បរិច្ចាគ​ឈាម គឺ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​

1179
ចែករម្លែក

មន្ទីរពេទ្យបង្អែក ១៦​មករា ខេត្តព្រះវិហារ បានទទួល​ការបរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត ពី​មន្ត្រី​កង​រាជ​អាវុធ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​។ ឈាម​ដែល សប្បុរសជន បាន​បរិច្ចាគ​នេះ សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម ជា​ចាំបាច់​។
​ ​
គ្រូពេទ្យ បាន​ឲ្យ​ដឹងថា ការបរិច្ចាគ​ឈាម មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​គ្រោះថ្នាក់​ដល់​សុខភាព ឡើយ​។ ឈាម ដែល​បាត់បង់​នោះ វា​នឹង​បំពេញ​វិញ​យ៉ាង​ឆាប់រហ័ស​។ ម្យ៉ាងវិញទៀត បើ​ប្រៀបធៀប​ចំនួន​ឈាម ដែល​បាន​បរិច្ចាគ ( ចំនួន មួយ​ប្លោក ចំណុះ ៣៥០ មី​លី​លីត្រ​) ទៅនឹង​ឈាម ដែល​នៅក្នុង​ខ្លួន​យើង គឺជា​ចំនួន​ដ៏​តិចតួច​បំផុត​។​
​ ​
គ្រូពេទ្យ បាន​បន្តថា មិន​ថា បុរស ឬ​ស្ត្រី ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់ ៥៥​ឆ្នាំ គឺអាច បរិច្ចាគ​ឈាម​បាន​។ ចំពោះ​បុរសត្រូវមាន​ទម្ងន់​ពី ៤៥ គីឡូក្រាម ឡើងទៅ និង​ស្ត្រី​ត្រូវមាន​ទម្ងន់​ពី ៤២ គីឡូក្រាមឡើងទៅ​ ។ក្នុងនោះ បុរស​អាច​បរិច្ចាគ​ឈាម មួយ​ប្លោក ក្នុង​រយៈពេល​បី​ខែម្តង​។ រីឯ​ស្ត្រី អាច​បរិច្ចាគ​ឈាម មួយ​ប្លោក នៅ​រយៈពេល​បី​ខែ​កន្លះ ម្តង​។​
​ ​
គ្រូពេទ្យ ក៏បាន​លើកឡើងថា ការបរិច្ចាគ​ឈាម មាន​ប្រយោជន៍​ដល់​អ្នក​បរិច្ចាគ រួមមាន បងប្អូន​អាច​ត្រួតពិនិត្យ​សុខភាព​បងប្អូន​ពី​គ្រូពេទ្យ បងប្អូន​អាចជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ ពិសេស​កុមារ​រងគ្រោះ​ម្នាក់​ឲ្យ​រស់ បងប្អូន​អាច​ដឹងថា ឈាម​របស់​បងប្អូន​មាន​រោគ​ឆ្លង ឬ​អត់​? និង​បងប្អូន​បាន​ចូលរួមចំណែក​ដ៏​ធំធេង​ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺឆ្លង​តាមរយៈ​ឈាម ដែល​ឆ្លង​រាលដាល​ក្នុងសង្គម​យើង​។​
​ ​
​ប្រជាពលរដ្ឋ​យើង អាច​អញ្ជើញ​ចូលរួម​បរិច្ចាគ​ឈាម នៅតាម​មន្ទីរពេទ្យ​នានា​នៅ​ទូទាំង ប្រទេស ឬក៏​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ឬក៏​នៅ​ម​ជ្ឈ មណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​ពេទ្យរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ ក៏បាន​។​
​ ​
កាលពី​ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែលជា​កន្លែង​ចែកចាយ​ឈាម​ដល់​មន្ទីរ ពេទ្យ​រដ្ឋ​នៅ​ទូទាំង ប្រទេស បានប្រកាស​ពី​ការទទួលបាន​ឈាម តាមរយៈ​ការបរិច្ចាគ ប្រមាណ​ជាង ៨៥.០០០ ប្លោក ក្នុងនោះ នៅ​ភ្នំពេញ ប្រើប្រាស់​ឈាម​ជិត ៦​ម៉ឺន​ប្លោក​។

