បម្រែបម្រួល​អាកាសធាតុ​ប្រែក្លាយ​តំបន់​អាក់​ទិ​ក​ទៅជា​តំបន់​ប្រទាញប្រទង់​ខាង​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ដ៏​ក្តៅគគុក​

369
ចែករម្លែក

​មើល​ពី​ឧទ្ធម្ភាគចក្រ ទឹកកក​ពណ៌​ស​និង​ភ្នំ​ខ្មៅ​ដ៏​អស្ចារ្យ​របស់​កោះ​ហ្គ្រី​ន​លែ​ន​នៅតែ​ធ្វើឱ្យ​ភាព​ឯកោ​បន្ត​កើតមាន​ជា​រៀងរហូត​។ ហើយ​មាន​មនុស្ស​តិចតួច​បំផុត​ដែល​រស់នៅ​ទីនេះ ពោលគឺ​ប្រជាជន​ទាំងមូល​រស់នៅ​លើដី​មួយ​មិន​ស្មើ​តារាង​បាល់ទាត់​ផង គឺ​សុទ្ធសឹង​ជា​មនុស្ស​ក្រីក្រ ជាមួយ​អត្រា​ខ្ពស់​នៃ​ការប៉ះពាល់​ពី​សារធាតុ​ផ្សេងៗ​និង​ការធ្វើអត្តឃាត​។​

​អ្នកវិទ្យាសាស្ត្រ​ម្នាក់​បាន​ហៅ​កោះ​នេះ​ថា “​ចុង​របស់​ផែនដី​”​។​

​នៅពេល​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​បណ្តែត​គំនិត​ក្នុង​ការទិញ​កោះ​ហ្គ្រី​ន​លែ​ន គំនិត​នោះបាន​ជួប​ជាមួយនឹង​ការ​សើចចម្អក ដោយ​ត្រូវគេ​មើលឃើញថា​ជា​វិធី​មិន​សម​ទំនង​និង​មិន​សមរម្យ​។​

​ប៉ុន្តែ​កោះ​នេះ​ក៏​អាចជា​រូងភ្នំ​ប្រេង ឧស្ម័ន​ធម្មជាតិ និង​រ៉ែ​កម្រ​របស់​អា​ឡា​ដាំង​ផងដែរ ដែល​រង​ចាំតែ​ថ្ងៃ​ទាញ​ចេញ​ប៉ុណ្ណោះ នៅពេលណា​ដែល​ទឹកកក​រលាយ​អស់​។​

​កោះ​ភាគ​ខាងជើង​នេះ​និង​តំបន់​អាក់​ទិ​ក​មិនមែន​ក្តៅ​ជាង​មុន​ដោយសារតែ​ការឡើង​កម្តៅ​ផែនដី​តែមួយ​មុខ​នោះទេ​។ នៅពេលដែល​ទឹកកក​រលាយ​បើកផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​និង​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​មិនគួរ​ឱ្យ​ជឿ​រប​ស់វា តំបន់​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ទ្រព្យសម្បត្តិ​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​ថ្មី ដែលមាន​សហរដ្ឋអាមេរិក រុស្ស៊ី ចិន និង ប្រទេស​ផ្សេងទៀត​ចង់បាន​។​

​លោក ហ្វេ​ន ហាំ​សុន ប្រធាន​កម្មវិធី​សន្តិសុខ​អន្តរជាតិ​នៅ​មជ្ឈមណ្ឌល​សម្រាប់​គំនិត​ច្នៃប្រឌិត​ថ្មី​នៃ​អភិបាលកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​វ៉​ត​ធឺ​លូ (Waterloo) ខេត្ត​អូន​តា​រី​យ៉ូ ប្រទេស​កាណាដា​បាន​និយាយថា “​កោះ​ហ្គ្រី​ន​លែ​ន​មួយ​ដែលមាន​ឯករាជ្យ​អាច​ផ្តល់នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ប្រទេស​រុស្ស៊ី​ឬ​ចិន​ឬ​ប្រទេស​ទាំងពីរ​” ដោយ​កត់សម្គាល់ថា នៅ​ទីនោះ​មាន​អ្នកខ្លះ​មានបំណង​ចង់​បំបែក​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​របស់​ដា​ណឺ​ម៉ាក​ទៀតផង​។​

​លោក​និយាយថា “​ខ្ញុំ​មិន​និយាយថា​រឿងនេះ​នឹង​កើតឡើង​នោះទេ ប៉ុន្តែ​វា​គឺជា​សេណា​រី​យ៉ូ​មួយ​ដែល​នឹងមាន​ផលប៉ះពាល់​ខាង​ភូមិសាស្ត្រ​ដ៏​ធំធេង ជាពិសេស​ប្រសិនបើ​តំបន់​ភាគ​ពាយព្យ​ក្លាយជា​ផ្លូវ​ឆ្លងកាត់​សម្រាប់​ការដឹកជញ្ជូន ដែលជា​អ្វី ដែល​កំពុង​កើតឡើង​នៅ​តំបន់​អាក់​ទិ​ក​របស់​រុស្ស៊ី​។​

