បរិយាយ​លេខ​នេះ​៖ គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​អាយុជីវិត​ខ្លួនឯង​

617
ចែករម្លែក

ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ត្រូវបាន​ប្រារព្ធ​ឡើង នៅតាម រាជធានី ខេត្ត ទាំង ២៥ ទូទាំងប្រទេស កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​។

សារ​អប់រំសំខាន់ៗត្រូវបាន​អាជ្ញាធរ​រាជធានីខេត្ត សហការ​ ជាមួយ​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ​បាន ប្រកាស​ផ្សព្វផ្សាយ ក្នុង​បំណង ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក​។ ក្រៅពីនោះ មួក សុវត្ថិភាព​ជាច្រើន ក៏ត្រូវ​បាន​ចែកជូន ដល់​អ្នកចូលរួម​ពិធី និង​អ្នកដំណើរ​ផងដែរ​។​

​ការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ នា ពេលនេះ ជាការ ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ចូលរួម​លើក កម្ពស់​ការយល់ដឹង​អំពី សុវត្ថិភាព​ចរាចរណ៍ និង​គោរព​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវ គោក ព្រោះថា ស្ថានភាព​គ្រោះ ថ្នាក់​ចរាចរណ៍ ក្នុងពេល​កន្លងមកនេះ បាន​កើន ឡើង ដោយ​កើន​ចំនួន​អ្នកស្លាប់​ជា​ក្រុម ដែល​បង្កឡើង​ដោយសារ​ការបើកបរ ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល ជាតិ​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិ ភាព មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ការ​ជែង​ដោយ ប្រថុយប្រថាន បាន​បង្ក​ឲ្យ មាន គ្រោះថ្នាក់​ចរាចរណ៍ ដែលមាន​សភាព​ធ្ងន់ធ្ងរ​បណ្តាល ឲ្យ​បាត់បង់​អាយុជីវិត មនុស្ស ឬ​របួស ពិការ​យ៉ាង​អាណោច​អាធ​ម​រួមជាមួយ​នឹង​ការ ខូចខាត​ទ្រព្យ សម្បត្តិ​រដ្ឋ និង​ឯកជន​យ៉ាងច្រើន បន្សល់ទុក​នូវ​កូនកំព្រា ស្ត្រី​មេម៉ាយ ពិការភាព សោកនាដកម្ម និង​ផលវិបាក​ជាច្រើន មកលើ​សង្គម​កម្ពុជា​។​

​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា កាលពី​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក នៅ​ទូទាំង ប្រទេស បានសម្លាប់​មនុស្ស ១.៧៦១ នាក់ និង​របួស ៤.៧៧១​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​ស្លាប់ និង​របួស មិនបាន​ថមថយ​ឡើយ​មកដល់​ពេល នេះ​។ ពោលគឺ​ក្នុង​មួយថ្ងៃៗ មាន​អ្នកស្លាប់​ជា​មធ្យម ៥​នាក់ និង​របួស ១៣ នាក់​។​
​ ​
​ដើម្បី​រួមគ្នា​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​ទុក្ខសោក និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន លើកឡើង​នូវ​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលថា “​ថ្ងៃនេះ ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ចរាចរណ៍​” និង​សូម​បន្ត​យកចិត្តទុកដាក់​និង​ចូលរួម​អនុវត្ត​លើ​កិច្ចការ​មួយចំនួន ដូចជា មុន​ចាប់ ផ្តើម​បើកបរ​យានជំនិះ អ្នកបើកបរ ត្រូវ​ប្រកាន់​ទំលាប់​ជា​ស្វ័យប្រវត្តិ​ដោយ​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស យាន ជំនិះ និង​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយថាហេតុ នៅលើ​ផ្លូវថ្នល់​។ អ្នកបើកបរ រថយន្ត និង​អ្នករួមដំណើរ​ជាមួយ​ទាំងអស់ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ គ្នា ហើយ​ការពាក់​ខ្សែក្រវាត់​សុវត្ថិភាព​នេះ ត្រូវ​ឲ្យ​ក្លាយទៅជា​ទំលាប់​ជាប្រចាំ​នៅពេល ឡើង​បញ្ជា ឬ​ជិះ​រថយន្ត ម្តងៗ​។ អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំង អស់​សូម​ពាក់មួក សុវត្ថិភាព​គ្រប់ៗ​គ្នា ពេលធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច ថា “​មួកសុវត្ថិភាព​មួយ ការពារ​ជីវិត​បាន​ម្នាក់​” ជាដើម​។​
​ ​
​ដោយឡែក កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​ក្រុមយុវជន​ស្ម័គ្រចិត្ត កាកបាទក្រហម របស់​សាខា​កាកបាទក្រហម រាជធានី​ភ្នំពេញ​ក៏បាន​បន្ត​ចុះ​ផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យ​អ្នកធ្វើដំណើរ​តាម​យានយន្ត គោរព​ច្បាប់​ចរាចរណ៍​ស្លាក​សញ្ញា ចរាចរណ៍ និង​គំនូស​ចរាចរណ៍​ជាដើម

