កម្ពុជា គឺជា​ខ្លា​ថ្មី​នៅ​អាស៊ី និង​ស្ថិតក្នុង​គោលនយោបាយ ទិសដៅ​ខាងត្បូង​ថ្មី​របស់​កូរ៉េខាងត្បូង​

354
ចែករម្លែក
  • 1
    Share

ភ្នំពេញ​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន (Moon Jaein) នឹង​មក​បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤​ខែមីនា ឆ្នាំ​២០១៩​។ នេះ​ជាដំណើរ​ទស្សនកិច្ចលើក​ទី​៣ របស់​ប្រធានាធិបតី​សា​ធារណរដ្ឋ​កូរ៉េ មក​កម្ពុជា​ បន្ទាប់ពីកូរ៉េ​-​កម្ពុជា បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញកាលពី​ឆ្នាំ​១៩៩៧​។​
​ ​
​ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា​លោក​មូ​ន ចេ​អ៊ី​ន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​បរម​រាជ វាំង និង​ជួប​ជាមួយ​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​សេចក្តីប្រកាស លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន នឹង​ពិភាក្សាអំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​និង​ការ ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិ​ការលើ​វិស័យ​នានា​បន្ថែមទៀត ហើយក៏​ផ្លាស់ប្តូរ​យោប​ល់​គ្នា​ផងដែរ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី​បញ្ចប់​ជំនួប​ថ្នាក់ដឹកនាំទាំងពីរនឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​
​ ​
​ក្រសួងការបរទេស បាន​បន្តថា លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន​និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កាន់តែ​ច្រើនឡើងរវាង​ប្រទេស​ទាំងពីរ​។​
​ ​
​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បន្ថែមថា ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ កាន់​តែមាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​។​

​ដោយឡែក មួយថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង គឺ​កាលពី​ព្រឹកថ្ងៃទី​១៣ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ការត្រៀម​រៀបចំ​របស់​សម្តេចទាំងយប់ ពិនិត្យ​ឯកសារ ដែល​សម្តេច​ត្រូវ​ជួប និង​ពិសា​បាយ​ជាមួយ​លោក​ប្រធានាធិបតី និង​ភរិយា​របស់គាត់ នៅ​ថ្ងៃទី​១៤​មីនា​។ នៅ​ថ្ងៃទី​១៥ មីនា សម្តេច​ត្រូវ​ធ្វើការ​ជាមួយប្រធានាធិបតី​កូរ៉េ ដោយ​ចរចា​ផង ចុះហត្ថលេខា​ផង និង​ចូលរួម​វេទិកា​ធុរកិច្ច កម្ពុជា​-​កូរ៉េ​ជាមួយគ្នា​ផង​។ ក្រោយ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​នឹងមាន​ធ្វើ​សន្និសីទកាសែត​។​

​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស នៅ​អាស៊ាន ចំនួន ៣ ដែល​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ជ្រើសរើស​មក​បំពេញ​ទស្សនកិច្ចលើក​នេះ រួមមាន​៖ កម្ពុជា ព្រុយ​ណេ និង​ម៉ាឡេស៊ី​។ ពោលគឺ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​មកកាន់​កម្ពុជា ក៏​ដូច​ប្រទេស​សមាជិក​អាស៊ាន ២​ទៀត​នេះ ធ្វើឡើង​ក្នុង​អត្ថន័យដើម្បី​ព​ន្លឿ​ន​នូវ គោលនយោបាយ​ទិសដៅ​ខាងត្បូង​ថ្មី របស់លោក​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន ដែល​បានប្រកាស​ជា​ផ្លូវការ តាមរយៈ​សុន្ទរកថា​គន្លឹះក្នុង​វេទិកា​ធុរជន​កូរ៉េ​-​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នោះ​គឺ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​កូរ៉េ និង​អាស៊ាន នឹង​ត្រូវបាន​ពង្រីក និង​ពង្រឹង​បន្ថែមទៀត តាមរយៈ​កិច្ចប្រជុំ​កំពូល​ពិសេស កូរ៉េ​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​កូរ៉េ​-​មេគង្គ​នា​ចុងឆ្នាំ​នេះ និយាយ​ជារួម និង​និយាយដោយឡែកសម្រាប់​កម្ពុជា និង​កូរ៉េ ក៏​កាន់តែ​ពង្រឹង ពង្រីក​បន្ថែមទៀត​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​នេះ​គឺជា​លើក​ទី​៣ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច ក្នុង​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៩ ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ដំណើរ​ទស្សនកិច្ច​លើក​នេះ​របស់លោក​មូ​ន ចេ​អ៊ី​ន នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរកាន់តែ​ស៊ីជម្រៅ ក៏ដូចជា​លើកកម្ពស់​ទំនាក់ទំនង​របស់​ប្រទេសទាំងពីរឲ្យ​កាន់តែ​ឈានឡើង​ខ្ពស់ជាង​មុន​មួយកម្រិត​ទៀត​។​