ដោយឡែក នៅ​ឆ្នាំ​២០១៩​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ត្រូវការ​ឈាម​ប្រមាណ​ជាង ៩​ម៉ឺន​ប្លោក សម្រាប់​យកទៅ​សង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា ចាំបាច់​។​
​ ​
​អំណោយ​ឈាម​គ្រប់គ្រាន់ នឹង​អាចជួយ​សង្គ្រោះ​ដល់​ជីវិត​អ្នកជំងឺ​បាន​ទាន់ពេលវេលា ពិសេស​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ដូចជា​ជំងឺ​ទាក់ទិន​នឹង​ការហូរ​ឈាម​តាម ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍​ការ​ហូរឈាម​មិន ប្រក្រតី នៅមុន និង​ក្រោយពេល​សំរាលកូន ជំងឺ​ខ្សោយ​តំរង់​នោម និង​ការព្យាបាល​ថែ ទាំ​ជំងឺមហារីក ជាដើម​។​
​ ​
​ក្នុង​មួយឆ្នាំៗ ក្រៅពី​សប្បុរសជន ជា​បុគ្គល និង​ជា​ក្រុម​ដែល​បាន​អញ្ជើញ​ទៅកាន់​មន្ទីរ ពេទ្យ​នានា ពិសេស​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី បរិច្ចាគ​ឈាម គឺ​ក៏មាន​ស្ថាប័នរដ្ឋ ដូចជា កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន ប៉េអឹម មន្ត្រីរាជការ​តាម​ក្រសួង​មន្ទីរ បុគ្គលិក​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​មន្ទីរ​អង្គការ​សមាគម នានា និង​ក្រុមហ៊ុន​ឯកជន​ជាច្រើន បានរៀបចំ​ពិធី​ផ្តល់​ឈាម​។​
​ ​
​ជាមួយគ្នា​នោះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្នុង​មួយឆ្នាំ ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​ទទួល សប្បុរសជន​ផ្តល់​ឈាម យ៉ាងហោច​ពីរដង គឺ​នៅ​ថ្ងៃ ១៤​កុម្ភៈ ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ និង​នៅ​ថ្ងៃ​១៤​មិថុនា ទិវា​បរិច្ចាគ​ឈាម​ពិភពលោក​។ ជា​រៀងរាល់ឆ្នាំ មាន​សប្បុរសជន យ៉ាងច្រើន បាន​ចូលរួម​បរិច្ចាគ​ឈាម​។ ក៏ប៉ុន្តែ​ចំនួន​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម គឺ​មិនទាន់ គ្រប់​តម្រូវការ​ឈាម សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ នៅឡើយ​ទេ​។​
​ ​
​ក្រៅពីនោះ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ គឺ​ខាង​មន្ទីរពេទ្យ មិន​ថា​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ទទួល​ពិនិត្យ​ព្យាបាល​កុមារ ដោយ​ឥតគិតថ្លៃ និង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទេ​គឺ​គ្រូពេទ្យ បាន​តម្រូវ​ឲ្យ​បងប្អូន​សាច់​ញា​ត្តិ​អ្នកជំងឺ ចូលរួម​ផ្តល់​ឈាម ទោះបីជា​បងប្អូន​សាច់​ញា​ត្តិ នោះ មាន​ប្រភេទ​ឈាម មិន​ដូច​ជនរងគ្រោះ​អ្នកជំងឺ​ក៏ដោយ​។

