នៅពេលដែលបវរកញ្ញាថៃដ៏រស់រវើកបង្ហាញម៉ូតនៅលើឆាកក្នុងឈុតសម្លៀកបំពាក់រ៉ឺម៉កម៉ូតកង់បីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបំពាក់ដោយចង្កៀងមុខនិងដៃចង្កូត ក្នុងអំឡុងពេលប្រឡងបវរកញ្ញាចក្រវាលឆ្នាំ ២០១៥ ពួកអ្នកលេងអ៊ីនធឺណេតបានឆ្លើយតបនឹងការចំអកនិងសំណើច។
ប៉ុន្តែនាង អានីផន “ណាត” ចាឡឺមប៊ូរ៉ាណាវង់ គឺជាអ្នកដែលរីករាយជាងគេ នៅពេលដែលនាងបានឈ្នះពានរង្វាន់សម្លៀកបំពាក់ប្រពៃណីល្អដាច់គេនៅក្នុងការប្រកួតប្រជែងនៅទីក្រុងឡាសវេហ្គាសដើម្បីអបអរសាទររ៉ឺម៉កម៉ូតូកង់បី ដែលគេឃើញជាទូទៅនៅតាមដងផ្លូវនៃប្រទេសថៃ។
ឆ្នាំនេះបវរកញ្ញាវៀតណាមឆ្នាំ ២០១៧ នាង ហឺហិន នី (H’Hen Nie) កំពុងឆ្ពោះទៅរកផ្លូវស្រដៀងគ្នានេះដែរ នៅកម្មវិធីប្រឡងបវរកញ្ញាចក្រវាលនៅខែក្រោយនេះក្នុងប្រទេសថៃដើម្បីជ្រើសរើសប្រធានបទសមហេតុផលមួយដើម្បីតំណាងឱ្យវប្បធម៌របស់ប្រទេសរបស់នាងនៅក្នុងឈុតសម្លៀកបំពាក់ថ្នាក់ជាតិ នោះគឺឈុតនំ “បាញ់ម៉ី” ដែលជានំប៉័ងសាំងវិចក្តៅស្រួយពេញនិយមបំផុតរបស់វៀតណាម។
នៅក្នុងរូបថតដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមរបស់នាងកាលពីថ្ងៃទី ២២ ខែវិច្ឆិកានៅពេលនាងបានបង្ហាញឈុតរបស់នាងនោះ នាងហាក់ដូចជាត្រូវបានរុំព័ទ្ធដោយកន្ត្រក៣មានដាក់នំប៉័ងវែងក្តៅស្រួយ សាច់ និងបន្លែមួយចំនួន។ ក្រណាត់ពណ៌បៃតង ដែលទំនងជាតំណាងឱ្យបន្លែ បានរុំនៅជុំវិញចង្កេះរបស់នាង។
សម្លៀកបំពាក់នេះត្រូវបានជ្រើសរើសយកក្នុងចំណោមឈុតប្លែក ៥ ផ្សេងទៀត ដែលរួមមានឈុតចង្កៀងគោមនិងឈុតនាគ។ វេបសាយ VnExpress បានរាយការណ៍ថា ឈុតនំប៉័ងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញអ៊ីនធឺណេត ដោយអ្នកខ្លះថាវាអាក្រក់មើលខ្លាំងណាស់។
ដោយពន្យល់ពីជម្រើសរបស់នាង កញ្ញាហឺហិននីត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានវៀតណាមដោយនិយាយថា “ទោះបីជាអ្នកទៅតំបន់ក្រីក្របំផុតនៃតំបន់ខ្ពង់រាបភាគខាងជើងនិងភាគកណ្តាលឬកន្លែងដ៏ល្អប្រណីតបំផុតនៅទីក្រុងហូជីមិញនិងហាណូយ ក៏អ្នកនឹងនៅតែរកឃើញវត្តមាននំបុ័ង។ សម្រាប់ ជនបរទេសដែលបានឃើញនំប៉័ងបាញ់ម៉ីនិងបាញ់ហយ ពួកគេនឹងគិតអំពីប្រទេសវៀតណាម”។
ឈុតដែលរចនាឡើងដោយលោក ផាំ ភឿកឌាន បាននាំឱ្យមានរូបភាពកាត់តចម្អកលេងពេញអ៊ីនធឺណេត ក្នុងនោះរួមមានរូបបវរកញ្ញារូបនេះពាក់ទាំងនំសាយ៉តាមចិញ្ចើមថ្នល់ផងដែរ៕ ដោយ៖ កញ្ញាដាលីស