បរិយាយ​លេខ​នេះ​៖ សូម​កាយ​ផ្លូវ កប់​ខ្សែភ្លើង កុំ​ឲ្យ​ដូច​កាយ​ផ្លូវ ដាក់លូ​!

159
ចែករម្លែក

​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ជូន​អគ្គិសនី កម្ពុជា សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ហៅ​កាត់ ថា JICA ជីក​ផ្លូវ កប់​បណ្ដាញ​ខ្សែកាប​អគ្គិសនី ត​ភ្ជាប់​ពី​អនុ​ស្ថានីយ​អូរ​បែកក្អម​មក អនុ​ស្ថានីយ​ទួល​សង្កែ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។
​ការជីក​កប់​បណ្តាញ​ខ្សែកាប​អគ្គិសនី​នេះ នឹងត្រូវ​ធ្វើឡើង នៅលើ​កំណាត់​ផ្លូវ​ចំនួន ២៤ ខ្សែ​ដោយ​អាជ្ញាធរ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យោគយល់ និង​ពង្វាង​ចរាចរណ៍​ចេញពី កំណាត់​ផ្លូវ​ទាំងនោះ​។ ការអនុវត្ត​ការដ្ឋាន​នេះ នឹងធ្វើ​ឡើង ពេញ​មួយខែ​កក្កដា នេះ​តែម្តង​។​
​ ​
​ជាមួយគ្នា​នោះ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​០៤ ខែកក្កដា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ក្រើន រម្លឹក​ក្រុមហ៊ុន​ម៉ៅ​ការជីក​ផ្លូវ​កប់​បណ្ដាញ​ខ្សែកាប​អគ្គិសនី ត​ភ្ជាប់​ខ្សែកាប​អគ្គិសនី ឬ​បណ្តាញ​ក្រោម​ដី​នានា ត្រូវតែ​ធានា​ទាំង​បច្ចេកទេស និង​គុណភាព​ផ្លូវ ឡើងវិញ​។ ដោយឡែក សម្រាប់​ការជីក​ត​បណ្តាញ​ក្រោម​ដី អាជ្ញាធរ​រាជធានី មិន​អនុញ្ញាតអោយ ជីក​កាយ​លើផ្លូវ​ទាំងឡាយណា ដែល​ធ្លាប់បាន​ជីក​ដាក់​រួចមកហើយ​នោះ​ទៀត​ទេ​។

​ក្នុង​កិច្ចប្រជុំ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា​ចំពោះ ក្រុមហ៊ុន ដែល​ទទួល​ម៉ៅការ ជីក​ផ្លូវ​កប់​បណ្ដាញ​ខ្សែកាប​អគ្គិសនី​ត​ភ្ជាប់​ខ្សែកាប អគ្គិសនី ឬ​បណ្តាញ​ក្រោម​ដី​នានា ត្រូវតែ​ធានា​ទាំង​បច្ចេកទេស និង​ទាំង​គុណភាព​ផ្លូវ ឡើងវិញ ដោយ​គ្មាន​លក្ខខណ្ឌ​។

​ជាមួយគ្នា​នោះ លោក​អភិបាលខណ្ឌ ក៏បាន​ស្នើអោយ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​អគ្គិសនី កម្ពុជា ត្រូវ​បន្ត​សហការគ្នា កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត ដោយ​ត្រូវតែ​ជូនដំណឹង​មក អាជ្ញាធរ​គ្រប់​ដំណាក់កាល រាល់​ការជីក​ផ្លូវ​កប់​បណ្ដាញ​ខ្សែកាប​អគ្គិសនី​ត​ភ្ជាប់​ខ្សែកាប អគ្គិសនី ឬ​បណ្តាញ​ក្រោម​ដី ដើម្បី​អាជ្ញាធរ​ជូនដំណឹង និង​សុំ​ការយោគយល់​ពី ប្រជាពលរដ្ឋ​។

​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​កន្លងមក ការតភ្ជាប់​ខ្សែបណ្តាញ​អគ្គិសនី​ក៏ដូចជា ខ្សែកាប ត្រូវបាន​ក្រុមហ៊ុន ជីក​កាយ​តាម​ចិញ្ចើមផ្លូវ ដោយ​ជីក​កាយ​ដាក់​ជា​ញឹកញាប់ ពី​ក្រុមហ៊ុន​មួយ ទៅ​ក្រុមហ៊ុន​មួយ​។ កន្លែង​ខ្លះ ក្រុមហ៊ុន​ខ្លះ ក៏​ខ្វះ​ការទទួលខុសត្រូវ រំខាន​ដល់​ការចេញចូល​មុខផ្ទះ ពិសេស​ផ្ទះ ឬ​ក្រុមហ៊ុន ដែល​រកស៊ី​។ តែ​ក៏មាន​ក្រុម ហ៊ុន​ខ្លះ ចេះ​ទទួលខុសត្រូវ ដោយ​មិន​បង្ក​ការរំខាន​យូរ​ដល់​ប្រជាពលរដ្ឋ​ពិសេស​ផ្ទះ បើក​របរ​រកស៊ី​នោះទេ​។

