បរិយាយ​លេខ​នេះ​៖ មន្ត្រី​មូលដ្ឋាន កុំ​ខ្លាច​បញ្ហា ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ប្រៀប​ដូច​ឪពុកម្តាយ​!

543
ចែករម្លែក

​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់ ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ អាណត្តិ​ទី​៣ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​សង្កាត់ និង​ខណ្ឌ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ ឲ្យ​បាន​ញឹកញាប់ ដើម្បី​ស្តាប់​មតិយោបល់ និង​ប្រមូល​នូវ​បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​សំណូមពរ​ពួកគាត់ ដើម្បី​យកមក​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​
​ ​
​លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ការផ្តល់សេវា​សាធារណៈកា​ន់​តែមាន​ប្រសិទ្ធ ភាព​ថែមទៀត ក្រុមប្រឹក្សា​ខណ្ឌ ត្រូវតែ​ចូលរួម​យ៉ាងសកម្ម​លើ​ការងារ​នេះ ព្រោះថា ក្រុមប្រឹក្សា​ខណ្ឌ គឺជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់ខ្លួន ដូច្នេះ​រាល់​កង្វល់ រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ ក្រុមប្រឹក្សា​ខណ្ឌ ត្រូវតែ​ដឹង និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេល​។​

​ក្នុងនោះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ការិយាល័យ​ច្រកចេញ ចូល​តែមួយ ដែល​នៅតាម​ខណ្ឌ​នីមួយៗ គឺ​អាជ្ញាធរ​ខណ្ឌ មាន​តួនាទី​ត្រួត​ពិនិត្យមើល ពី​ដំណើរការ​របស់ខ្លួន ថា​តើ​បានធ្វើ​ការងារ ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​នេះ​បានល្អ ឬទេ​? បើ​ទោះ​កន្លងមកនេះ ការបម្រើ​សេវា តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​មួយចំនួន​ក៏ដោយ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដោយ​សម្តេច​បាន​គាំទ្រ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ នៅតាម​ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​បើក​វេទិកាសាធារណៈ​ឲ្យ បាន​ច្រើន នៅតាម​ខណ្ឌ ស្រុក ក្រុង ឃុំ សង្កាត់ ឬ​អាច​ទៅដល់​ភូមិ​ផង កាន់តែ​ប្រសើរ​។ វេទិកា​នេះ ត្រូវ​រៀបចំ​ឲ្យ​សាមញ្ញ ដើម្បី​ពលរដ្ឋ អាច​បញ្ចេញមតិ លើក​ពី​ចម្ងល់ ឬ​បញ្ហាប្រឈម និង​សំណូមពរ​ផ្សេងៗ​។ ចំណែក​អាជ្ញាធរ​ត្រូវ​ប្រមូលយក​បញ្ហា​របស់​ប្រជាពលរដ្ឋ​ទាំងអស់នោះ មក​ពិចារណា និង​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​ជាការ​ពិត អាជ្ញាធរ​សមត្ថកិច្ច​ប្រៀបដូចជា​អាណាព្យាបាល ឬ​ជា​ឪពុកម្តាយ​របស់ ប្រជាពលរដ្ឋ​។ ពោលគឺ​រាល់​បញ្ហា​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​លើកឡើង និង​ស្វែងរក​អាជ្ញាធរ តាំងពី​ថ្នាក់ភូមិ ឃុំ​សង្កាត់ ក្រុង​ស្រុក​ខណ្ឌ ឡើង​រហូតដល់​រាជធានី ខេត្ត ដើម្បី​ដោះស្រាយ ដោយ​សន្តិវិធី និង​ឈរលើ​គោលការណ៍​យុត្តិធម៌ តម្លាភាព តាមច្បាប់​ទម្លាប់​ត្រឹមត្រូវ​។​

​ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​នៅ​ថ្នាក់ភូមិ ឃុំ សង្កាត់ និង​នៅ​ថ្នាក់ក្រុង​ស្រុក ខណ្ឌ ក៏​គួរតែ​ប្រកាន់​នូវ​ឥរិយាបថ ប្រៀបដូចជា​ឪពុកម្តាយ ប្រកបដោយ​ព្រហ្ម​វិហារធម៌ ៤ ប្រការ គឺ ១-​មេត្តា ដែលជា​ការស្រឡាញ់​រាប់អាន​គ្នា ដោយ​សុទ្ធចិត្ត ការមិន​ប្រើ​អំពើ ហិង្សា​ដាក់គ្នា ២-​ករុណា គឺ​សេចក្តី​អាណត្តិ​អាសូរ​ដល់​គ្នា ការ​ប្រាថ្នា​ចង់​ឲ្យ​អ្នកដទៃ បាន​សុខ ៣-​មុទិតា ការមិន​ច្រណែនឈ្នានីស​គ្នា ឬ​ការ​ត្រេកអរ​នឹង​អ្នកដទៃ​បាន​សុខ និង​៤-​ឧបេក្ខា គឺ​ការតាំង​ចិត្តជា​កណ្តាល​ប្រកបដោយ​ភាពយុត្តិធម៌ មិន​លំអៀង ដោយ​អគតិ​ធម៌ ទាំង ៤​ប្រការ​។​