​មួយវិញទៀត នៅក្នុង​ភ្នែក​របស់​កូរ៉េខាងត្បូង កម្ពុជា​ក៏​ជា​ខ្លា​ថ្មី​នៃ​អាស៊ី (New Tiger ofAsia)​ដែល​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម ៧,៦ ភាគរយ ជា​បន្តបន្ទាប់​គ្នា នា​រយៈពេល ២០ ឆ្នាំកន្លងមក និង​កំពុងតែបន្ត​សម្រេច​កំណើនសេដ្ឋកិច្ចដ៏​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ឈរលើ​មូលដ្ឋាន ‘​យុទ្ធសាស្ត្រ​ចតុកោណ (Rectangular Strategy)’​។ ដូច្នេះហើយ កូរ៉េនិង​កម្ពុជា​ជា​ដៃគូ​ដ៏​សមស្រប​សម្រាប់​ថ្ងៃ​អនាគត ដើម្បី​កសាង​វិបុលភាព ជារួម​ក្នុង​ការរស់នៅ​ជាមួយគ្នា​។​

​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េនិង​កម្ពុជា បាននិងកំពុង​តែ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​មានការ​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ កាលពី​ឆ្នាំ​១៩៩៧​។

​ទំហំ​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បានសម្រេច ៩៧៥ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ​២០១៨ ដោយមាន​ការកើនឡើង​ជិត ២០ ដង ធៀប​នឹង​ឆ្នាំ​១៩៩៧ ហើយ​មានសហគ្រាស​កូរ៉េ ចំនួន​ប្រមាណ​ជា ២០០ សហគ្រាស ដែល​បាន​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​ប្រជាជន​កូរ៉េ​ចូលចិត្ត​ទីកន្លែង​រមណីយដ្ឋាន​ទេសចរណ៍ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​នៅកម្ពុជា ចំនួន​ភ្ញៀវទេសចរ​កូរ៉េ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​។ ជាមួយគ្នានេះដែរ នៅ​កម្ពុជា K-drama, K-pop, K-food កំពុងតែ​ត្រូវ​បានទទួល​ការពេញនិយម​យ៉ាងខ្លាំង ដោយ​ផ្អែកលើ​ប្រជាប្រិយភាពរបស់​រលក​កូរ៉េ (Korean Wave) នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​ប្រទេស​កម្ពុជា ជាដើម​។​
​ ​
​ដោយឡែក នាពេល​សព្វថ្ងៃ ប្រជាជន​កម្ពុជា រស់នៅក្នុង​ប្រទេស​កូរ៉េ មាន​ប្រមាណ ៤៥.០០០​នាក់​។ រីឯ​ជនជាតិ​កូរ៉េ រស់នៅក្នុង​ប្រទេស​កម្ពុ​ជា មាន​ប្រមាណ​១៥.០០០​នាក់​។ ក្នុងនោះ ក៏មាន​ពលករ​កូរ៉េ​រួមទាំង​សកម្មភាព​យ៉ាងសកម្ម​របស់​អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ នៅ​កម្ពុជា ជាដើម​។​ល​។

