បរិយាយ​លេខ​នេះ​៖ ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ គម្រប់​២​ឆ្នាំ សមិទ្ធផល ជាច្រើន សម្រេចបាន​តាម​ឆន្ទៈ​ម្ចាស់ឆ្នោត​!

213
ចែករម្លែក

​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៧-​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៩ គឺ​នៅ​ថ្ងៃទី ៤ មិថុនា ជា​ខួប​គម្រប់ ២ ឆ្នាំ​គត់ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ។ ការបោះឆ្នោត កាលណោះ មាន​គណបក្សនយោបាយ ចំនួន ១២ បាន ចុះ ឈ្មោះ ដាក់​បេក្ខជន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។​

​គណបក្សនយោបាយ​ទាំង ១២ ដែល​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នា​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ រួមមាន​៖ ១-​គណបក្ស​ប្រជា ជនកម្ពុជា ២-​គណបក្ស​សង្គ្រោះ​ជាតិ ៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៥-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៦-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៧-​គណបក្ស​សញ្ជាតិ​កម្ពុជា ៨-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៩-​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិ​បប​តេ​យ្យ ១០-​គណបក្ស​យុវជន​កម្ពុជា ១១-​គណបក្ស​អំណាច​ខ្មែរ និង​១២-​គណបក្ស​ជនជាតិដើម​ប្រជា​ធិ​ប តេ​យ្យ​កម្ពុជា​។​
​ដោយឡែក លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៤ ត្រូវបាន គ​.​ជ​.​ប ប្រកាស នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ បង្ហាញថា ក្នុងចំណោម​គណបក្សនយោបាយ​ទាំង ១២ គឺ​មានតែ​គណបក្ស ចំនួន ៧ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​នៅ​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប​ចំនួន ១១.៥៧២ នាក់ រួមមាន​៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ៦.៥០៣ អាសនៈ ( មេឃុំ ១.១៥៦ នាក់ ជំទប់​ទី​១ ចំនួន ១.១៣៩ នាក់ និង​ជំទប់​ទី​២ ចំនួន ៥១០​នាក់ ) ២-​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ ៥.០០៧ នាក់ ( មេឃុំ ៤៨៩ នាក់ ជំទប់​ទី​១ ចំនួន ៥០៣​នាក់ និង​ជំទប់​ទី​២ ចំនួន ១.០៨៧ នាក់ ) ៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ ចំនួន ២៨ នាក់ ( ជំទប់​ទី​១ ចំនួន ម្នាក់ និង​ជំទប់​ទី​២ ចំនួន ២៦​នាក់ ) ៤-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន ៤ អាសនៈ ( ជំទប់​ទី​២ ទាំង ៤​នាក់ ) ៥-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​អាសនៈ ចំនួន ២៤ នាក់ ( មេឃុំ​ម្នាក់ ជំទប់​ទី​១ ១៦​នាក់ និង​ជំទប់​ទី​២ ម្នាក់​) ៦-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​អាសនៈ ចំនួន ១ ជា​ជំទប់​ទី​២ នៅក្នុង​ខេត្តកំពង់ចាម និង​៧-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួល ៥​អាសនៈ ( ជំទប់​ទី​១ ម្នាក់ និង​ជំទប់​ទី​២ ចំនួន ២​នាក់ )​។​