​ជាមួយគ្នានេះ អាជ្ញាធរ​សមត្ថកិច្ច នៅ​មូលដ្ឋាន នៅ​ភូមិ​ឃុំ​សង្កាត់ ក្រុង ស្រុក ខណ្ឌ និង​នៅ​ថ្នាក់​ខេត្ត ក៏ដូចជា​ថ្នាក់ជាតិ ក៏​គួរតែ​ជៀសវាង​នូវ​អគតិ​ធម៌​ទាំង ៤​ប្រការ រួមមាន​៖ ១-​ឆន្ទាគតិ គឺ​ការ​លំអៀង ព្រោះ​ស្រឡាញ់ ២-​ទោសាគតិ គឺ​ការ​លំអៀង​ព្រោះ​ស្អប់ ៣-​មោហាគតិ គឺ​ការ​លំអៀង​ព្រោះ​ល្ងង់ និង​៤-​ភយាគតិ គឺ​ការ​លំអៀង​ព្រោះ​ខ្លាច​។​

​ក្រៅពី​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​ទាំង ៤ រួមទាំង​ជៀសវាង​នូវ​អគតិ​ធម៌​ទាំង ៤​ប្រការ ខាងលើនេះ អាជ្ញាធរ​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ក៏​គួរតែ​កុំ​មើល​លុយ​ជាធំ​ព្រោះ​គឺ​មិន ត្រូវ​ស៊ីសំណូក ពី​ភាគី​ជម្លោះ​ណាមួយ​ឡើយ​។ ការទទួល​យកលុយ​ពី​ភាគី​ណាមួយ ដែលជា​ប្រជាពលរដ្ឋ ក្នុង​រឿង​ជម្លោះ នឹង​នាំ​ឲ្យ​ដោះស្រាយ​បញ្ហា មិន​ត្រឹមត្រូវ​ខុស ការពិត ហើយ​ភាគី​ម្ខាង​ទៀត ក៏​មិន​ទទួលស្គាល់​នូវ​ដំណោះស្រាយ​នោះដែរ​។​

​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មធ្យោបាយ ល្អ​បំផុត​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​ដោះស្រាយ​ជម្លោះ នៅ​មូលដ្ឋាន​តាមរយៈ ការផ្សះផ្សារ ដោយ​ផ្អែកលើ​ការពិត ត្រឹមត្រូវ និង​បញ្ចប់​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ប្រៀបបាន​នឹង​ម្តាយ​ឪពុក ដោះស្រាយ​បញ្ហា​របស់​កូនៗ ឈ្លោះ​គ្នា ហើយ​ធ្វើ​ឲ្យ​កូនៗ នៅ​រួមរស់​សុខសាន្ត​ជាមួយគ្នា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ក្នុងនាម ជា​អ្នកជិតខាង​គ្នា​។

​រីឯ​ប្រជាពលរដ្ឋ ក៏​គួរតែ​យោគយល់​អធ្យាស្រ័យ​គ្នា​។ ប្រជាពលរដ្ឋ​គួរតែ​កុំ​នាំ​បញ្ហា​ដល់ អាជ្ញាធរ សមត្ថកិច្ច និង​គួរតែ​ចូលរួម​ក្នុង​នយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ព្រមទាំង ការចូលរួម​សម្អាត​បរិស្ថាន បោសសម្អាត​សំរាម និង​វេច​ខ្ចប់​សំរាម​។ ប្រជាពលរដ្ឋ ក៏​គួរតែ​ចូលរួម​ថែរក្សា​ផ្លូវ និង​លូបង្ហូរទឹក​ស្អុយ ដោយ​កុំ​ឲ្យ​សំរាម ចូល​លូ​បណ្តាល​ឲ្យ កកស្ទះ ហើយ​គួរតែ​រួមគ្នា​ស្តារលូ ដើម្បី​កុំ​ឲ្យ​ស្ទះ បង្ក​ជា​ទឹក​លិច​ផ្លូវ នៅពេល​មាន​ភ្លៀង ជាដើម​។​

​អំពី​បញ្ហា​សុខ​សុវត្ថិភាព នៅតាម​មូលដ្ឋាន ក៏​គួរតែ​អាជ្ញាធរ​សមត្ថកិច្ច ចាប់ពី​ថ្នាក់ភូមិ ឃុំ​សង្កាត់ ក្រុង​ស្រុក​ខណ្ឌ រហូតដល់​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​ប៉ូលិស តាម​លំដាប់ថ្នាក់ ចាត់វិធានការ ចាត់​កម្លាំង​យាមល្បាត បង្ក្រាប​រាល់​បញ្ហា​អសកម្ម ពិសេស​ករណី​លួច​ឆក់​ប្លន់ ចោរ​គាស់​ផ្ទះ និង​ក្មេង​ទំនើង ការប្រើប្រាស់​គ្រឿងញៀន ជាដើម ក៏​គួរតែ​បង្ក្រាប ហើយក៏​មិនគួរ​ទុក​ចោរ ដើម្បី​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​អ្វីដែល ប្រជាពលរដ្ឋ បានលើកឡើង​កន្លងមក​នោះទេ​។​

​សរុបមក ក្រៅពី​ការពារ​សុខ​សុវត្ថិភាព ដោយ​គ្មាន​ការរើសអើង​ដល់​ប្រជាពលរដ្ឋ​ទាំង អស់ហើយ​នោះ អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់​ក៏​គួរតែ​ចូលរួម​ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ ដោយ​ប្រកាន់​នូវ​ព្រហ្ម​វិហារធម៌ ៤ ប្រការ និង​ជៀសវាង​ឲ្យ​ខាង​តែ បាន​នូវ​អគតិ​ធម៌​ទាំង ៤​ប្រការ​ផងដែរ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រៀបបាន​ដូច​ឪពុក ម្តាយ និង​ជា​អាជ្ញាកណ្តាល​។ រីឯ​ប្រជាពលរដ្ឋ ប្រៀបដូចជា​កូនចៅ​។ សូម​រួមគ្នា ដើម្បី​សង្គមជាតិ សុខសាន្ត​៕ ដោយ​៖ ម៉េង​ឆៃ​