្ថន័យ​ថា អ្វីៗ​ដែល​គេ​ផ្ញើទុក​ផង​, កាលបើ​វិនាស​ខូច​បាត់ទៅ​, អ្នកទទួល​ត្រូវ​សង​គេ ទុកដូចជា​បំណុល ។

​បំបែរ ( កិ​. ) ធ្វើ​ឲ្យ​បែរ​, ឲ្យ​ងាក​, ឲ្យ​រេ : បំបែរចិត្ត​, បំបែរសេចក្ដី​, បំបែរ​មុខ​រទេះ ។

​បំផ្លើស ( កិ​. ) ធ្វើ​ឲ្យ​លើស គឺ​ធ្វើ​ឲ្យ​កើន​ឲ្យ​ជ្រុល​ហួស : បំផ្លើសពាក្យ​, បំផ្លើសសេចក្ដី ។ ប្រើ​ជា កិ​. វិ​. ឬ គុ​. ក៏បាន : និយាយ​បំផ្លើស​; សម្ដី​បំផ្លើស ។

​ពន្លះ ( កិ​. ) អា​រលះ​កាត់​ឲ្យ​ដាច់ចេញ​ដោយឡែក​ពីគ្នា គឺ​អា​រលះ​ស្បែក​ចេញពី​សាច់ ឬ​យក​សាច់​ចេញពី​ឆ្អឹង : ពន្លះស្បែក​, ពន្លះសាច់ ។ (​ព​. ប្រ​. សាមញ្ញ​) និយាយ​ឥត​កោត ញញើត : គ្រាន់តែ​ពន្លះ​ពីរ​បី​ម៉ាត់​ទៅ​បាត់មាត់ឈឹង​លែង​ហ៊ាន​ហើប ។ ម​. ព​. ពន្លែង ទៀតផង ។

​ពន្លា ( ន​. ) រោង​ឬ​សាលា​ដែល​គេ​សង់​សម្រាប់​ថ្វាយ​ព្រះរាជា​ទ្រង់​ប្រថាប់​បណ្ដោះ អាសន្ន​មួយ​វេលាៗ​, ហៅថា ព្រះ​ពន្លា ។ ព្រះ​ពន្លាកិល ព្រះ​ពន្លា​ខ្នាតតូច​ដែលមាន​ជើង សសរ​ថ្កល់​លើ​ផែនដី ត្រូវ​លើក​សែង​យក​ពី​ទីមួយ​ទៅ​ទីមួយ​បាន ។ ព្រះ​ពន្លាជ័យ ព្រះ​ពន្លា​សម្រាប់​ព្រះរាជា​ទ្រង់​ប្រថាប់​សម្រាក​ក្នុង​វេលា​កំពុង​ធ្វើសង្គ្រាម ។

​ពង្រាយ ( កិ​. ) ដាក់​រាយ​ខ្ជីខ្ជា ឥត​របៀប ឥត​សណ្ដាប់ធ្នាប់ : ក្មេងៗ​អស់ហ្នឹង​ឥត​របប ណាស់​, វា​ពង្រាយ​សំរាម​ពេញមុខ​ផ្ទះ​ឲ្យ​ខ្ជាំ​អស់ ។

​ពន្យារ ( កិ​. ) ធ្វើ​ឲ្យ​យារ​, ទាញ​ទម្លាក់​ឲ្យ​យារ​ចុះ : ពន្យារខ្សែ​, ពន្យារពេល ។

​ព័ន្ធ សំ​. បា​. ( កិ​. ) (​ពន្ធ​) ចង​, ជាប់​, ជំពាក់​; ទាក់​ឆ្វាក់​ព័ទ្ធ​លើ​គ្នា​, ឆ្វាក់​ប្រទាក់​ជាប់​គ្នា : ព័ន្ធដំណើរ​, ព័ន្ធខ្សែ​, ព័ន្ធសេចក្ដី​, ព័ន្ធសម្ដី​, ព័ន្ធគំនិត​, ព័ន្ធជើង (​ម​. ព​. ព័ទ្ធ និង ពាក់ ផង​) ។

​ពង្ស ពង់ បា​.; សំ​. ( ន​. ) (​វំ​ស​; វំ​ឝ​) វង្ស​, ត្រកូល​, ពូជ​, អម្បូរ ។ ពង្សចរិត​, ពង្ស​ប្រព្រឹត្ត​, ពង្សប្រវត្តិ (​ពង់​-​សៈ​–) ដំណើរ​, លំ​អាន​, នៃ​វង្ស​ត្រកូល ។ ពាក្យ​សម្រាប់​កំណត់​សន្មត ហៅ​ឆ្នាំ​កំណើត​របស់​មនុស្ស តម្រូវ​នឹង​ពូជពង្ស​របស់​ទេព្ដា​, មនុស្ស​និង​យក្ស​តាម​ហោរា សាស្ត្រ គឺ​ឆ្នាំជូត​, រោង​, មមី​, មមែ​, ជា ពង្សទេព្ដា (​ទាំង ៤ នេះ ចែកជា​គូ​ប្រុស​និង​ស្រី គឺ ជូត​, រោង ពង្សទេព្ដា​ប្រុស​; មមី មមែ ពង្សទេព្ដា​ស្រី​); ឆ្លូវ​, ថោះ​, ម្សាញ់​, កុរ ពង្សមនុស្ស (​ទាំង ៤ នេះ​ចែកជា​គូ​ប្រុស​និង​ស្រី គឺ​ឆ្លូវ​, ម្សាញ់ ពង្សមនុស្ស​ប្រុស​; ថោះ​, កុរ​ពង្សមនុស្ស ស្រី​); ខាល​, វក​, រកា​, ច​, ពង្សយក្ស (​ទាំង ៤ នេះ​ចែកជា​គូ​ប្រុស​និង​ស្រី គឺ វក​, រកា​, ពង្សយក្ស​ប្រុស​; ខាល​, ច ពង្សយក្ស​ស្រី​) ។

