បវរកញ្ញា​ពិភពលោក នឹង​បន្តទៅ​ប្រឡង​វគ្គ​ជម្រុះ​នៅ​ទឹកដី​សៀមរាប និង​ក្រុងព្រះសីហនុ​

370

(​ភ្នំពេញ​)៖​គិត​មកដល់​ត្រឹម​ថ្ងៃទី​៧ វិច្ឆិកា ២០១៧ វត្តមាន​របស់​ប​វក​ញ្ញា​ឯក​ពិភពលោក​( Miss Global international) បានបង្ហាញ​ខ្លួន​នៅលើ​ទឹក​កម្ពុជា​រយៈពេល​ជិត​មួយ​សប្តាហ៍​មកហើយ​(​បានមក​ដល់​ថ្ងៃ​២​ខែវិច្ឆិកា​) ក្នុងនោះ​វត្តមាន​របស់​បវរកញ្ញា​ប្រចាំ​ប្រទេស​នីមួយៗ ក៏បាន​ទៅ​ចូលរួម​កម្មវិធី​ស្តីពី​ការថែរក្សា​បរិស្ថាន នៅ​ខេត្ត​ត្បូងឃ្មុំ ចំនួន​៧​ស្រុក​រួចមកហើយ​ដែរ​។

​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ឃឹម ចន្ថា អ្នកគ្រប់គ្រង​កម្មវិធី​បវរកញ្ញា​ពិភពលោក Miss Global International បាន​ឲ្យ​ដឹងថា ក្រៅពី​កម្មវិធី ចូលរួម​ចែករំលែក​ស្តីពី​ការការពារ​ធនធានធម្មជាតិ និង​កិច្ចការ​ការពារ​បរិស្ថាន Miss Global International នឹងត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង ដើម្បី​ជម្រុះ​បេក្ខភាព នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែរ​ត្រូវធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ត្រើយម្ខាង នៅ​ថ្ងៃទី​១៤ វិច្ឆិកា ដោយ​ជម្រុះ​នៅសល់​ត្រឹមតែ ២៥​នាក់​ប៉ុណ្ណោះ​។

​លោក​បាន​បន្ថែម បវរកញ្ញា​ទាំង​៦៥​ប្រទេស នឹង​ចេញទៅ​ប្រកួតប្រជែង​នៅក្នុង​ខេត្ត​ធំៗ​ពីរ នោះ​គឺជា​ការប្រលង ដោយ​ធ្វើឡើង​នៅ​ខេត្តសៀមរាប ដែល​សង្កត់ធ្ងន់​លើ​បេក្ខភាព​ត្រូវ​ស្លៀកពាក់​សម្រាប់​ប្រទេស​នីមួយៗ ដែល​ចូលរួម ពោលគឺ​សម្លៀកបំពាក់​ដែល​តំណាង​នូវ​អត្តសញ្ញាណ​ជាតិ​។ បន្ទាប់មកទៀត ពួកគេ​នឹង​បន្តទៅ​ប្រលង​នៅ ខេត្ត​ព្រះសីហនុ ក្នុង​ឈុត​សម្លៀកបំពាក់​ហែល​ទឹក ដែល​គណៈកម្មការ​នឹង​ត្រូតពិនិត្យ​រាល់​ចំនុច​ល្អ និង​ចំនុច​ខ្វះខាត របស់​បេក្ខភាព​នីមួយ មុននឹង​វិល​ត្រឡប់មក​ក្រុងភ្នំពេញ ដែល​ត្រូវ​ប្រកួត​ដល់​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រូវ​ជម្រុះ​បេក្ខភាព​ឲ្យ​នៅសល់​ត្រឹម​២៥ រូប នឹង​បន្ត​មក​ប្រលង​ផ្តាច់ព្រ័ត្រ ដែល​ត្រូវធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៧ វិច្ឆិកា ២០១៧​។

​ដោយឡែក​កាលពី​រាត្រី​ថ្ងៃទី​៦​ខែវិច្ឆិកា​នៅ​ទីស្តីការក្រសួង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានទទួល​ស្វាគមន៍​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក ដែល​ចូលរួម​ប្រកួត ដណ្តើម​ឆ្នាំ​២០១៧ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា​កម្ពុជា​រក្សា បាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព និង​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​ជាតិប្រមាណ ៧​ភាគរយ​ក្នុង​មួយឆ្នាំ​ដែល កម្ពុជា​រក្សាបាន​កំណើន​នេះ​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកហើយ រួម​នឹង​សេរីភាព​សារព័ត៌មាន​ដែល​ពលរដ្ឋ​កម្ពុជា កំពុងតែ​ទទួល ខណៈ​កំណើន​ចំណេះដឹង​របស់​ពលរដ្ឋ​កំពុង​កើនឡើង​។​