​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ត្រូវបាន ប្រែប្រួល បន្ទាប់ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយ តាម​សាលដីកា ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។
​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥.០០៧ នាក់ ត្រូវបាន​បែងចែក​ទៅ គណបក្ស​ផ្សេង ខណៈដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បដិសេធ​មិន​ទទួលយក​ការបែងចែក​អាសនៈ​របស់​អតីត គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​យ៉ាងណាក៏ដោយ បំណងប្រាថ្នា​របស់​ម្ចាស់ឆ្នោត ដែល​បាន​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដែលមាន​រយៈពេល ២​ឆ្នាំ​គត់ គិត​ត្រឹម​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ បានសម្រេច​តាម​ឆន្ទៈ​របស់​អ្នកបោះឆ្នោត ដូចជា​ការចង់បាន ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ឃុំ​សង្កាត់ តាមរយៈ​ផ្លូវ​ថ្មី ជា​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ ព្រមទាំង​ប្រឡាយទឹក ជាដើម រួមទាំង​ការចង់បាន​យុត្តិធម៌​សង្គម ។​ល​។ និង​។​ល​។​
​ ​
​ជាការ​ពិត ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៧ តែ​ប៉ុន្មាន​ថ្ងៃ ប៉ុណ្ណោះ សកម្មជន​សិទ្ធិមនុស្ស ទាំង ៥​រូប របស់​សមាគម​អាដហុក រួមមាន លោក​នី ចរិយា លោក​នី សុខា លោក​ណៃ វ៉ង់​ដា លោក​យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ត្រូវបាន​ដោះលែង នៅ​ចុងខែ​មិថុនា ឆ្នាំ​២០១៧ ក្រោយពេល​ជាប់ពន្ធនាគារ​អស់​រយៈ ពេល​ប្រមាណ ១៤​ខែ គិត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៦ ក្នុង​សំណុំរឿង​សមគំនិត​សូកប៉ាន់ សាក្សី និង​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​រឿង​ស្ត្រី​អ្នក​កាត់សក់ ខុម ចាន់​ដា​រ៉ា​ទី និង​លោក​កឹម សុខា​។​

​ចំណែក​ការអភិវឌ្ឍ​មូលដ្ឋាន ពិសេស​ផ្លូវ​បេតុង​ថ្មី និង​ប្រឡាយទឹក​សម្រាប់​ប្រជាកសិករ ធ្វើស្រែ ជាដើម ត្រូវបាន​សាងសង់ ជា​បន្តបន្ទាប់ នៅ​ឆ្នាំ​២០១៨ និង​បន្ត​ដល់​ឆ្នាំ​២០១៩ នេះ ទៅតាម​ឆន្ទៈ​របស់​ម្ចាស់ឆ្នោត​។​

​ជា​ឧទាហរណ៍​ជាក់ស្តែង នៅ​ស្រុក​ស្រី​សន្ធរ ក្នុង​ខេត្តកំពង់ចាម គឺមាន ១៤​ឃុំ​។ កាលពីពេល​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយសារតែ​អាជ្ញាធរ មិនបាន​សម្រេច​តាម​ការសន្យា ក្នុងការ​ស្ថាបនា​ផ្លូវ ១​ខ្សែ អម​ទន្លេមេគង្គ ជា​ផ្លូវ​កៅស៊ូ ឬក៏​ផ្លូវ​បេតុង ក៏​ត្រូវបាន​ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត បោះ​ទម្លាក់​មេឃុំ​ចាស់ ដាក់​មេឃុំ​ថ្មី​។ ពោលគឺ ក្នុងចំណោម ១៤​ឃុំ នៅ​ស្រុក​ស្រី​សន្ធរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ បោះឆ្នោត កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៧ ជាប់​មេឃុំ​តែ ២​ឃុំ​ប៉ុណ្ណោះ រីឯ ១២ ឃុំ​ទៀត របូត​ទៅខាង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក៏ប៉ុន្តែ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយសារតែ​អំពើ​ក្បត់ជាតិ​របស់លោក​កឹម សុខា ជា​មេដឹកនាំ​រួចមក អាសនៈ និង​តំណែង​មេឃុំ​ចៅសង្កាត់​របស់​អតីត​គណបក្ស សង្គ្រោះ​ជាតិ បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ដទៃទៀត​។ ក្រោយ ទទួលបាន​តំណែង ជា​មេឃុំ​ចៅសង្កាត់ មក​គ្រប់គ្រង​ឡើងវិញ ការអភិវឌ្ឍ​មូលដ្ឋាន ឃុំ​សង្កាត់ ក៏​ចាប់ផ្តើម​យ៉ាង​ឆាប់រហ័ស​។ ក្នុងនោះ ផ្លូវ​បេតុង ភ្ជាប់​ពី​ទីរួមស្រុក​ស្រី​សន្ធរ នៅ​អម​មាត់​ទន្លេមេគង្គ ទៅកាន់​ឃុំ​ផ្ទះ​កណ្តាល ឃុំ​ព្រែក​ដំបូក ឃុំ​ស្វាយ​សាច់​ភ្នំ ឃុំ​ឫស្សីស្រុក ឃុំ​កោះអណ្តែត និង​ឃុំ​ព្រែក​រំដេង ត្រូវបាន​សាងសង់​ហើយ​រហូតដល់ ខែមិថុនា ឆ្នាំ​២០១៩ នេះ ផ្លូវ ១​ខ្សែ ជិត ២០ គីឡូម៉ែត្រ​នោះ​ត្រូវបាន​សាងសង់​ជិត រួចរាល់​ទាំងស្រុង​ហើយ​។ ផ្លូវ​ថ្មី​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​លោក​ឧកញ៉ា ប៉េង និង​លោក​ឧកញ៉ា ហួត ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា និង​ជា​ម្ចាស់​បុរី ប៉េង​ហួត ដែលជា​អ្នកស្រុក​អូរ​ឡេង ឃុំ​ព្រែក​រំដេង​។​

