បរិភោគ​មី​កញ្ចប់​ច្រើន​កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​

1671
ចែករម្លែក
  • 9
    Shares

​មនុស្ស​សឹងតែ​គ្រប់គ្នា​សុទ្ធតែ​ដឹងថា បរិភោគ​មី​កញ្ចប់​ច្រើន​មិនល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ថ្មីៗ​នេះ ការស្រាវជ្រាវ​មួយ​នៅ​កូរ៉េខាងត្បូង បានបញ្ជាក់​ការបរិភោគ​មី​កញ្ចប់​មិនល្អ​សម្រាប់​សុខភាព ។​
​ ​
​ការស្រាវជ្រាវ​អនុវត្តន៍​លើ មនុស្ស​ជាង​១០.៧០០​នាក់ នៅ​កូរ៉េខាងត្បូង បង្ហាញថា ការបរិភោគ​មី កញ្ចប់ អាចធ្វើឱ្យ​កើន​ហានិភ័យ​កើត ជំងឺ​បេះដូង​, ពិសេស​គឺ​ស្ត្រី ។​
​ ​
​អ្នកចូលរួម​ការស្រាវជ្រាវ​ទាំងអស់​មាន​អាយុ​ពី​១៩​ទៅ​៦៤​ឆ្នាំ ។ កូរ៉េខាងត្បូង​ត្រូវបាន​ចាត់ទុកថា ប្រទេស​បរិភោគ​មី​កញ្ចប់​ច្រើន​បំផុត​លើ​ពិភពលោក ។​
​ ​
​លទ្ធផល​ត្រូវបាន​ចុះផ្សាយ លើ​ទស្សនា​វ​ដ្តី Journal of Nutrition បង្ហាញថា ស្ត្រី​បរិភោគ មី​កញ្ចប់​ច្រើន ក៏​ងាយ​កើត​ជំងឺ​បំប្លែង​ជាង ។ នេះ​ជា ស្ថានភាព​ដែល​ក្នុងពេល​តែមួយ​សរីរាង្គ លេចចេញ​កត្តា​មាន​ហានិភ័យ​បង្ក​ជំងឺ ជាច្រើន​ដូចជា ធាត់​, លើសឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, ជាតិ​ស្ករ​ក្នុង​ឈាម មិន​ស្ថិរភាព ។ ទាំងអស់​សុទ្ធតែ​ធ្វើឱ្យ​កើន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម បេះដូង​, ស្ត្រូ​ក និង​ទឹកនោមផ្អែម ។​
​ ​
​ការស្រាវជ្រាវ​ឱ្យដឹងថា គ្រោះ ថ្នាក់​ទាំងនេះ​សំខាន់​កើតមាន​ចំពោះ​ស្ត្រី គឺ​ពុំមែន​បុរស ។ “​ស្ត្រី​បរិភោគ​មី​កញ្ចប់ តិច​បំផុត​ពីរដង ក្នុង​មួយ​សប្តាហ៍ មាន​ហានិភ័យ​កើត​ជំងឺ​បំប្លែង​ខ្ពស់ជាង​៦៨ ភាគរយ ការស្រាវជ្រាវ​បញ្ជាក់​” ។​

​បរិមាណ​សូ​ដ្យូ​ម​ខ្ពស់​ក្នុង​មី​កញ្ចប់ ពុំមាន​ប្រយោជន៍​សម្រាប់​សុខភាព ជា​រឿង​ត្រូវ​បានដឹង​តាំងពី​យូរ ។ តែ​កត្តា​សំខាន់​បង្ក​គ្រោះថ្នាក់ គឺជា​មី ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លទ្ធផល​គួរឱ្យ​បារម្ភ ក្រោយពេល​ត្រួតពិនិត្យ​ដំណើរការ​រំលាយ មី​កញ្ចប់ នោះ​គឺ​សរីរាង្គ​មនុស្ស​ពិបាក​រំលាយ អាហារ​ដែល​ពេញ​ទៅដោយ​សារធាតុ​ថែទាំ​ដូចជា មី​កញ្ចប់ ។ សារធាតុ​ថែទាំ ឬ​ហៅថា TBHG ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​រលាយ​ក្នុង​ប្រេង​ខ្លាញ់ ។ វា​ជួយ​អូសបន្លាយ​អាយុ​អាហារ និង​ធ្វើឱ្យ​ពិបាក​រំលាយ​ជាង​ធម្មតា ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា រឿងនេះ​ពុំ​មានន័យថា យើង​ដាច់ខាត​មិនត្រូវ​បរិភោគ​មី​កញ្ចប់​នោះទេ ។ ការបរិភោគ​មួយ​ឬ​ពីរដង​ក្នុង​មួយខែ​នោះ​មិនជា​អ្វី​ឡើយ​, តែ​ការបរិភោគ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ សប្តាហ៍ គឺ​គួរ​ចៀសវាង ៕ ប្រែ​សម្រួល​៖ រតនៈ