​ការជីក​ដាក់​ខ្សែភ្លើង ខ្សែកាប​ទាំងនោះ ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន កាយ​លុប និង​រៀប ក្រាល​ការ៉ូ ការ៉ូឡា ឬ​ចាក់សាប ជូន​ប្រជាពលរដ្ឋ​វិញ​ផងដែរ​។ កន្លងមក​ក៏មាន​ក្រុមហ៊ុន ច្រើន បាន​ជីក​កាយ​នៅតាម​ចិញ្ចើមផ្លូវ មុខផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​កាយកប់​ខ្សែភ្លើង ឬក៏​ខ្សែកាប​។​

​វិធានការ​កាយកប់​ខ្សែភ្លើង និង​ខ្សែកាប​ក្រោម​ដី​ជំនួស​ឲ្យ​ការពង្រាយ​ខ្សែលើ​បង្គោល ភ្លើង​នេះ ក៏ត្រូវ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សោ​ភណ្ឌ​ភាព ឬ​បង្ក បញ្ហា​ជាយថាហេតុ​។ កន្លងមក អាជ្ញាធរ​រាជធានី​ភ្នំពេញ និង EDC​ព្រមទាំង​ភាគី ពាក់ព័ន្ធ ក៏បាន​ត​ភ្ជាប់​បណ្តាញ នៅក្រោម​ដី បាន​មួយចំនួន​រួចមកហើយ​។ ចំណាត់ការ នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​យ៉ាងណា​ក៏ដោយចុះ ចំពោះ​វិធានការ​ថ្មី​របស់​ក្រុមហ៊ុន និង EDC ក្នុងការ​កាយកប់​ខ្សែ ភ្លើង តាមផ្លូវ​ចំនួន ២៤​ខ្សែ ពី​អូរ​បែកក្អម រហូតដល់​ទួល​សង្កែ គឺ​ប្រជាពលរដ្ឋ​សង្ឃឹមថា EDC និង​ក្រុមហ៊ុន​ម៉ៅការ ត្រូវ​កាយ​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង ដើម្បី​ដាក់​ខ្សែភ្លើង ហើយ​រើស​ធ្វើ​តែ​ក្នុង​រដូវភ្លៀង​ទៀត​។

​ក្រៅតែពី​នឹង​បង្ក​ការកកស្ទះ​ចរាចរណ៍ ក៏​នឹង​បង្ក​ការរំខាន​ដំណើការ​ការដ្ឋាន​ដោយសារ តែ​ភ្លៀង នៅ​រដូវវស្សា​។ ក្នុងនោះ ប្រជាពលរដ្ឋ ក៏​ចេះតែ​បារម្ភ​ទៀត ករណី​កាយ​ផ្លូវ កៅស៊ូ និង​ផ្លូវ​បេតុង ដែល​ទើប​ធ្វើ​ថ្មី ពិសេស​នៅ​ផ្លូវ​២០០៤ ផ្លូវ​ណ​យ​ប្រ៊ី​ត និង​ផ្លូវ​ហាយ ណូយ ជាដើម​។

​ជា​បទពិសោធន៍​កន្លង​មក ក្រោយ​ការកាយ​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង ដាក់លូ គឺ​ធ្វើ​ផ្លូវ​ស្អាត ល្អ​រួចហើយ បែរជា​ទៅ​កាយ​កំទេច​ផ្លូវ ដើម្បី​ដាក់លូ​ទៅវិញ​។ មាន​ការដ្ឋាន​មួយចំនួន ក្រោយ​ការ​ដាក់លូ បង្ក​ឲ្យ​ខូច​ផ្លូវ​នោះ​តែម្តង​។​

​សរុបមក ជា​បទពិសោធន៍ ដែល​នៅ​ភ្នំពេញ​យើង បាន​ជួបប្រទះ​កន្លងមក គឺ “​កាយ​ផ្លូវ ដាក់លូ កាយ​ដាក់​យូរ ខូច​ទាំង​ផ្លូវ ខូច​ទាំង​លូ​” តែ​សម្រាប់​ការដ្ឋាន​ថ្មី របស់​ក្រុមហ៊ុន ម៉ៅការ និង​ក្រុមហ៊ុន EDC កាយ​ផ្លូវ​កប់​ខ្សែភ្លើង​ពេលនេះ​នឹងមិន​បង្ក​ដល់​ការខូចខាត ផ្លូវ ដែល​ទើប​នឹងធ្វើ​ស្អាត​នោះទេ​។ អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រុមហ៊ុន EDC ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ គួរតែ​ចាត់​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ និង​តាមដាន​សកម្មភាព​រប​ស់​ក្រុមហ៊ុន​ម៉ៅការ ដើម្បី​ឲ្យ​ប្រាកដថា ក្រោយ​ការដ្ឋាន​កាយ​ផ្លូវ​កប់​ខ្សែភ្លើង​រួចហើយ គឺ​ផ្លូវ​ទាំង ២៤ ខ្សែ​ត្រូវបាន​ជួសជុល អ៊ុត​កៅស៊ូ ចាក់​បេតុង ល្អ​ដូចដើម​វិញ​៕ ដោយ​៖ ម៉េង​ឆៃ​