សូម​ចូលរួម​ជំរឿន ឲ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ជិត​ផុតកំណត់​ហើយ​!

398
ចែករម្លែក

​ភ្នំពេញ​៖ ការធ្វើជំរឿន​ប្រជាជន ឆ្នាំ​២០១៩ បានចាប់ផ្តើម កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។ ក៏ ប៉ុន្តែ​ក្រសួងផែនការ បានប្រកាស​នៅ​ចុង​សប្តាហ៍​មុន បានប្រកាសថា ការធ្វើ ជំរឿន​ប្រជាជន ឆ្នាំ​២០១៩ នឹងត្រូវ​ពន្យារពេល​២​ថ្ងៃ​ទៀត ពោលគឺ​រហូតដល់​ថ្ងៃទី​១៥ ខែមីនា ទើប​បញ្ចប់ ដោយសារ តែ​ចំនួន​ប្រជាជន​កើនឡើង​ខុសពី​ការ ប៉ាន់ ស្មាន​។​
​ ​
​យ៉ាងណាក៏ដោយ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០១៩ នៅក្នុងពេល​អញ្ជើញ​ប្រគល់ សញ្ញាបត្រ ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​ទូទាំងប្រទេស ឲ្យ​បន្ត​ចូលរួម សហការ ធ្វើ​ជំរឿន​ឲ្យ​យ​បាន​គ្រប់ៗ​គ្នា ព្រោះ​មក ដល់ពេលនេះ ជិត​ដល់​ថ្ងៃ​ផុត កំណត់​ហើយ​។​

​ការចូលរួម​ជំរឿន គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បីអោយ​យើង បានដឹង​អំពី​ចំនួន ពិតប្រាកដ នៃ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​យើង​ងាយស្រួល រៀបចំ​គម្រោង យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេសជាតិ អោយបាន​ចំ​គោលដៅ ពិត ប្រាកដ​។ ព្រោះ​កន្លងមក យើង​ទទួលបាន​តួលេខ​ពី ១)​មន្ត្រី​អត្រានុកូលដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ ២)​សម្រង់​ស្ថិតិ​ពី ក្រសួងផែនការ និង ៣) ចំនួន​ស្ថិតិ​ពី​មន្ទីរពេទ្យ ដែលមាន​អត្រា​នៃ​ចំនួន​ទារក​កើតជា ប្រចាំឆ្នាំ​។ ដូច្នេះ​ឆ្នាំ​២០១៩ នេះ គឺ​យើង​ត្រូវ​ការធ្វើជំរឿន​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដោយផ្ទាល់ ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់ និង​ចំនួន​ពលរដ្ឋ​ពិតប្រាកដ​។​
​ ​
​ជាការ​ពិត ការធ្វើជំរឿន​ទូទៅ​ប្រជាជន​កម្ពុ​ជាមាន​សារសំខាន់​ខ្លាំងណាស់ និង​ជា​ប្រភព តែមួយគត់ ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ និង​ច្បាស់លាស់​ព្រមទាំង​បានកំណត់ ច​រិ​ក​លក្ខណៈ ស្ថានភាព​រស់នៅ​ពិតប្រាកដ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស​។ ជំរឿន ប្រជាជន គឺជា​ប្រភព​តែមួយគត់​ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ អំពី​ចំនួន​ប្រជាជន និង​ចរិតលក្ខណៈ​ប្រជាជន​នៅក្នុង​ប្រទេស​។​

​ដើម្បី​ឲ្យ​ការធ្វើជំរឿន ទទួលបាន​លទ្ធផល​ប្រកបដោយ​ជោគជ័យ​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន​កាលពីមុន​ចាប់ផ្តើម​ធ្វើ​ជំរឿន សម្តេច​បានចេញ​សារ អំពាវនាវ ដល់​ជនរួមជាតិ គាំទ្រ​និង​ចូលរួម​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ចាប់ពី​ថ្ងៃទី​៣ ខែមីនា​ឆ្នាំ​២០១៩ ដោយ​ត្រូវ​ចូលរួម​ផ្ដល់ព័ត៌មាន​តាម​សំណួរ​សម្ភាសន៍​ឲ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ និង​ស្មោះត្រង់​ជូន​មន្ដ្រី​ធ្វើ​ជំរឿន​។​