​នៅតាម​បណ្ដា​ស្តុ​ប​គោលដៅ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។ នៅតាម​ភ្លើងស្តុប ក្រុមយុវជន​កាកបាទ​ក្រហម តែងតែ​លើក​ស្លាក អប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ចាក់​មេក្រូ ផ្សព្វផ្សាយ​សារ​ណែនាំ​ពី​សុវត្ថិភាព​ចរាចរណ៍ និង​ឈរលើ​កទង់​សញ្ញា​ក្រើនរំលឹក​ឲ្យ បងប្អូន​អ្នកធ្វើដំណើរ តាម​យានជំនិះ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង អស់គ្នា ព្រោះថា ការគោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​អាយុជីវិត​ខ្លួនឯង និង​អាយុជីវិត​អ្នកដទៃ អាច​ជៀសវាង​នូវ​ការកកស្ទះ​ចរាចរណ៍ ពិសេស​ជៀសវាង​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើអោយ​របួស បាត់បង់​អាយុជីវិត និង​បាត់បង់​ទ្រព្យសម្បត្តិ​។​

​ជាការ​ពិតនៅតាម​ផ្លូវ​រាល់ថ្ងៃ ពិសេស​នៅ​ភ្នំពេញ នៅមាន​ បងប្អូន​អ្នកបើកបរ​យានយន្ត មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​មិនទាន់​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​បាន ខ្ជាប់ខ្ជួន​។ មាន​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​មួយ​ភាគ​តូច​ទេ ដែល​មិនទាន់ ពាក់មួក​សុវត្ថិភាព ជិះ​ម៉ូតូ​មួយ ៣​នាក់ ឈប់​លើ​គំនូស សម្រាប់​ថ្មើរជើង និង​ពេលខ្លះ ភ្លើង​ក្រហម​ហើយ នៅតែ​បើក​ឆ្លងផ្លូវ​ជាដើម​។​

​រីឯ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ តាម​រថយន្ត​វិញ ក៏​នៅ​ភាគតិច​ប៉ុណ្ណោះ​ដែល​ភ្លើងស្តុប ហើយ នៅតែ​បត់​ស្តាំ ឬក៏​ជាន់​ហ្គែ​បន្ថែម​ល្បឿន​ទៅមុខ ឈប់​លើ​គំនូស​ថ្មើរជើង និង ពេលខ្លះ មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ហើយ​បើកបរ​មិន​គោរព​ស្លាក​សញ្ញា និង​ភ្លើង សញ្ញា​ចរាចរណ៍​។​

​ទាំង​អ្នកបើកបរ​ម៉ូតូ និង​ទាំង​អ្នកបើកបរ​ឡាន ដែល​ល្មើសច្បាប់​ចរាចរណ៍ នៅ​ចំណុច ភ្លើងស្តុប គឺ​សម្រាប់តែ​នៅ​ភ្លើងស្តុប​ណា ដែល​មិនមាន​ប៉ូលិស ឈរជើង និង​ដាក់ ពង្រាយ​ត្រួតពិនិត្យ​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ​។​

