បរិយាយ​លេខ​នេះ​៖ អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ គួរ​ប្តូរ​ទៅជា​ព័ត៌មាន​ល្អ​ត្រឹមត្រូវ និង​ច្បាស់លាស់​វិញ​!

241
ចែករម្លែក

​ក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ រដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឲ្យ​អ្នកបង្កើត​ព័ត៌មាន ក្លែងក្លាយ (Fake News) ប្តូរ​ទៅជា ព័ត៌មាន ដែលមាន​គុណភាព ប្រភព​ច្បាស់ លាស់ និង​មាន​ប្រយោជន៍​ជូន​សង្គមជាតិ ( Good News ) ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ កូ​រ៉ូ​ណា​។
​ ​
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា ជំងឺ​កូ​រ៉ូ​ណា ឬ កូ​វីដ​១៩ កំពុង​បង្ក​ការភ័យខ្លាច ដល់​ប្រជាពលរដ្ឋ ហើយ​ពលរដ្ឋ​រឹត​មានការ​ភ័យខ្លាច កាន់ តែ​ខ្លាំង នៅពេលដែល​មានការ បំផុស​នូវ​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​ជំងឺ​នេះ​កាន់តែច្រើន​។​
​ ​
លោក​ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​លាក់បាំងចំពោះ​ការកើតមាន​ជំងឺ​នេះ ក្នុងប្រទេស​កម្ពុជា​ទេ​។ ផ្ទុយ​ទៅ វិញ ក្រសួង សុខាភិបាល​បាន យកចិត្តទុកដាក់​ជាទីបំផុត ដើម្បី​ផ្តល់ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ទទួលបាន​កាន់ តែ​ឆាប់​បំផុត​។