​តាម​យន្តការ​របស់​ក្រសួងផែនការ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​សង្កាត់ ស្រុក ខណ្ឌ ក្រុង និង​អាជ្ញាធរខេត្ត​រាជធានី គឺ​បានរៀបចំ​ក្រុមមន្ត្រី​ជំរឿន​ចុះ​ផ្ទាល់​តាម​ខ្នង​ផ្ទះ​របស់ ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ជំរឿន ដោយ​ជួប​សម្ភាសន៍​សួរនាំ​ពី​ចំនួន​សមាជិក​ក្នុង​គ្រួសារ ពីមុខ​របរ និង​ពី​ទ្រព្យសម្បត្តិ ជា​ម៉ូតូ​ឡាន ជាដើម​។​

​ការធ្វើជំរឿន​នេះ ដឹកនាំ​ដោយ​មន្ត្រី​សាលាឃុំ​សង្កាត់ ដែលជា​អាជ្ញាធរ​មូលដ្ឋាន​ហើយ​នៅ ផ្ទាល់​នឹង​ប្រជាពលរដ្ឋ​។ ទោះបីជា​ប្រជាពលរដ្ឋ ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ​ដែល មមាញឹក ក្នុង​គ្រួសារ ក៏​គួរតែ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ ជួប​ផ្តល់​សម្ភាសន៍​ដល់​មន្ត្រី​ជំរឿន នៅពេល​សម្រាក​ពី​ការងារ ពេលបាយ​ថ្ងៃ ឬ​ក្រោយពេល​បាយល្ងាច​ក៏បាន​។​

​គ្រាន់តែ​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ ជាក់ច្បាស់ តាម​ការ​សួរ​របស់​មន្ត្រី​ជំរឿន​ដូចជា​ខុស​ទាស់ អ្វី​ទេ​។ ម្យ៉ាង​យើង ក៏បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ហើយក៏​ដើម្បី​ទទួលបាន ផលប្រយោជន៍ ពី​ការកំណត់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​។​

​ដោយឡែក សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សង្កាត់ ដែល​ដឹកនាំ​មន្ត្រី​ធ្វើ​ជំរឿន​ក៏​គួរតែមាន ភាព​អត់ធ្មត់ ចុះ​តាម​ខ្នង​ផ្ទះ បើសិនជា​អ្នកនោះ មិន​នៅផ្ទះ នៅពេល​ថ្ងៃ ម៉ោង​ធ្វើការ រកស៊ី ក៏​គួរតែ​ព្យាយាម​ទៅ​ជួប​ប្រជាពលរដ្ឋ នៅពេល​ល្ងាច ឬក៏​ពេល​ព្រលប់ ដើម្បី​បាន​ព័ត៌មាន​ពិត ក្នុង​យុទ្ធនាការ ធ្វើ​ជំរឿន​នេះ​។ ពោលគឺ​មន្ត្រី​ជំរឿន ត្រូវតែ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយស្មោះ​ត្រង់ និង​កត់ត្រា​ដោយ​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ការពិត​ពី​អ្វីដែល​ប្រជាពលរដ្ឋ បានផ្តល់​សម្ភាសន៍​។ ម្យ៉ាងទៀត ការធ្វើជំរឿន​ប្រជាជន ឆ្នាំ​២០១៩ នេះ ត្រូវ​ចំណាយ​ជិត ១០​លាន​ដុល្លារ ហើយ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ថែមទៀត​។​

​សរុបមក ទាំង​ប្រជាពលរដ្ឋ និង​ទាំង​មន្ត្រី​ធ្វើ​ជំរឿន ត្រូវតែ​សហការគ្នា ដើម្បី​ឲ្យ​យុទ្ធនាការ ធ្វើ​ជំរឿន ដែល ១០​ឆ្នាំ មាន​ម្តងនេះ សម្រេច​តាម​ការគ្រោងទុក​។ ក្នុងនោះ រាជរដ្ឋាភិបាល បានទទួល​ព័ត៌មាន​ពិត​ពី​ប្រជាពលរដ្ឋ ដើម្បី​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់ ជួយ​ដល់​ប្រជាពលរដ្ឋ​។ ដូច្នេះ​ប្រជាពលរដ្ឋ ក៏ត្រូវ​សហការ និង​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ ជាក់លាក់ ទើប​រាជរដ្ឋាភិបាល ដាក់ចេញ​នូវ​គោលនយោបាយ ជួយ​ដល់​ប្រជាពលរដ្ឋ ចំ​ទិសដៅ​៕ ដោយ​៖ ម៉េង​ឆៃ​