បរិយាយ​លេខ​នេះ​៖ ធ្វើបុណ្យ បុណ្យ​ជួយ ធ្វើជា​មួយ​អា​មួយ អា​មួយ​ឲ្យ​ទោស​!

1394
ចែករម្លែក

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ​ភារកិច្ច លោក សួន បវរ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រីថ្នាក់​លេខ​២ ពី​អភិបាល នៃ​គណៈ​អភិបាលខេត្តបន្ទាយមានជ័យ ឲ្យ​មក​បម្រើ​ការងារនៅ​ទីស្តីការក្រសួងមហាផ្ទៃ ដើម្បី​ទទួលភារកិច្ច​ថ្មី​។
​ ​
​ក្នុង​ព្រះរាជក្រឹត្យ​ដដែល ព្រះករុណា ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ តែងតាំង​លោក អ៊ុំ រាត្រី ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​។​
​ ​
​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្លាស់ប្តូរ​អភិបាលខេត្ត​បន្ទាយមានជ័យ នាពេលនេះ បន្ទាប់ពី​មាន​លិខិត​ក្រាបបង្គំ​ទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​។​
​ ​
​ក្នុង​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ថា “​ការផ្ទេរភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយ​មានជ័យ តែងតាំង​ឯកឧត្តម អ៊ុំ រាត្រី ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយ មានជ័យ ជំនួស​ឯកឧត្តម សួន បវរ ផ្អែក​តាម​សេចក្តីត្រូវការ​ចាំបាច់ របស់​រាជរដ្ឋាភិបាល និង​ដោយបាន​ពិនិត្យ​ទៅលើលក្ខណសម្បត្តិ សមត្ថភាព និង​បទពិសោធន៍ ការងារ​របស់​មន្ត្រីរាជកា​រ​ព្រមទាំង ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការ ដឹកនាំ និង​ការគ្រប់គ្រង​ការងារ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ឲ្យ​មានដំណើរ​ការល្អប្រសើរ​”​។​
​ ​
​ក្នុង​លិខិត​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានទូល​ស្នើសុំ​ព្រះមហាក្សត្រ​ត្រាស់បង្គាប់ ផ្ទេរ​បញ្ចូល​លោក គឹ​ង វណ្ណៈ ពី​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក អត្តលេខ ៦៤៥៥៥ នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា មកជា​ឋានន្តរស័ក្តិ ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បី​មាន​ឧបនិស្ស័យ​តែងតាំងមុខតំណែង ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​
​ ​
​កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​លិខិត ប្រកាសថា ការរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ នឹងធ្វើ​ឡើងនៅ​ម៉ោង ៨:៣០ នាទី​ព្រឹក ថ្ងៃ​សុក្រ ទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ ខេត្តបន្ទាយមានជ័យ​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ ព្រមទាំង​មន្ត្រីរាជការ​ជាន់ខ្ពស់ មួយ ចំនួន ចូលរួម​ផងដែរ​។
​ ​
​ក្រសួងមហាផ្ទៃ បាន​ជម្រាប​ទៅកាន់​អភិបាលខេត្ត​បន្ទាយមានជ័យ ចាត់​ឲ្យ​ធ្វើការ អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត រួមមាន ក្រុមប្រឹក្សា និង​គណៈ អភិបាលខេត្ត នាយក នាយករង​រដ្ឋបាល នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ទាំងអស់ ចំណុះ​សាលាខេត្ត ស្នងការ នៃ​ស្នងការដ្ឋាន នគរ បាល​ខេត្ត មេបញ្ជាការ នៃ​កង​រាជ អាវុធហត្ថ​ខេត្ត មេបញ្ជាការ នៃ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព នានា​ជុំវិញ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា និង អភិបាលក្រុង ស្រុក​អធិការ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​ស្រុក មេឃុំ ចៅសង្កាត់ និង​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​ជាការ​កត់សម្គាល់ ការផ្លាស់ប្ដូរ​ភារកិច្ច អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ ដែល​បាន​ចូលកាន់​តំណែង ជា​អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ខែមីនា ឆ្នាំ​២០១៦ គឺ​បាន​កើតមានឡើង ក្រោយពី​លោក សួន បវរ ត្រូវបាន​ស្ដ្រី​ម្នាក់​អះអាងថា ជា​ស្រី​ស្នេហ៍ បាន​ប្តឹង​តាម​ហ្វេ​ស​ប៊ុ​ក និង​លើក​បដា​តវ៉ា​ពាក់ព័ន្ធ​ទៅនឹង​ចំណងស្នេហា ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​។