​កាលពី​ខែមេសា​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានដាក់​ចេញ​នូវ​កម្មវិធី​ប្រកបដោយ​មហិច្ឆតា​ដើម្បី​បញ្ជាក់​ជាថ្មី​នូវ​វត្តមាន​របស់​ប្រទេស​របស់លោក​នៅ​តំបន់​អាក់​ទិ​ក​រួមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សាងសង់​កំពង់ផែ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​និង​ពង្រីក​កង​នាវា​បំបែក​ទឹកកក​របស់ខ្លួន​។ រុស្ស៊ី​ចង់​ទាមទារ​យក​តំបន់​នេះ ដែល​គេ​ជឿថា​មាន​កំណប់​ប្រេង​និង​ឧស្ម័ន​ចំនួន​មួយ​ភាគ​បួន​លើ​ពិភពលោក​។​

​ចិន​មើលឃើញ​កោះ​ហ្គ្រី​ន​លែ​ន​ជា​ប្រភព​នៃ​រ៉ែ​កម្រ​និង​រ៉ែ​ផ្សេងទៀត​និង​ជា​កំពង់ផែ​សម្រាប់​ដឹកជញ្ជូន​តាម​តំបន់​អាក់​ទិ​ក​ទៅកាន់​ភាគ​ខាងកើត​សហរដ្ឋ​អាម៉េរិក​។ ចិន​បាន​អំពាវនាវ​កាលពី​ឆ្នាំមុន​ឱ្យមាន​ការអភិវឌ្ឍ​រួមគ្នា​នៃ “​ផ្លូវ​សូត្រ​ប៉ូល​” ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អំពី​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​សាងសង់​ផ្លូវដែក កំពង់ផែ និង​រចនាសម្ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ប្រទេស​រាប់សិប​។​

​ប៉ុន្តែ​ខណៈដែល​កម្តៅ​ផែនដី​បាន​រុញច្រាន​តំបន់​ត្រជាក់​និង​ទឹកកក​កាន់តែ​ឆ្ងាយ​ទៅៗ​ឆ្ពោះទៅ​ភាគ​ខាងជើង​ជា​រៀងរាល់ឆ្នាំ​នោះ អ្នកជំនាញ​បាន​ព្រមាន​ថា ការប្រណាំង​ប្រជែង​ទៅកាន់​តំបន់​អាក់​ទិ​ក​គឺជា​ការប្រកួត​រត់​ម៉ា​រ៉ា​តុង មិនមែនជា​ការរត់​ចម្ងាយ​១០០​ម៉ែត្រ​នោះឡើយ​។​

​ការ​រលាយ​ផ្ទាំង​ទឹកកក​នៃ​កោះ​ហ្គ្រី​ន​លែ​ន​បង្កើតឱ្យមាន​ភាពមិន​ប្រាកដប្រជា​និង​គ្រោះថ្នាក់​សម្រាប់​អ្នក​អភិវឌ្ឍន៍​ប្រេង​និង​ឧស្ម័ន​នៅ​សមុទ្រ ដោយ​គំរាមកំហែង​ដល់​សំណង់​អណ្តូងប្រេង​និង​កប៉ាល់​។​

​លោកស្រី វី​ក​តូ​រៀ ហឺ​ម៉ាន់ នាយក​គ្រប់គ្រង​នៃ​វិទ្យាស្ថាន​អាក់​ទិ​កបាន​និយាយថា “​ទឹកកក​ទាំងអស់នោះ​មិន​រលាយ​ភ្លាមៗ​ទេ វា​បង្កើតជា​ផ្ទាំង​ទឹកកក​រាយប៉ាយ​ជាច្រើន ដែល​អ្នក​ត្រូវតែ​បើកបរ​ជុំវិញ​វា​”​។​

​ម្យ៉ាងវិញទៀត លោកស្រី​និយាយថា ខណៈ​ការជីក​យក​រ៉ែ​នៅ​ហ្គ្រី​ន​លែ​ន​ត្រូវ​ចំណាយ​ច្រើន​ដោយសារតែ​បរិស្ថាន ការចំណាយ​លើ​ការអភិវឌ្ឍ​បាន​ធ្លាក់ចុះ​ដោយសារ​ទឹកកក​រលាយ ដោយ​ធ្វើឱ្យ​កោះ​នេះ​កាន់តែ​ទាក់ទាញ​ចំពោះ​អ្នកទិញ​សក្តានុពល​។​

