បរទេស​កាន់តែ​ច្រើនឡើង ជឿ​លើ អណ្ដូង​ទឹកផុស ឬ​រូង​នាគ​ភ្នំ​គូលែន អាច​ព្យាបាល​ជំងឺ​

599

​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​ណែនាំ​ភ្ញៀវ និង អ្នក​ធ្លាប់​បន់​បាន​ជោគជ័យ ចេះតែ​ផ្សព្វផ្សាយ​តៗ​គ្នា ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក និង បរទេស​កាន់​តែមាន​ជំនឿ​លើ​អណ្ដូង​ទឹកផុស ឬ រូង​នាគ​ភ្នំ​គូលែន ដែល​ផឹកទឹក ឬ លាប​ទៅ អាច​ព្យាបាល​ជំងឺ​។ នេះ​បើតាម​ការអះអាង​របស់​លោក ហោ ជា ឆ្មាំ​ការពារ​នៅ​ភ្នំ​គូលែន​។​

​អណ្ដូង​ទឹកផុស ឬ​រូង​នាគ​ភ្នំ​គូលែន​
​អ្នកស្រុក​រមែង​ហៅ អណ្ដូង​ទឹកផុស អណ្ដូងទឹក ៧​ពណ៌ ឬ រូង​នាគ​ភ្នំ​គូលែន ដែលមាន​ទឹក​មិន​ដាច់​នៅ​ជ្រលង​លិង្គ ១ ០០០ លើ​ភ្នំ​គូលែន ខេត្តសៀមរាប ដែល​គ្រប់គ្នា​រមែង​មក​បន់ស្រន់​បានសម្រេច​ដូច​សេចក្ដីប្រាថ្នា​។ ជាពិសេស អ្នក​ឈឺចង្កេះ ខ្នង និង បញ្ហា​សន្លាក់​ផ្សេងៗ ដែល​ព្យាបាល​នៅ​ពេទ្យ​យូរហើយ​មិនជា​សះ បែរជា​មក​ផឹកទឹក និង​លាប​លើ​កន្លែង​ឈឺ ធ្វើ​ឲ្យ​ធូរស្បើយ ម្ល៉ោះហើយ ក៏មាន​ការផ្សព្វផ្សាយ​តៗ​គ្នា ល្បី​ថា អណ្ដូង​នេះ​ស័ក្ដិសិទ្ធិ​។​

​លោក ហោ ជា បាន​ប្រាប់​ក្រុមការងារ «​ផ្លូវ​ទៅ​ស្រុក ២» ថា អណ្ដូង​នេះ​មិនមែន​ទើប​មាន​នោះទេ គឺមាន​តាំងពី​យូរលង់​ណាស់​មកហើយ ហើយ​មានទឹក​ខួបប្រាំងខួបវស្សា ប៉ុន្តែ​ទឹកផុស​មាន​ចាប់ពី​ខែកញ្ញា ដល់​ខែ​មិនា ប៉ុណ្ណោះ​។​

​លោក ហោ ជា​

​ដើមឡើយ​ជំនឿ​មានតែ​ប្រជាជន​ខ្មែរ ជាពិសេស​អ្នកស្រុក​ប៉ុណ្ណោះ ប៉ុន្ដែ ដោយមាន​ការផ្សព្វផ្សាយ​ដូចជា អ្នក​ណែនាំ​ភ្ញៀវទេសចរ និង កាសែត​បរទេស​ចុះមក​យក​ព័ត៌មាន ទើប​ធ្វើ​ឲ្យ​បរទេស មាន​ជំនឿ​លើ​រឿង​ហ្នឹង​ដែរ ប៉ុន្តែ ភ្ញៀវ​បរទេស​ជឿ​ខ្លាំង​គឺ​ភ្ញៀវ​នៅ​អាស៊ី ក្រោយមក​អឺរ៉ុប​។​​ភ្ញៀវទេសចរ ទៅ​បន់ស្រន់​នៅ​អណ្ដូង​ទឹកផុស​

​អណ្ដូង​ទឹកផុស ឬ រូង​នាគ​ភ្នំ​គូលែន​នេះ ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​ជ្រលង​លិង្គ ១ ០០០ លើ​ភ្នំ​គូលែន​។ ភ្នំ​គូលែន​ស្ថិតនៅក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែល ២៥​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយស្រី​។ ភ្នំ​នេះ​មានឈ្មោះ​ដើម​ថា ម​ហិ​ន្ទ្រ​ប​ព៌​ត ជា​កន្លែង​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែលជា​ពេលដែល​សម័យអង្គរ​កើតឡើង​៕

​សូម​ទស្សនា​វីដេអូ

​អណ្ដូងទឹក ៧​ពណ៌​ឬ​រូង​នាគ​ភ្នំ​គូលែន ល្បី​ថា​នារីៗ​អត់​សង្សារ​ទៅ​បន់​នឹង​បានសម្រេច​

​អត្ថបទ​៖ ប៊ិន ប៊ុណ្ណា​/sn