​មែនទែនទៅ មាន​ទៅ​ធ្ងន់ធ្ងរ​អ្វី គ្រាន់តែ​គោរព​ច្បាប់​ចរាចរណ៍​នោះ​។ អ្នកខ្លះ​មិន​ពាក់មួក សុវត្ថិភាព ពេល​បើកបរ និង​ជិះ​ម៉ូតូ​។ នៅពេល​ប៉ូលិស ស្ទាក់ចាប់ ក៏​បើក​គេច​។ ប៉ុន្តែ​បើ សិន​ជា​គេច​មិន​ផុត​ទេ គឺ​ត្រូវ​ប៉ូលិស​ចាប់​ផាក ដល់​ទៅ ១៥.០០០ រៀល ក្នុង​ម្នាក់​ហើយ តម្លៃ​នេះ បើ​យកទៅ​ទិញ​មួកសុវត្ថិភាព សឹងតែ​បាន​មួក​មួយ ពាក់​រាប់​ឆ្នាំ​។ ម្យ៉ាងទៀត បើសិនជា​បើក​គេច​ពី​ប៉ូលិស តែ​បែរជា​ជ្រុលដៃ​ចង្កូត ប៉ះ​ម៉ូតូ​ឡាន​គេ​វិញ ឬក៏​បុក​ប៉ូលិស ឬក៏​បុក​អ្នកធ្វើដំណើរ​ដទៃទៀត នោះ​នឹង​កាន់តែ​មានរឿង​ធំ​មួយកម្រិត​ទៀត​។​