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​វឌ្ឍនភាព​និង​សមិទ្ធផល​របស់​ក្រសួងបរិស្ថាន​ក្នុង​អាណត្តិ​ទី​៥​នេះ​ដែល​រួមការ​បញ្ចប់​ភាព​ស្មុ​គ្រ​ស្មាញ​នៅក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងស្រុង​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​ដកហូត​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​មិន​គោរព​តាមច្បាប់​កាត់បន្ថយ​រយៈពេល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​មក​នៅត្រឹម​៥០​ឆ្នាំ​ទប់ស្កាត់​ការ​លួច​កាប់​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាដើម​។​

​ដោយឡែក​កិច្ចការងារ​ទំនើបកម្ម​វិញ​ក្រសួងបរិស្ថាន​បាន​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​ឱ្យស្រប​ទៅនឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​រួមទាំង​ការលើកទឹកចិត្ត​មន្ត្រី​បណ្តុះបណ្តាល​មន្ត្រី​ទាំង​ក្នុងស្រុក​និង​បរទេស​ដែល​នេះ​គឺជា​ទិសដៅ​សម្រាប់​ការ​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។​

​ជាមួយគ្នានេះដែរ បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​អភិរក្ស​ប្រមាណ​៧.៥​លាន​ហិកតា​នៅ​ទូទាំងប្រទេស ហើយ​អត្រា នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​ទូទៅ​ប្រទេស​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។ បន្ថែម​ពីនេះ កម្ពុជា​បានទទួល ចំណូល​ពី​ការលក់​កា​បោ​ន​និង​បានប្រែក្លាយ​ជីវភាព​សហគមន៍​នៅតាម​មូលដ្ឋាន​ឱ្យមាន​ជីវភាព​កាន់តែ​ប្រសើរ​តាមរយៈ​ការបង្កើត​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រសួងបរិស្ថាន រៀបចំ​ដំណើរ​ទស្សនកិច្ច​នៃ​បវរកញ្ញា​ពិភព លោក​មកពី​៦៥​ប្រទេស ឆ្ពោះទៅកាន់ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចូលរួម​ចលនា​កិច្ច​គាំពារ​បរិស្ថាន ជាមួយនឹង​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ ក្នុងឱកាស​ចុះទៅ​កាន់ ខេត្ត​ត្បូងឃ្មុំ បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេ​ក្ខ​នារី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ក៏​ដាំ​ដើមឈើ​ជា​និមិត្តរូប​របស់ខ្លួន នៅ​កម្ពុជា ហើយ​ពួកគេ​ក៏បាន​ចុះ​ស្វែងយល់​ដោយផ្ទាល់ ពី​សក្តានុពល និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក អូ​រាំង​ឪ​ផងដែរ​។​

​សូម​រំលឹកថា បវរកញ្ញា​ដែល​មកពី​៦៥​ប្រទេស​រួមមាន អាល់​ហ្សេ​រី ,​អា​ហ្ស​ង់​ទីន​, អូស្ត្រាលី​, អា​ហ្សែ​រ​បែ​ហ្ស​ង់​, បា​ហា​ម៉ា , បេឡា​រុស្ស , បូ​ស្នី​, បុ​ត​ស្វា​ណា​, ប្រេ​ស៊ី​ល​, ប៊ុលហ្គារី , កាណាដា , ឈី​លី​, ចិន , កូ​ឡំ​ប៊ី​, កុង​ហ្គោ​, ក្រូ​អាស៊ី​, សាធារណៈរដ្ឋ​ឆេ​ក​, ដា​ណឺ​ម៉ាក​, អេ​ក្វា​ឌ័​រ​, អង់គ្លេស​, ហ្វី​ជី​, អាល្លឺម៉ង់​, ក្រិច​, ហុង​ឌួ​រ៉ា​ស់​, ឥណ្ឌា​, ឥណ្ឌូនេស៊ី​, អ៊ីតាលី​, ចា​ម៉ៃ​កា​, ជប៉ុន , កេ​ន​យ៉ា ,​ឡាវ , លី​បង់​, លី​ប៊េ​រី​យ៉ា​, ម៉ាឡេស៊ី​, ម៉ាឡាវី​, ម៉ា​ទី​នី​ក​, ម៉ិច​សិច​កូ​, សាធារណរដ្ឋ​ម៉ុ​ល​ដាវី​, ម៉ូ​ណា​កូ , មី​យ៉ាន​ម៉ា , នី​ហ្សេ​រី​យា​, ន័​រ​វ៉េ​, ហ្វីលីពីន​, ប៉ូ​ញ​ឡូញ​, រុស្ស៊ី , រ​វ៉ាន់ដា​, សូ​ម៉ាលី​, អា​ហ្វ្រី​ក​ខាងត្បូង​, អេស្បាញ​, ស្រីលង្កា​, សូ​រី​ណា​ម​, ស៊ុយ​អ៊ែដ​, ថៃឡង់​, ទី​ប៊េ​, អ៊ុយ​ក្រែ​ន​, អាមេរិក ,​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ផងដែរ​៕ ដោយ​៖ បញ្ញា​សាស្ត្រ​