បរិយាយ​លេខ​នេះ​៖ គ្រោះធម្មជាតិ ច្រើនជាង​ការអភិវឌ្ឍ​!

532
ចែករម្លែក

ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ពុំ​ធ្លាប់មាន ចាប់តាំងពី​ថ្ងៃទី​០៨ និង​បន្ត​ដល់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ដ៏​ខ្លាំង នៅ​ខេត្ត​ព្រះសីហនុ​។ ផ្ទះ ភោជនីយដ្ឋាន សណ្ឋាគារ កាស៊ីណូ និង​ផ្លូវ​ជាច្រើន នៅ​តំបន់​ទំនាប ត្រូវ​លិចលង់ ហើយ​កន្លែង​ខ្លះទឹកភ្លៀង​លិច​ដល់​ជាង ១​ម៉ែត្រ​។​

​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ក្នុងស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ក៏ត្រូវ​ទឹកភ្លៀង​ជន់​លិច ហើយ​ត្រូវ​ផ្អាក​ចរាចរណ៍​មួយរយៈ កាលពី​រសៀលថ្ងៃទី​០៩ ខែសីហា ខណៈ​ផ្លូវជាតិ​លេខ​៤៥ ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏បាន​បាក់ស្រុត ដោយសារតែ​ជំនន់​ទឹកភ្លៀង​។​

​ក្រៅពីនេះ យ៉ាងហោចណាស់ មាន​មនុ​សុ្ស ៣​នាក់ បាន​ស្លាប់ ដែល​ក្នុងនោះ​២​នាក់​ប្តី ប្រពន្ធ ជា​កម្មករ​ជនជាតិខ្មែរ និង​បុរស​មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ដោយសារ​របង​ថ្មរលំ​សង្កត់ នៅ​ការដ្ឋាន​ផ្សេងគ្នា ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩​។​

​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាសថា បាន​កើតឡើង​ដោយសារតែ​ភ្លៀង​ធ្លាក់​គំហុក​ជាប់ៗ​គ្នា ក្នុង​កម្រិត​ខ្លាំង​មាន​បរិមាណជាង​រយ​មិលី្ល​ម៉ែត្រ​ជាប់ៗ​គ្នា ស្ទើរ​រៀងរាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​០១ ខែសីហាមក​ម្ល៉េះ។ គិត​មកដល់​ថ្ងៃទី​០៩​សីហា ឆ្នាំ​២០១៩ បរិមាណ​ភ្លៀង​សរុប មាន​រហូតដល់ ៨១៤ មិលី្ល​ម៉ែត្រ និង​បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។ នេះ​ជាហេតុ​បណ្តាល​ឲ្យ​មានជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​កើតមានឡើង​។

​ទន្ទឹមនឹង​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់​រួមសហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះ សីហនុ ដើម្បី​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ផងដែរ​។​

​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ព្រះសីហនុ នាពេលនេះ​មានមតិ​មួយចំនួន​បង្ហោះ​តាម​ហ្វេ​សប៊ុ​ក លើកឡើងថា មកពី​ការអភិវឌ្ឍ សំណង់​អគារ​ខ្ពស់ ពិសេស​ការដ្ឋាន​របស់​ចិន សាងសង់​បិទផ្លូវ​ទឹក លុប​បឹង​ប្រឡាយ ជាដើម​ដែល​នាំ​ឲ្យ​ពេល​ភ្លៀង​មិនមាន​ផ្លូវទឹក​ហូរ​។​ល​។ និង​។​ល​។​

​យ៉ាងណាក៏ដោយ ជំនន់​ទឹកភ្លៀង នា​ប៉ុន្មាន​ថ្ងៃនេះ ក៏បាន​កើតឡើង​យ៉ាងធ្ងន់ធ្ងរ​ដែរនៅ​ខេត្តរតនគិរី ដោយ​ទឹក​ទន្លេស្រែពក បាន​ឡើង​យ៉ាងគំហុក​បណ្តាល​ឲ្យ​មានការ​ប៉ះ ពាល់​ដល់​ស្រុក​ចំនួន ២ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​។ ជំនន់​នៅ​ទន្លេស្រែពក កើតឡើង​ដោយសារតែ​ទឹកភ្លៀង​ខ្លាំងនៅ​ទឹកដី​ប្រទេស​វៀតណាម​។​

​ជាការ​កត់សម្គាល់ នៅ​ខេត្តរតនគិរី មិនមាន​សំណង់​អគារ​ខ្ពស់ៗ​ច្រើន​ដូច​នៅ​ខេត្ត ព្រះសីហនុ​ឯណា ចុះ​ហេតុអ្វីក៏​កើតមាន​ជំនន់​ទឹកភ្លៀង​ដែរ​?

​ដូចនេះ ដូច​ការលើកឡើង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយមប្រកាស គឺ​ការ​លិចលង់ដែល​បាន និង​កំពុង​កើតមាន​នេះ គឺ​បណ្តាលមកពី​បាតុភូតធម្មជាតិ​។ ចំពោះស្ថានភាព​បែប​ប​នេះ មិនមែន​មានតែ​កម្ពុជា​យើង​នោះទេ សូម្បីតែ​បណ្តា​ប្រទេសដែល​ហៅថា ជឿនលឿន និង​អភិវឌ្ឍន៍​ក៏​មិនអាច​ជៀស​រួច​ដែរ​។​

​សំខាន់ៗ ចំពោះមុខ​គ្រោះទឹកជំនន់​ទឹកភ្លៀង នាពេលនេះ គឺ​ដំណោះស្រាយ​ជួយ សង្គ្រោះ​ជនរងគ្រោះ និង​កាយ​ផ្លូវទឹករំដោះ​ទឹក​។​

​ជា​វិធានការ​ជាក់ស្តែង ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុនសែន​បានដាក់​ចេញវិធានការ​បន្ទាន់ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ពិសេស​នៅ​ខេត្ត​រតនគីរី ដែល​រួមមាន ការបញ្ចេញ​កាណូត និង​អូប័រ​ធំៗ រហូតដល់​ទៅ ៧០​គ្រឿង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ព្រម​ជាមួយនឹង​ការឧបត្ថម្ភ​ស្បៀងអាហារ និង សម្ភារប្រើប្រាស់​ចាំបាច់​មួយចំនួន​។​

​អាជ្ញាធរ​សមត្ថកិច្ច គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហម​ពិសេសអាជ្ញាធរខេត្ត​ស្រុក​ក្រុង​ខណ្ឌ​សង្កាត់​ឃុំ​ភូមិ ពិសេស​កងទ័ព ពោលគឺ​ប្រើ​កម្លាំង​សរុបចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជម្លៀស​ពី​តំបន់​ទឹក​លិចទៅ​កាន់​ទីទួលសុវត្ថិភាព​។ ស្បៀងអាហារ ថ្នាំពេទ្យ ក៏ត្រូវ​បាន​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​។ រីឯ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ទឹក​លិច ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​កូនចៅ​តូចៗ មិនគួរ​បណ្តោយ​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្លួន ឬ​ចុះ​លេង​ទឹក ដែល​នាំ​មហន្តរាយ​លង់ទឹក​ស្លាប់នោះទេ​៕ ដោយ​៖ ម៉េង​ឆៃ​/Ha

#