​ដោយឡែក ផ្លូវ​កៅស៊ូ ១​ខ្សែ ក្នុង​ឃុំ​ឫស្សីស្រុក និង​ឃុំ​ស្វាយ​សាច់​ភ្នំ ភ្ជាប់​មកកាន់​ផ្លូវ បេតុង ក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ក៏ត្រូវ​បាន​សាងសង់​រួចរាល់ សម្រាប់​អ្នក​រស់ នៅជាប់​មាត់ទន្លេ​មេគង្គ ដែលជា​ប្រវត្តិសាស្ត្រ មិន​ធ្លាប់មាន​សោះឡើយ តាំងពី​ដូនតា ត​មកដល់​សព្វថ្ងៃ​។​
​ ​
​ការដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​ការសាងសង់​ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ នៅ​ស្រុក ស្រី​សន្ធរ ខេត្តកំពង់ចាម គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ​។ នៅមាន សមិទ្ធផល​ជាច្រើន​ទៀត ផ្លូវ ប្រឡាយ សាលារៀន វត្ត រួមទាំង​កំណែទម្រង់​សេវា រដ្ឋបាល​សាធារណៈ ដូចជា មេឃុំ​ចៅសង្កាត់ ចុះ​ផ្តល់​សំបុត្រកំណើត សំបុត្រមរណភាព ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ជាដើម ក៏​ត្រូវបាន​អនុវត្តតាម​ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស ផងដែរ​។​

​ដូច្នេះ​សរុបទៅ រយៈពេល​មិន​ដល់ ២​ឆ្នាំ នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ( ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ) បំណងប្រាថ្នា​របស់​ម្ចាស់ឆ្នោត ត្រូវបាន​រាជរដ្ឋាភិបាល​បំពេញ ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ឆន្ទៈ​ម្ចាស់ឆ្នោត ដែលមាន​ផ្លូវ ប្រឡាយទឹក និង​យុត្តិធម៌​សង្គម តាមរយៈ​ការដោះលែង​សកម្មជន​សិទ្ធិមនុស្ស ជាដើម​នោះ មិនមែន​ធ្វើឡើង​ក្នុង​អាណត្តិ មេឃុំ​ចៅសង្កាត់ របស់​អតីត​គណបក្សប្រឆាំង​ទេ គឺ​ក្នុង​អាណត្តិ​របស់​មេឃុំ​ចៅសង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ ​
​សរុបទៅ ប្រជាពលរដ្ឋ​យើង ដែលជា​សំឡេង​ភាគច្រើន មានតែ​ការរួម​គ្នា ថែរក្សា សមិទ្ធផល ដែល​កើតចេញ​ក្រោយ​ការបោះឆ្នោត តាម​ឆន្ទៈ​រាស្ត្រ គឺ​ផ្លូវ​បេតុង និង​ផ្លូវ កៅស៊ូ​។ សមិទ្ធផល និង​ការអភិវឌ្ឍន៍​ផ្លូវ​ថ្មី​នេះ ពិតណាស់ បានមកពី​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​ម្ចាស់ឆ្នោត និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​សំឡេង​ភាគច្រើន​លើសលប់ ត្រូវ​បន្ត​រក្សា​ការពារ​ឲ្យ​ខាងតែបាន​។ បើ​គ្មាន​សុខសន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍ​ផ្លូវ និង​ប្រឡាយទឹក​ដែរ​៕ ដោយ​៖ ម៉េង​ឆៃ​