​តាម​យុទ្ធសាស្ត្រ កោះ​ហ្គ្រី​ន​លែ​ន​បង្កើតជា​ផ្នែក​មួយ​នៃ​អ្វីដែល​សហរដ្ឋ​អាម៉េរិក​មើលឃើញថា​ជា​ច្រករបៀង​ដ៏​សំខាន់​សម្រាប់​ប្រតិបត្តិការ​កងទ័ពជើងទឹក​រវាង​តំបន់​អាក់​ទិ​ក​និង​អា​ត្ល​ង់​ទិ​ក​ខាងជើង​។ វា​ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់​អាក់​ទិ​ក​ដ៏​ធំ​ទូលាយ​ផងដែរ ដោយ​ត្រូវបាន​ចាត់ទុកថា​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ ដោយសារ​វា​នៅ​ជិត​សហរដ្ឋ​អាម៉េរិក​និង​មាន​សារៈសំខាន់​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ធនធាន​ធម្មជាតិ​។​

​លោក​ហាំ​សុន​បាន​កត់សម្គាល់ថា វា​ជា​សហរដ្ឋ​អាម៉េរិក​ដែល​ធ្វើ​អាណាព្យាបាល​លើ​កោះ​ហ្គ្រី​ន​លែ​ន​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ នៅពេលដែល​ពួក​ណា​ស៊ី​អាល្លឺម៉ង់​បាន​កាន់កាប់​ដា​ណឺ​ម៉ាក ហើយ​សហរដ្ឋ​អាម៉េរិក​ត្រូវបាន​អនុញ្ញាតឱ្យ​សាងសង់​ស្ថានីយ​រ៉ា​ដា​និង​មូលដ្ឋានទ័ព​ដោយ​មិន​គិតថ្លៃ​ជួល​នៅលើ​ទឹកដី​របស់​ដា​ណឺ​ម៉ា​កមួយ​នេះ បន្ទាប់ពី​សង្គ្រាម​។ នោះ​រាប់បញ្ចូល​ទាំង​មូលដ្ឋាន​ទ័ពអាកាស​ថុល (Thule) សព្វថ្ងៃនេះ ដែលមាន​ចម្ងាយ ១.២០០ គីឡូម៉ែត្រ​នៅ​ទិស​ខាងត្បូង​នៃ​ប៉ូល​ខាងជើង​។​

​បន្ទាប់ពី​សង្គ្រាម សហរដ្ឋ​អាម៉េរិក​បានស្នើ​សុំ​ទិញ​កោះ​ហ្គ្រី​ន​លែ​ន​ក្នុងតម្លៃ ១០០ លាន​ដុល្លារ បន្ទាប់ពី​ចែចូវ​ជាមួយ​គំនិត​ចង់​ប្តូរ​ទឹកដី​នៅ​អា​ឡា​ស្កា​សម្រាប់​ផ្នែក​ខ្លះ​នៃ​កោះ​អាក់​ទិ​កមួយ​នេះ​។ សហរដ្ឋ​អាម៉េរិក​ក៏បាន​គិត​អំពី​ការទិញ​កោះ​ហ្គ្រី​ន​លែ​ន​កាលពី ៨០ ឆ្នាំមុន​ផងដែរ​។​

​លោក​ហាំ​សុន​និយាយថា “​លោក​ត្រាំ​ប្រហែលជា​មិន​ឆ្កួត​ដូចដែល​គាត់​និយាយ​នោះទេ ទោះបី​គាត់​បានផ្តល់​សំណើ​មិន​សម​ទំនង ដែល​ធ្វើឱ្យ​ដា​ណឺ​ម៉ាក​ខកចិត្ត​យ៉ាងខ្លាំង​ក៏ដោយ​”​។​

​ហ្គ្រី​ន​លែ​ន​គឺជា​ផ្នែក​មួយ​នៃ​អាណាចក្រ​ដា​ណឺ​ម៉ាក​រួមជាមួយ​កោះ​ហ្វា​រ៉ូ​អាយ​លែ​ន ដែលជា​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​មួយទៀត​របស់​ដា​ណឺ​ម៉ាក និង មាន​រដ្ឋាភិបាល​និង​សភា​ផ្ទាល់ខ្លួន​។ ប្រជាជន ៥៦.០០០ នាក់​នៅ​កោះ​ហ្គ្រី​ន​លែ​ន​មានច្បាប់​គ្រប់គ្រង​ក្នុងស្រុក​យ៉ាង​ទូលំទូលាយ​ក្នុង​ឆ្នាំ ១៩៧៩ ប៉ុន្តែ​ដា​ណឺ​ម៉ាក​នៅតែ​អនុវត្ត​គោលនយោបាយ​ការបរទេស​និង​ការពារជាតិ​សម្រាប់​កោះ​នេះ ដោយ​ឧបត្ថម្ភ​ធន​ប្រចាំឆ្នាំ​ចំនួន ៦៧០ លាន​ដុល្លារ​។​

​ជនជាតិដើម​របស់​កោះ​នេះ​មិនមែនជា​អ្នកមាន​ស្តុកស្តម្ភ​ទេ ហើយ​យានយន្ត ភោជនីយដ្ឋាន ហាង និង​សេវាកម្ម​ជា​មូលដ្ឋាន គឺមាន​តិចតួច​ណាស់​៕ ដោយ៖ កញ្ញាដាលីស

#