បរិយាយ​លេខ​នេះ​៖ មរតក​ជា​ស្នាដៃ​និពន្ធ​របស់​កវី គ​ង្គ ប៊ុន​ឈឿន ត្រូវបាន​ទទួលស្គាល់​!

742
ចែករម្លែក

​មរតក​បទ​ចម្រៀង ដែលមាន​ចំណងជើង​ថា “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ដែលជា​ស្នាដៃនិពន្ធ ទាំង​បទ​ភ្លេង និង​ទាំង​ទំនុកច្រៀង របស់​កវីនិពន្ធ​ដងស្ទឹង​សង្កែ លោក គ​ង្គ ប៊ុន​ឈឿន ត្រូវបានក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដល់លោកស្រី តាត គឹម​លន ( ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សរសេរថា គាត គឹម​លន ) គឺជា​ភរិយា​របស់លោក​គ​ង្គ​ប៊ុន​ឈឿន ដែល​បច្ចុប្បន្ន រស់នៅ​ប្រទេស​ន័​រ​វែ​ស​។

​សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ចុះហត្ថលេខាដោយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​សេចក្តីសម្រេច បាន​លើកឡើងថា ផ្អែក​តាម​ការពិនិត្យ និង​សិក្សា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ទាំង​ភស្តុតាង និង​សាក្សី ក្រសួង​បានសម្រេច​អនុញ្ញាត​ប្រគល់ជូនលោកស្រី តាត គឹម​លន ដើម្បី​គ្រប់គ្រង​នូវ​បទ​ចម្រៀង “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”​ច្រៀងដោយ​លោកស្រី រស់ សេរី​សុទ្ធា​។ បទ​ចម្រៀង​នេះ ពិតជា​ស្នាដៃ​និពន្ធ​របស់លោក គ​ង្គ ប៊ុន​ឈឿន ទាំង​បទ​ភ្លេង និង​ទំនុកច្រៀង​។

​ការសម្រេច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខាងលើនេះ បានធ្វើ​ឡើង​តាម​ការស្នើសុំ របស់លោក​ស្រី គាត គឹម​លន ជា​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន និង​យោងតាម​សេចក្តីជូនដំណឹង លេខ​៣៥ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ របស់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្តីពី​ការប្តឹង​ជំទាស់​នៃ​ការស្នើសុំ​គ្រប់គ្រង​មរតកសាសន៍ របស់លោក​ស្រី តាត គឹម​លន​។ មរតក​បទ​ចម្រៀង “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ដែល​គេ​ច្រឡំ​ហៅថា បទ “​នឹក​ភូមិ​ភ្នំ​ធំ​”​។ ថ្មីៗ​នេះ មាន​ផលិតកម្ម​មួយក្នុងស្រុក បាន​យក​បទ​ចម្រៀង​នេះទៅ​ច្រៀង​ជាមួយនឹង​ការ​កាឡៃ​ខុសពី​សភាព​ដើម​។​
​ ​
​ក្រៅ​ពីបទ​ចម្រៀង​មួយ​បទ​នេះ ស្នាដៃ​និពន្ធ​របស់​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន ជាច្រើនផ្សេងទៀត ក៏ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ទទួលស្គាល់កម្មសិទ្ធិបញ្ញា និង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ជូន​ដល់​ទាយាទ​នៃ​អ្នកនិពន្ធ និង​អ្នកចម្រៀង ជាពិសេស​បទ​ចម្រៀង​ជាច្រើន​របស់​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត​។​

​កើត​នៅ​ថ្ងៃ​១៨ ខែតុលា ឆ្នាំ​១៩៣៩ លោក គ​ង្គ ប៊ុន​ឈឿន មាន​ស្រុកកំណើត នៅ​ភូមិ ចម្ការ​សំរោង ឃុំ​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ឪពុក​ឈ្មោះ គ​ង្គ ឈិន ជា​អ្នក​ខេត្តតាកែវ និង​ម្តាយ​ឈ្មោះ ម៉​រ ភឹង ជា​អ្នកស្រុក​បាត់ដំបង​។​

​លោក គ​ង្គ ប៊ុន​ឈឿន បាន​ចូលប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ នៅ​ឆ្នាំ​១៩៥៥ ហើយ​បានប្រឡង​ជាប់​ពានរង្វាន់​លេខ​១ ក្នុងឱកាស​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ឆ្នាំ​១៩៥៧​នៅ​ខេត្តបាត់ដំបង តាមរយៈ​ស្នាដៃ​ឈ្មោះ “​ស្នេហ៍​លុះ​អវសាន​”​។​

