បម្រែបម្រួល​អាកាសធាតុ ៖ ផលប៉ះពាល់​កាន់តែ​បង្កើនល្បឿន ខណៈ​មេដឹកនាំ​ពិភពលោក​ជួបជុំគ្នា​ពិភាក្សា​នៅ​អង្គការសហប្រជាជាតិ​

134
ចែករម្លែក

ឯកសារ​វិទ្យាសាស្ត្រ​ថ្មី​បំផុត​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដែល​ចេញផ្សាយ​នៅមុន​កិច្ចពិភាក្សា​សំខាន់ៗ​របស់​អង្គការសហប្រជាជាតិ​នៅ​ញូវយ៉ក​និយាយថា សញ្ញា​និង​ផលប៉ះពាល់​នៃ​កម្តៅ​ពិភពលោក​កំពុង​បង្កើនល្បឿន​។

​ទិន្នន័យ ដែល​ចងក្រង​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក (WMO) និយាយថា រយៈពេល ៥ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩ គឺជា​ឆ្នាំមាន​អាកាសធាតុ​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​។​

​កម្រិត​ទឹកសមុទ្រ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ដូចគ្នានេះដែរ ខណៈ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​បាន​ឈានដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​។​

​អង្គការ WMO និយាយថា​កិច្ចប្រឹងប្រែង​កាត់បន្ថយ​កាបូន​ត្រូវតែ​ពង្រឹង​បន្ថែមទៀត​ជាបន្ទាន់​។​

​សេចក្តីថ្លែងការណ៍​ស្តីពី​អាកាសធាតុ​គឺជា​ការ​ទាញ​បញ្ចូល​រួមគ្នា​នៃ​វិទ្យាសាស្ត្រ​ចុងក្រោយ​ស្តីពី​មូលហេតុ​និង​ផលប៉ះពាល់​នៃ​កម្រិត​កម្តៅ​ផែន​ដៅ​ដែល​កំពុង​កើនឡើង​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ដោយ​ទទួលស្គាល់ថា​សីតុណ្ហភាព​ពិភពលោក​បាន​កើនឡើង ១,១ អង្សា​ចាប់តាំងពី​ឆ្នាំ ១៨៥០ ឯកសារ​នេះ​បាន​កត់សម្គាល់ថា សីតុណ្ហភាព​បាន​ឡើង ០,២ អង្សា​នៅ​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៥​។​

​នេះ​គឺ​ដោយសារ​លទ្ធផល​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូន​កាន់តែ​ច្រើនឡើង ជាមួយ​បរិ​មាណនៃ​ឧស្ម័ន​នេះ​បញ្ចេញ​ទៅ​បរិយាកាស​នៅ​ចន្លោះ​ឆ្នាំ​២០១៥​និង​២០១៩ គឺ​កើនឡើង​២០​ភាគរយ​ធៀប​នឹង​រយៈពេល​៥​ឆ្នាំមុន​នោះ​។

​អ្វីដែល​គួរឱ្យ​បារម្ភ​ខ្លាំង​គឺ​ទិន្នន័យ​អំពី​កម្រិត​ទឹកសមុទ្រ​។ អត្រា​កម្ពស់​ទឹកសមុទ្រ​ជា​មធ្យម​តាំងពី​ឆ្នាំ​១៩៩៣​រហូតមកទល់​ឥឡូវ​គឺ​៣,២​មិល្លីម៉ែត្រ​។ ទោះយ៉ាងណា ពី​ខែឧសភា​២០១៤​ដល់​ឆ្នាំ​២០១៩ កម្ពស់​ទឹកសមុទ្រ​បាន​កើន​ឡើងដល់ ៥ មិល្លីម៉ែត្រ​ក្នុង​មួយឆ្នាំ​។ អំឡុង​រយៈពេល​១០​ឆ្នាំ​គិតពី​ឆ្នាំ​២០០៧​ដល់​២០១៦ កម្ពស់​ទឹកសមុទ្រ​បាន​កើនឡើង​ប្រហែល ៤ មី​ល្លី​ម៉ែត្រ​ក្នុង​មួយឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

ពី​ខែឧសភា​២០១៤​ដល់​ឆ្នាំ​២០១៩ កម្ពស់​ទឹកសមុទ្រ​បាន​កើន​ឡើងដល់ ៥ មិល្លីម៉ែត្រ​ក្នុង​មួយឆ្នាំ