​អ្នកបើកបរ និង​អ្នកជិះ​ម៉ូតូ​ខ្លះទៀត ពាក់មួក​សុវត្ថិភាព​ពេល​ធ្វើដំណើរ ដើម្បី​កុំ​ឲ្យ​តែ ប៉ូលិស​ចាប់​ផាកពិន័យ​ប៉ុណ្ណោះ​។ ការគិត​ដូច្នេះ គឺជា​ការគិត​ខុស​ទាំងស្រុង​។ ចូរ​ចាំ​ថា មួកសុវត្ថិភាព​មួយ ការពារ​ជីវិត​ម្នាក់ ពោលគឺ​ទាំង​អ្នកបើកបរ ទាំង​អ្នកធ្វើដំណើរ​ជិះ​ពី ក្រោយ​អ្នកបើកបរ​តាម​ម៉ូតូ គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេល​ធ្វើដំណើរ​តាម​ម៉ូតូ​មិន​ថា ជិត ឬ​មិន​ថា​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​យ៉ាងណាទេ ព្រោះថា គ្រោះថ្នាក់​ចរាចរណ៍ យើង​មិន អាច​ដឹង​មុន​ឡើយ​។ បើសិនជា​យើង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ គឺ​មួក សុវត្ថិភាព​នេះឯង ពិតជា​អាចជួយ​យើង​បាន មិន​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​ក្បាល​នោះ ឡើយ​។​
​ ​
​មួយវិញទៀត ចូរ​គិតថា បើសិនជា​អ្នកបើកបរ​ម៉ូតូ​ក្តី ឡាន​ក្តី ឬក៏​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​តាម​ឡាន​ក្តី គឺ​សុទ្ធតែ​ចង់ទៅ​មុខ ឲ្យ​ដល់​គោលដៅ​ឆាប់ៗ ប៉ុន្តែ​បើសិន ជា​អ្នកបើកបរ ម៉ូតូ​ឡាន ឬក៏​អ្នករួមដំណើរ មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​ឈប់​នៅ​ភ្លើងស្តុប​ឬក៏​មិន​ពាក់ មួក សុវត្ថិភាព មិន​ដាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ហើយ​ខំប្រឹង​បើក​រុល​ឆ្លង ភ្លើងស្តុប​ក្រហម ទាំង​ល្មើស ច្បាប់ គឺ​នៅពេល​ត្រូវ​ប៉ូលិស​ស្ទាក់ចាប់ គឺ​រឹតតែ​ខាត​ពេល​ផង និង​ត្រូវ​ប៉ូលិស​ពិន័យ​អស់​លុយ​ថែម​មួយកម្រិត​ទៀត​។ ឬក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នោះ​កាន់តែ​វែងឆ្ងាយ​ហើយ​។ ដូច្នេះ​គ្រាន់តែ​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ តែមួយ​នាទី ឬ​ច្រើនជាង​មួយ​នាទី គឺ​មិន​ខាត​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​នោះទេ​។​
​ ​
​រីឯ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ គឺ​ទាំង​អ្នកបើកបរ និង​ទាំង​អ្នករួមដំណើរ​ពីក្រោយ​ក៏ត្រូវ​តែមាន មួកសុវត្ថិភាព​គ្រប់គ្នា ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង​ផង និង​ដើម្បី​សុវត្ថិភាព​អ្នកដទៃ​ផង​។ ឈប់​ក្រោយ​គំនូស​ថ្មើរជើង កាត់​ទទឹងផ្លូវ នៅ​ចំណុច​ភ្លើងស្តុប តាមច្បាប់​កំណត់ ព្រោះ ថា បើ​នាំគ្នា​រុល​ទៅ​ឈប់​លើ​គំនូស​ដាច់ៗ កាត់​ទទឹងផ្លូវ សម្រាប់​ថ្មើរជើង​ក៏​អ្នកបើកបរ ម៉ូតូ​ឡាន​នោះ មិនអាច​ឆ្លង​ស្តុ​ប ដែលមាន​ភ្លើងពណ៌​ក្រហម បាន​ឯណា​? ដូច្នេះ​ខុសត្រូវ គ្នា​ពីរ​បី​ម៉ែត្រ ហេតុអ្វី​ក៏​មិន​គោរព​ច្បាប់ ហើយ​ទុក​ផ្លូវ សម្រាប់​ថ្មើរជើង​ទៅ​?​។​
​ ​
​ម្យ៉ាងវិញទៀត មិន​ថា អ្នកបើកបរ​ម៉ូតូ អ្នកបើកបរ​ម៉ូតូ​កង់​បី ឬ​អ្នកបើកបរ​រថយន្ត​នោះទេ ក៏​គួរតែ​ចូលរៀន​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​តាម រាជធានី ខេត្ត ទូទាំងប្រទេស បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃ​សៅរ៍ អាទិត្យ​។ មួយវិញទៀត សាលារៀន​បើកបរ​ឯកជន​ក៏បាន​បើក​បង្រៀន​បើកបរ​យ៉ាង ច្រើន​ផងដែរ​។ បើសិនជា​អ្នក បើក បរ​យានយន្ត​គ្រប់​ប្រភេទ យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ នោះអាជ្ញាធរ​សមត្ថកិច្ច រាប់ទាំង​យុវជន​កាកបាទក្រហម​កម្ពុជា​ក៏​មិន​ពិបាក​ចុះ​ណែនាំ អប់រំ ឬក៏​និយាយបានថា មិនចាំបាច់ រង់ចាំ​បក់ផ្សែង​ទៀតឡើយ​។​

​សរុបមក ការអប់រំ ណែនាំ ផ្សព្វផ្សាយ ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏ដូចជា​ការគោរព ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ត្រឹមត្រូវ មានតម្លៃ​ស្មើនឹង​ការចេះ​ស្រឡាញ់​អាយុជីវិត​ខ្លួនឯង​ផង និង​អាយុជីវិត​អ្នកដទៃ​ផង​។ ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក៏​ដើម្បី​កាត់ បន្ថយ​ការគ្រោះ ថ្នាក់​ចរាចរណ៍ ក៏ដូចជា​ការកកស្ទះ​ចរាចរណ៍​ហើយ​ការបើក​បរមាន សណ្ដាប់ធ្នាប់​ល្អ ក៏​ជា​សេចក្តីថ្លៃថ្នូរ​របស់​យើង​គ្រប់ៗ​គ្នា​ដែរ​៕ ដោយ​៖ ម៉េង​ឆៃ​