​ភវតណ្ហា ភៈវៈតន់ហា បា​.; សំ​. ( ន​. ) (​ភ​វ + ត្ឫ​ឞ្ណា​) ចំណង់​, តម្រេក​, សម្រេក ក្នុង​ភព គឺ​សេចក្ដី​ចង់​កើត​ចង់​មាន​ក្នុង​ភព (​ម​. ព​. ភព និង តណ្ហា ផង​) ។

​ភរ ( កិ​. ) ពោល​ពាក្យ​មិន​ពិត​, កុហក ។ គុ​. ឬ កិ​. វិ​. ដែល​មិន​ពិត​, កុហក : មនុស្ស​ភរ​, សម្ដី​ភរ​; និយាយ​ភរ ។ ភរភាយ ភរ​រហាច​រហ​តាមតែ​រួចពីមាត់ ។ ភរភូត ឬ ភូតភរ ភរ​ទាំងស្រុង​; ដែល​សុទ្ធតែ​ភរ ។ (​ព​. កា​.) : មនុស្ស​មេ​ភរ ចេះតែ​កម្ទរ ភរ​ឲ្យ​គេ​ស្ដាប់ ភរ​ទៅ​ភរ​ទៅ ត្រូវ​លង់​ចំណាប់ អ្នកផង​គេ​ចាប់​-​ថ្នាក់​ព្រោះតែ​ភរ ។

​ភូមិ ភូម សំ​. បា​. ( ន​. ) (​ភូមិ​) ផែនដី​, ទី​ដី​; តំបន់​; ផ្ទៃ​; ទី​; ជាន់​; ថ្នាក់ ។ ខ្មែរ​ច្រើន​ប្រើ សំដៅ​ទី​ដែលមាន​ប្រជុំ​ផ្ទះ​លំនៅ​ក្នុង​តំបន់​នីមួយៗ : ភូមិតូច​, ភូមិធំ ។ ភូមិឋាន ទី​ភូមិ ។ ភូមិលំនៅ ផ្ទះ​លំនៅ​ក្នុងភូមិ ។ ភូមិភាគ (​ភូ​-​មិ​ភាក​) ប៉ែក​ផែនដី​, ប៉ែក​ទី​តំបន់ ។ ភូមិប្រទេស (​ភូមិ​–) ប្រទេស​ផែនដី​នីមួយៗ ។​ល​។​ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាងចុង​នាម សព្ទ​ឯទៀត​ក៏មាន​, ដូចជា : គេហ​ភូមិ (​គេហៈ​ភូម​) ថ្នាក់​ផ្ទះ ។​

​ភក់ ( ន​. ) ធូលី​ទទឹក​ជ្រាយ ឬ​កករ​ដី​ជ្រាយ​, ខាប់ : ប្រឡាក់​ភក់​, កប់​ភក់​, ដី​បែក​ភក់ ។ ភក់ល្បាប់ ភក់​និង​ល្បាប់​ឬ​ភក់​ដែល​កក​ខាប់​ជា​ល្បាប់ ។ ព័ណ៌​ភក់ ព័ណ៌​ដែល​ពភ្លក់​ដូច សម្បុរ​ភក់ ។ ភក់ល្បាប់​

​ភាន់ បា​. ( កិ​. ) (​ភ​ន្ត “​ភ្ញាក់​, ភ្ញាក់ផ្អើល​; ច្រឡំ​, ស្រឡាំងកាំង​, មិងមាំង​”) ជ្រួស​, ច្រឡំ​, ទាស់ខុស​ផ្លូវខុស​ទំនង (​ភ័ន្ត មិនសូវ​ប្រើ ច្រើន​ប្រើតែ ភាន់ មក​យូរហើយ​) : ភាន់គំនិត​, ភាន់ស្មារតី​, ភាន់ដំណើរ​, ភាន់ផ្លូវ ។ ភាន់ច្រឡំ ច្រឡំ​ដោយ​ភាន់ ។ ភាន់ប្រែ កើត​ចលា ច​ល​ភ្ញាក់ផ្អើល​ដោយ​ធ្វើសង្គ្រាម​នឹង​គ្នាឯង ដរាប​ដល់​ប្រែ​កិច្ច​រាជការ​ផែនដី​, ប្រែ​ផែនដី ឬ​ខូច​ទឹកដី​ព្រោះ​ភាន់គំនិត : ស្រុក​កើត​ភាន់ប្រែ ។ ភាន់ភាំង ភាំង​, ស្រឡាំងកាំង ព្រោះ ភាន់ (​ម​. ព​. ភប់ ផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​