បម្រាម​លើ​ក្រុមហ៊ុន Huawei គឺជា​ការបាញ់​ចេញ​មួយ​គ្រាប់​ទៀត​ក្នុង​ជម្លោះ​រវាង​អាមេរិក​និង​ចិន

867
ចែករម្លែក

​ក្នុងការ​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Huawei យ៉ាង​មាន​ប្រសិទ្ធភាព ប្រធានាធិបតី​អាមេរិក ​លោក ដូ​ណា​ល់ ត្រាំ បាន​បាញ់​មួយ​គ្រាប់​ថ្មី​ទៀត​ទៅលើ​ចិន ខណៈដែល​សហរដ្ឋអាមេរិក​ចាត់ទុក​ការប្រឈមមុខគ្នា​ជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​អំណាច​ដែល​កំពុង​កើនឡើង​របស់​ចិន​។​

​រដ្ឋបាល​ត្រាំ​បានធ្វើ​យុទ្ធនាការ​ជាស​កល​យ៉ាង​ខ្លាំងក្លា​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei ហើយ​កាលពី​សបា្ដហ៍​មុន​បាន​វាយ​ក្រុមហ៊ុន​នេះ​យ៉ាងខ្លាំង​ជាមួយ​បទបញ្ជា​នានា​ដែល​រឹតត្បិត​ការលក់​របស់​ក្រុមហ៊ុន​នេះ​នៅ​សហរដ្ឋអាម៉េរិក​និង​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​នេះ​ពិបាក​ក្នុង​ការទិញ​គ្រឿង​បច្ចេកវិជ្ជា​សំខាន់ៗ​របស់​សហរដ្ឋអាម៉េរិក ទោះបីជា​រដ្ឋបាល​ត្រាំ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​ថា ខ្លួន​នឹង​ពន្យារពេល​ការអនុវត្ត ៩០ ថ្ងៃ​ក៏ដោយ​។​

​សហរដ្ឋអាម៉េរិក​បាន​ព្រមាន​ថា ក្រុមហ៊ុន Huawei ដែលមាន​វត្ត​មាននៅ​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក បានដាក់​ទាំង​សន្តិសុខ​ជាតិ​និង​សិទ្ធិ​ឯកជន​ផ្ទាល់ខ្លួន​នៅក្នុង​ហានិភ័យ ដោយសារតែ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ផ្តាច់ការ​របស់​ចិន ជាការ​ចោទប្រកាន់​មួយ​ដែល​ក្រុមហ៊ុន​នេះ​បាន​បដិសេធ ដោយ​និយាយថា ខ្លួន​កំពុង​ស្វែងរក​ការប្រកួតប្រជែង​ដោយ​សេរី​។​

​ប៉ុន្តែ​ការព្រួយបារម្ភ​របស់​អា​ម៉េ​រិ​ក​គឺ​ហួស​ឆ្ងាយ​ពី​ក្រុមហ៊ុន Huawei ទៅទៀត​។ ការរិះគន់​ទៅលើ​ប្រទេស​ចិន​បាន​ក្លាយទៅជា​បុព្វហេតុ​ដ៏​កម្រ​មួយ ដែល​បាន​បង្រួបបង្រួម​គណបក្ស​ទាំងពីរ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដ៏​បែកបាក់ កន្លែង​ដែល​ក្រុមហ៊ុន​ខកចិត្ត​របស់​អា​ម៉េ​រិ​ក​ជាច្រើន​លែង​ធ្វើជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តទៅទៀត​។​

​ការបង្ក្រាប​ទៅលើ​ក្រុមហ៊ុន Huawei បានកើត​ឡើង ចំពេល​មានការ​ចរចា​ពាណិជ្ជកម្ម​ដ៏​តានតឹង​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅលើ​ពិភពលោក ជាមួយ​លោក​ត្រាំ​បាន​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។​

​សហរដ្ឋអាម៉េរិក​ចោទប្រកាន់​ប្រទេស​ចិន​ថា​លួច​បច្ចេកវិជ្ជា​អាម៉េរិក​ហើយ​ព្យាយាម​និយាយ​សម្អុយ​គំនិត​ផ្តួចផ្តើម​ខាង​ហេដ្ឋារចនាសម្ព័ន្ធ “​ក្រវាត់​និង​ផ្លូវ​” របស់លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង ដោយ​និយាយថា ការផ្តល់​ប្រាក់កម្ចី​យ៉ាងខ្លាំង​ក្លា​របស់​ប៉េកាំង​បាន​បង្ខំ​ឱ្យ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ធ្លាក់ចូល​អន្ទាក់​បំណុល​។​

​វ៉ាស៊ីនតោន​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​ឥទ្ធិពល​យោធា​ដែល​កំពុងតែ​រីកលូតលាស់​របស់​ចិន​រាប់បញ្ចូល​ទាំង​វត្តមាន​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​វត្តមាន​យោធា​ឆ្ពោះទៅ​តៃវ៉ាន់ ហើយ​ជាការ​កម្រ​មួយ​សម្រាប់​រដ្ឋបាល​ត្រាំ​ដែល​និយាយ​ដោយ​ឥត​សំចៃ​អំពី​សិទ្ធិមនុស្ស​ក្នុងការ​ថ្កោលទោស​ចិន​ចំពោះ​ការឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គួ​មូស្លីម​ទ្រង់ទ្រាយ​ធំ​។​

​លោក​ចូ​ណា​ថា​ន ហ៊ីល​មែន (Jonathan Hillman) អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​និយាយថា អ្នកបង្កើត​គោលនយោបាយ​អាម៉េរិក​បាន​បោះបង់ចោល​នូវ​ក្តីសង្ឃឹម​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​របស់​ពួកគេ​ថា កំណើន​វិបុលភាព​នឹងធ្វើ​ឱ្យ​ចិន​ក្លាយទៅជា​ដៃគូ​ដែល​អាច​ទទួលយកបាន​។​

​លោក​បាន​និយាយថា “​និយាយ​ឱ្យ​សាមញ្ញ ប្រទេស​ចិន​មិនមែន​កាន់តែ​ក្លាយខ្លួន​ដូច​យើង​នោះទេ​”​។​

​លោក​បាន​និយាយថា “​ពួកគេ​បាន​ច្បាម​យក​ផ្នែក​នៃ​សកលភាវូបនីយកម្ម​ដែលមាន​ប្រយោជន៍​សម្រាប់​ពួកគេ ខណៈដែល​រដ្ឋ​បាន​បន្ត​រក្សា​ការគ្រប់គ្រង ហើយ​ខ្ញុំ​គិតថា ចំណុច​ទាំងអស់នេះ​បង្ហាញ​ពី​ការប្រកួតប្រជែង​រយៈពេល​វែង​”៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុន Huawei កំពុង​ប្រឈម​ការហាមឃាត់​មិនឱ្យ​លក់​ទូរស័ព្ទ​នៅ​សហរដ្ឋអាមេរិក