​អំពី​ទំហំ​ពាណិជ្ជកម្ម​វិញ កាលពី​ឆ្នាំ​២០១៨​ទំហំ​ពាណិជ្ជកម្ម​របស់ ប្រទេស​ទាំងពីរ​សម្រេចបាន​រហូតដល់ ៩៧០​លាន​ដុល្លារ ហើយ​ក្នុងឆ្នាំនេះ​យើង​រំពឹងថា វា​នឹង​សម្រេចបានក្នុង​ទំហំ លើស​១.០០០​លាន​ដុល្លារ​។ ម្យ៉ាងទៀត ប្រជាជន​កម្ពុជា ជិត​៤​ម៉ឺន​នាក់ កំពុងតែចូលរួមចំណែក​ក្នុង​វិស័យសេដ្ឋកិច្ច​កូរ៉េ​ដោយ​ធ្វើការ​នៅក្នុង ប្រទេស​កូរ៉េ តាមរយៈ​ប្រព័ន្ធអនុញ្ញាត​មុខរបរ​(EPS) ដែល​ផ្តល់​ប្រសិទ្ធភាព​ឈ្នះ​-​ឈ្នះ លើ​វិស័យសេដ្ឋកិច្ច​របស់ ប្រទេស​ទាំងពីរ​។​

​ក្រៅពីនេះ ប្រទេស​កូរ៉េ ក៏បាន​រួមចំណែក​ក្នុងការ​កែលំអរ​គុណភាព​ជីវភាព​របស់​ប្រជាជនកម្ពុជា តាមរយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA)​ដូចជា​ការសាងសង់​មន្ទីរពេទ្យ​កុមារ​ជាតិឡើងវិញ និង​ការអនុវត្ត​គម្រោង​ថែទាំ​សុខភាព​មាតា និង​ទារក​ជារួម​ក្នុង​ខេត្ត​ចំនួន​៣ នៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ជាដើម​។ រដ្ឋាភិបាល​កូរ៉េ​ក៏​កំពុងតែ​អនុវត្ត​គម្រោងពង្រីក និង​ពង្រឹង​សហគមន៍​ជនបទ​កម្ពុជា និង​ផ្តល់ជំនួយ​សម្រាប់​ការបង្កើត​ប្រព័ន្ធ ឃ្លាំង​ស្តុក​អង្ករ តាមរយៈ​អង្គការ ក​យ​កា (KOICA) និង កូ​ព្យា (KOPIA)​។

​ក្នុងនោះ កម្ពុជា​ក៏​ទទួលបាន​ជំនួយ​យ៉ាងច្រើនពី​កូរ៉េខាងត្បូង​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ហើយ​ចំពោះមុខ កម្ពុជា​ក៏​រំពឹងថា កូរ៉េខាងត្បូងនឹង​ជួយ​សាងសង់​ស្ពាន មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​ស្វាយជ្រុំ​-​ល្វាឯម ឆ្លងកាត់​ទន្លេមេគង្គ ផងដែរ​។​

​សរុបទៅ ក្រៅពី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​បង្កើត​ឡើងវិញ កាលពី​ឆ្នាំ​១៩៩៧ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​កូរ៉េ នៅ​កម្ពុជា លើក​ទី​៣ នេះ ក៏​នឹង​បង្កើន​ឱកាស​វិនិយោគ ការទាក់ទាញ​ទេសចរណ៍ និង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ព្រមទាំង​បង្កើត​ឱកាស​សម្រាប់កូរ៉េ​បន្ត​ចូលរួម​ការអភិវឌ្ឍន៍​កម្ពុជា តាមរយៈ​ការសាងសង់​ផ្លូវ និង​ស្ពាន​ទុកជា​ចំណង​មិត្ត ភាព​រវាង​ប្រទេស​ទាំងពីរ​៕ ដោយ៖ ម៉េងឆៃ/Ha