​លោក គ​ង្គ ប៊ុន​ឈឿន ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ជា​អ្នកនិពន្ធ​ដ៏​ឆ្នើម​ម្នាក់របស់​កម្ពុជា រហូតដល់​ប្រសិទ្ធ​នាម​ជូន​លោក​ថា ជា​កវី​ដងស្ទឹង​សង្កែ ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ផ្នែក​តែង​និពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មាន​ប្រលោមលោក និង​ផលិតបានជា​ចម្រៀង​ជាច្រើន​បទ ដែលមាន​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត លោក អ៊ឹង ណា​រី អ្នកស្រី រស់ សេរី​សុទ្ធា និង​អ្នកស្រី ប៉ែន រ៉​ន ជា​អ្នក​ច្រៀង​។​
​ ​
​លោក គ​ង្គ ប៊ុន​ឈឿន បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី តាត គឹម​លន នៅ​ឆ្នាំ ១៩៦៣ ហើយ​មានកូន​ចំនួន ៦​នាក់ គឺ​ប្រុស​ម្នាក់ និង​ស្រី ៥​នាក់ ហើយ​ក្នុងនោះកូន ៥​នាក់ បាន​ទៅ​រស់នៅ​ប្រទេស​ន័​រវេ​ស និង​កូនស្រី​ម្នាក់ រស់នៅក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
​ស្នាដៃ​របស់​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន ភាគច្រើន​បង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង នៅក្នុងសង្គមជាតិ ដែល​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ចង់ឃើញ និង​ចង់​ទស្សនា​ដល់ទីកន្លែង ជាពិសេស​ទឹកដី​ស្រុកកំណើត​របស់លោក ដងស្ទឹង​សង្កែ វត្ត​ដំរី​ក្នុង​ខេត្តបាត់ដំបង ជាដើម​។​

​បទ​ចម្រៀង​ល្បីៗ​ទាំងនោះ រួមមាន ម្លប់​ដូង​ទី​១០ អារ​សាច់​ជូន​ម្ដាយ អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ កូនស្រី​អ្នកនេសាទ និង​បទរំដួល​ដងស្ទឹង​សង្កែ ជាដើម​។​
​ ​
​លោក គ​ង្គ ប៊ុន​ឈឿន បានទទួល​មរណភាពកាលពី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ ៧៧​ឆ្នាំ នៅក្នុង​មន្ទីរពេទ្យ​មួយនៅ​ប្រទេស​ន័​រវេ​ស បន្ទាប់ពី ធ្លាក់ខ្លួន​ឈឺ​ប្រមាណ ៣​ឆ្នាំ ដោយសារ​ជំងឺមហារីក​តម្រងនោម​។​
​ ​
​អដ្ឋិធាតុ​របស់​កវី​ដ​ង​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន ត្រូវបាន​សាច់ញាតិ​នាំ​ពី​ប្រទេស​ន័​រវេ​ស មកកាន់​ប្រទេស​កម្ពុជា នា​ខែឧសភា ឆ្នាំ​២០១៨ និង​យកទៅ​តម្កល់ទុក នៅក្នុង​វត្តកណ្តាល ទឹកដី​ខេត្តបាត់ដំបង ដែលជា​ស្រុកកំណើត​របស់លោក​។​
​ ​
​ការសម្រេច​ប្រគល់​សិទ្ធិ​ដល់​ភរិយា​របស់លោក គ្រប់គ្រង​មរតក​បទ​ចម្រៀង ដែលមានចំណងជើង​ថា “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” និង​បទ​ចម្រៀង​ជាច្រើន​ផ្សេងទៀត ជាការ​តបស្នង​មួយ​ដល់​ស្នាដៃ​និពន្ធរបស់​កវីនិពន្ធ​ដងស្ទឹង​សង្កែ លោក គ​ង្គ ប៊ុន​ឈឿន​។​
​ ​
​សេចក្តីសម្រេច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ជាការ​អនុវត្ត​នូវ​កម្មសិទ្ធិបញ្ញា ព្រមទាំង​ជាការ​ដាស់តឿន​ដល់​អ្នកនិពន្ធ​ជំនាន់​ក្រោយ ឲ្យ​ខិតខំ​បន្ថែមទៀតក្នុងការតែង​និពន្ធ តាម​ស្នាដៃ​ខ្លួនឯង ដោយ​មិនមាន​ការលួចចម្លង ឬក៏​យក​ស្នាដៃ​របស់គេទៅ​កាឡៃ​ខុសពី​សភាព​ដើម នោះឡើយ​។​
​ ​
​សេរីភាព​នៃ​ប្រឌិត​ញាណ​របស់​អ្នក​កវីនិពន្ធ គ្មាន​ដែន​កំណត់​ឡើយ​។ ដូច្នេះ​អ្នកនិពន្ធ មិន​កំណត់​អត្តសញ្ញាណ​ខ្លួន ឲ្យ​រស់នៅក្នុង​ដែន​នៃ​មនោគតិ​ណាមួយ​ទេ​។ អ្នកនិពន្ធបង្ហូរ​មនោសញ្ចេតនា ចារ​រឿងរ៉ាវ​ជីវិត ថ្លែងការណ៍​ពិត​ក្នុងសង្គម ដើម្បី​បម្រើ​អារម្មណ៍មិត្ត​អ្នកអាន ឲ្យ​ក្សាន្ត​មួយគ្រាៗ​ដែរ​។​

​អ្នកនិពន្ធ ក៏​គួរតែមាន​បេសកកម្ម ដែល​ស្តែង​ចេញពី​សកម្មភាព ឆន្ទៈ និង​ស្មារតី ដើម្បីស្តែង​ពីអ្វីដែលជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ អ្នកនិពន្ធ ក៏​ជាម​នុស្ស​ដែល​មិន​ស្ថិតនៅក្នុងនិន្នាការ នៃ​អត្ថាធិប្បាយ និង​ជាម​នុស្ស​មិន​ស្ថិតនៅក្រោម​គំនាប​ខ្លួនឯង គ្រួសារ ឬ​ទិដ្ឋភាព​សង្គម​ណាមួយ​នោះទេ​៕ ដោយ​៖ ម៉េង​ឆៃ​/Ha