​បើតាម​ក្រសួងសុខាភិបាល ជា​រៀងរាល់ថ្ងៃ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានទទួល​អ្នក​មក​ធ្វើតេស្ត រក​ជម្ងឺ​កូ​វីដ​១៩​នេះ យ៉ាងហោចណាស់​មាន​២ ឬ​៣​នាក់ ក្នុង​១​ថ្ងៃ​។ មកទល់ ពេលនេះ មានប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ១៣៥​នាក់ បានមក​ពិនិត្យ ប៉ុន្តែ​អ្នក​ទាំងនោះ​សុទ្ធតែ​រកឃើញ​លទ្ធផលអវិជ្ជមាន​។​
​ ​
ការអំពាវនាវ​របស់​រដ្ឋមន្ត្រី ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រសួង មើល ឃើញថា ការបំផុស​ព័ត៌មាន​ក្លែងក្លាយ ជុំវិញ​ជំងឺ​កូ​រ៉ូ​ណា មាន​កាន់តែច្រើន ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច បើទោះបីជា​ជំងឺ​នេះ​មិនទាន់​ឆ្លង​មកលើ​ប្រជាពលរដ្ឋ​កម្ពុ​ជាណា​ម្នាក់​ក្តី​។​
​ ​
នៅពេល​ជំងឺ​កូ​រ៉ូ​ណា កើតឡើង​នៅ​ប្រទេស​ចិន និង​នៅ​ប្រទេស​មួយចំនួន នៅក្នុង​សង្គម ហ្វេ​ស​ប៊ុ​ក​យើង ក៏មាន​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត ដោយ​ថា មាន អ្នក​កើត​ជំងឺ​កាច​សាហាវ​នេះ នៅ​ប្រទេស​កម្ពុជា ហើយ​មាន​អ្នក​ឆ្លង ឈឺ​ស្លាប់​ជា ច្រើន​នាក់ តែ​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា លាក់​ព័ត៌មាន ជាដើម​។​
​ ​
នៅក្នុង​សង្គម​យើង ក៏មាន​អ្នកខ្លះ លួចខ្សឹប​ខ្សាវ​ថា នៅតាម​មន្ទីរពេទ្យ​ធំៗ នៅ​កម្ពុជា​យើង មាន​អ្នកស្លាប់ដោយសារ​ជំងឺ​កូ​រ៉ូ​ណា​នេះច្រើន​នាក់ ហើយត្រូវបាន​គេ​យកទៅ​ដុតចោលដោយ​ស្ងាត់ៗ មិន​ឲ្យ​ដឹង​ថែមទៀត​។​
​ ​
ការពិត​នេះ ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​ការ​ខ្សឹប​ខ្សាវ​ពី​មាត់​មួយ ទៅ​មាត់​មួយ​នេះ គ្រាន់តែ ជា​ពាក្យ​ច​ចាម​រ៉ា​ម និង​ជា​ព័ត៌មាន​មិន​ពិត ដែល​បង្កដោយ​ជន​អ​គិត​មួយចំនួន​តែប៉ុណ្ណោះ​។ តាមពិតទៅ ប្រទេស​កម្ពុជា​យើង មិនទាន់មាន អ្នក ឆ្លង ឬ​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​រ៉ូ​ណា នេះ​នៅឡើយ​ទេ​។​
​ ​
ដូច្នេះ​សរុបទៅមានតែ​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ពិសេស​ក្រសួង​មាន សមត្ថកិច្ច ក្រសួង ព័ត៌មានក្រសួងសុខាភិបាល និង​កងកម្លាំង​សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ​យើង ចូលរួម​លុបបំបាត់​នូវ​ព័ត៌មាន​មិន​ពិត​អស់​ទាំងនេះ​។​
​ ​
ក្នុងនោះ ប្រជាពលរដ្ឋ​យើង គួរតែ​ស្វែងយល់​ពី​ប្រភពព័ត៌មាន​ផ្លូវការ ពី ក្រសួងសុខា ភិបាល និង​កាសែត​ទូរទស្សន៍​វិទ្យុ ដែលមាន​ច្រើន​ស្ថាប័ន ព្រោះថា បើ​មាន​ហេតុការណ៍​អ្វី​កើតឡើង គឺ​ព័ត៌មាន​នៃ​ជំងឺ​កូ​រ៉ូ​ណា​នោះ នឹង​ត្រូវគេ​ផ្សព្វ ផ្សាយ​ជាមិនខាន គឺ​មិនអាច​លាក់បាំង​ជិត​ទេ ព្រោះ​សម័យ​ហ្វេ​ស​ប៊ុ​ក​ហើយ​។​
​ ​
​ម្យ៉ាងទៀត បើ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​រ៉ូ​ណា​មែន​នោះ គឺ​មិនអាច​លាក់ បាំង​ជិត​ទេ ព្រោះថា មនុស្ស​យើង​ម្នាក់ៗ តែងតែមាន​សមាជិក​ក្រុមគ្រួសារ សាច់ ញាតិ បើសិន​ជាមាន​អ្នកស្លាប់ គឺ​ច្បាស់​ជា​ត្រូវ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត ឬក៏​បាត់​ក្រុមគ្រួសារ​ណា​ម្នាក់​នោះ គឺ​ត្រូវតែ​ស្វែងរក​គ្រប់​ច្រកល្ហក់ និង​ប្រកាស​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ជាមិនខាន​ឡើយ​។​
​ ​
ជារួម​ទៅ សូម​ប្រជាពលរដ្ឋ​យើង កុំ​ជឿ​លើ​អ្នក​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក គួរតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន នោះ ដោយ​សួរ​បន្ថែម​ទៅ​អ្នក​ស្គាល់គ្នា ដែលជា​អ្នកធ្វើការងារ អ្នកចេះដឹង ឬក៏​សួរ​ទៅ​អ្នក កាសែត ជាដើម​។ ក្រៅពីនោះ អ្នក​ដែល​ធ្វើ​ព័ត៌មាន​ក្លែងក្លាយ​នេះ ក៏​គួរតែ​ភ្ញាក់ខ្លួន ព្រោះថា បើ​គេ​រកមុខ​ឃើញ គឺ​មិន​ចំណេញ​អ្វី​ទេ ក្រៅតែពី​ត្រូវ​ខ្មាស់​គេ ហើយ​បើតាម​ច្បាប់ គឺ​ត្រូវ​ជាប់គុក ដោយសារតែ​បង្កើត​ព័ត៌មាន​ប្រឌិត ក្លែងក្លាយ​នេះឯង​៕ ដោយ​៖ ម៉េង​ឆៃ​