​យ៉ាងណា​ក៏ដោយចុះ យូរ​ឆ្នាំ​ណាស់​មកហើយ និង​បន្ត​ដល់ពេលនេះ នៅតែមាន​ដំណឹង ពី​ករណី​គ្រូពេទ្យ​លក់​ឈាម​។ ពោលគឺ​បើសិនជា​អ្នកជំងឺ ត្រូវការ​ឈាម​ជាបន្ទាន់ ដើម្បី សង្គ្រោះ គឺ​ក្រុមគ្រួសារ​អ្នកជំងឺ ត្រូវ​ចំណាយលុយ​ទិញ​ឈាម ដែល​ក្នុង ១​ប្លោក ថ្លៃ​ដល់ ទៅ ៥០ ដុល្លារ ឬ​អាច​ថ្លៃ​ជាង​នេះ ក៏មាន​។ ករណី​លក់​ឈាម​នេះ ជា​រឿង​ខុសច្បាប់​ដែល ខាង​មន្ទីរពេទ្យ ក៏ដូចជា​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ហាម​មិន​ឲ្យ​កើតមាន​ទេ​ហើយ​ស្នើ សុំ​ឲ្យ​គ្រួសារ​អ្នកជំងឺ ផ្តល់​អត្តសញ្ញាណ​របស់​គ្រូពេទ្យ​ណា ដែល​ហ៊ាន​លក់​ឈាម​ដល់ អ្នកជំងឺ ដើម្បី​ចាត់វិធានការ កុំ​ឲ្យ​ខូច​ឈ្មោះ​ពេទ្យ​ដទៃទៀត​។​

​ជា​ការពិត​ប្រជាពលរដ្ឋ​យើង​ពិសេស​យុវជន អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​អាច​ចូលរួម បរិច្ចាគ​ឈាម ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក៏ដូចជា​មន្ទីរពេទ្យ​នានា ពិសេស​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ស្តុក​ឈាម​គ្រប់គ្រាន់​សម្រាប់ ត្រៀម​ទុក​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

​មិន​ប៉ះពាល់​សុខភាព ឬក៏​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ដល់​អ្នកបរិច្ចាគឈាម​។ ផ្ទុយទៅវិញ​អ្នក បរិច្ចាគ​ឈាម ទទួលបាន​អត្ថប្រយោជន៍ បានដឹង​ពី​ប្រភេទ​ឈាម​របស់ខ្លួន​បាន​ត្រួត ពិនិត្យ​សុខភាព និង​ដឹងថា​ឈាមមាន​រោគ​ឆ្លង ឬទេ​? ហើយ​ជាពិសេស​គឺ​អ្នក​បរិច្ចាគ ឈាម បាន​ចូលរួម​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ ពិសេស​កុមារ ឲ្យ​រស់រានមានជីវិត ព្រមទាំង​ជាការ​ធ្វើបុណ្យ ដែល​គ្មានអ្វី​ប្រៀបផ្ទឹម​ស្មើ​ឡើយ​។​

​ជាមួយគ្នា​នោះ គ្រូពេទ្យ ពិសេស​ប្រធាន​មន្ទីរពេទ្យ និង​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ ឈាម គួរតែ​ចាត់វិធានការ​លុបបំបាត់​ឲ្យ​ខាន​តែ​បាន​នូវ​ការលក់ដូរ​ឈាម​ដូច​ដែលមាន ការនិយាយ​តៗ​គ្នា ព្រោះថា បើសិនជា​នៅតែ​កើតមាន​ករណី​ទិញ​លក់​ឈាម​នោះ សប្បុរសជន នឹង​ខ្លាចរអា​នឹង​ការបរិច្ចាគ​ឈាម​។

​ម្យ៉ាងទៀត នៅពេល​សាច់ញាតិ​ឬក៏​អ្នកបរិច្ចាគឈាម ជួប​បញ្ហា ហើយ​ត្រូវការ​ឈាម បែរជា​ពេទ្យ​ថា រក​ឈាម​មិនមាន​ទៅវិញ​។ ដូច្នេះ​លុបបំបាត់​ជំនួញ​ឈាម ហើយ​គ្រូពេទ្យ ត្រូវ​ស្មោះត្រង់​នឹង​វិជ្ជាជីវៈ មាន​សីលធម៌ និង​មាន​សុជីវធម៌ នោះ​អ្នក​បរិច្ចាគ ផ្តល់​ឈាម ក៏​កាន់​តែមាន​ទំនុកចិត្ត និង​ជឿជាក់ថា ឈាម​ដែល​ខ្លួន​បាន​បរិច្ចាគ​នឹងមិន​ត្រូវគេ​យក ទៅ​លក់ដូរ ហើយ​ពិតជា​បាន​ជួយ​ដល់​ជនរងគ្រោះ​ពិតប្រាកដ ដែល​ត្រូវការ​ឈាម​៕ ដោយៈ​ម៉េង​ឆៃ​

#