​ទីបំផុត សំណុំរឿង​ស្នេហា រវាង​លោក សួន បវរ និង​ស្ត្រី​នោះ បាន​ចរចា ដោះស្រាយដោយ​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៩ ហើយ​លោក​សួន បវរ តាមរយៈ​មេធាវី បានប្រគល់​លុយ ២ ម៉ឺន​ដុល្លារ ដល់​ស្ត្រីជា​អតីត​គូស្នេហ៍​នោះ​។​

​យ៉ាងណា​ក៏ដោយចុះ ករណី​ផ្ទេរ​ភារកិច្ច លោក សួន បវរ ចេញពី​អភិបាលខេត្ត បន្ទាយមានជ័យ នាពេលនេះ ជាការ​វះកាត់ នៅក្នុង​អភិក្រម​ទី​៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ នោះ​គឺ​ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។ វះកាត់​មន្ត្រី​ខិលខូច មន្ត្រី​មានរឿង​អាស្រូវ ព្រោះថា សម្តេច​តេ​ជោ ហត់នឿយ និង​មិនមាន​ពេលដើម្បី​ណែនាំ តម្រែតម្រង់​មន្ត្រី​មិនល្អ​ទាំងនោះ​ទៀត​ទេ​។​

​ករណី​អស់បុណ្យ​សក្តិ ដោយសារតែ​ស្រី​ស្នេហ៍​នេះ ក៏បាន​កើតឡើង​រួចមកហើយ លើ​អតីត​អភិបាល​ខេត្តតាកែវ លោក​ឡាយ វណ្ណៈ កាលពី​ខែមីនា ឆ្នាំ​២០១៨​។ ករណីអតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ គឺ​មិន​ត្រឹមតែ​អស់តំណែង​ទេ តែ​ក៏ត្រូវជាប់ពន្ធនាគារ​ថែមទៀត​ដោយសារតែ​ជាប់ចោទ​ក្នុង​សំណុំរឿង​សម្លាប់​ស្ត្រី​កំណាន់ លួចលាក់​នោះ​។​

​ដោយឡែក រឿងអាស្រូវ​ផ្លូវភេទ​នេះ រហូតដល់​បាត់បង់​មុខតំណែង​ក៏បាន​កើតឡើងចំពោះ​លោក ស ថា​វី ផងដែរ នៅពេល​អតីត​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​រូបនេះ បាន​បង្កាត់ភ្លើង​ស្នេហា​លួចលាក់ ជាមួយ​ស្ត្រី​វៀតណាម​ម្នាក់​រហូត​មានកូន​ពីរ​នាក់ នៅ​សង្កាត់​អូរ​ស្មាច់ និង​កាង​របរ​បញ្ចាំ និង​ទិញ​ផល​ចោរ​រកម្ម ហើយ​ករណី​នោះ ក៏​កើតជា​ការរំលោភ​អំណាច ដូចជា​ដក​ហូត​តំណែង​មន្ត្រី​សមត្ថកិច្ច​ណា​ដែល​ហ៊ានទៅ​ស៊ើបអង្កេត បង្ក្រាប​បទល្មើស​នៅផ្ទះ​ស្រី​កំណាន់​របស់លោក​នោះ​។​

​សរុបមក ពាក្យចាស់​លោក​ពោលថា “​ធ្វើបុណ្យ បុណ្យ​ជួយ តែបើ​ធ្វើ​ជាមួយ​អា​មួយ អា​មួយ​ឲ្យ​ទោស​”​។ ពាក្យ​មួយ​ឃ្លា​នេះ នៅតែ​មានន័យ​គ្រប់​កាលៈទេសៈ ហើយ​បុរសៗ ពិសេស​អ្នកធំៗ គួរតែ​គិត និង​នឹកឃើញ​ពាក្យ​នេះ​។ តែបើ​ចេះ​សប្បាយ ចេះ​ខូច​ស្រី​ញី ក៏ត្រូវ​ចេះ​ជូត​មាត់ ដោះស្រាយ​។ កុំ​ឲ្យ​ព្រោះតែ​រឿង​ស្នេហា បង្ក​ជា​បញ្ហាអស់បុណ្យ អស់​ស័ក្តិ និង​ខូច​កិត្តិយស​ដូច្នេះ​៕ ដោយ​៖ ម៉េង​ឆៃ/Ha