បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវៈ​ក្រសួង​ជំនាញ​កម្ពុជា​ប្រាប់​ឲ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ឲ្យ​ត្រៀមលក្ខណៈ

1597
ចែករម្លែក

​ដោយៈសុខុម,ម៉េងឆៃ/​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសនៅរសៀលថ្ងៃនេះថា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ទំនប់​វា​រី​អគ្គិសនី Se-Pian Se Nam Noi នៅក្នុង​ខេត្ត អាតតាពឺ(Attapeu) ប្រទេស​ឡាវ និង​មាន​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​ឡាវ បាន​បាក់​។ ទំនប់​នេះ មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ ៥.០០០ លាន​ម៉ែត្រគូប និង​អាច​ផលិត​ថាមពល​អគ្គសិ​នី បាន ៤១០ មេ​ហ្គា​វ៉ា​ត់​។

រូបភាពនៅអាតតាពឺប្រទេសឡាវ

​ក្រសួង​ធនធានទឹក បញ្ជាក់​ក្នុង​សេចក្តីប្រកាស ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ថា ទឹក​ដែល​ហូរ​ចេញពី​ទំនប់​ក្នុងប្រទេស​ឡាវ​នេះ នឹងត្រូវ​ហូរ​ចូលមកក្នុង​ទន្លេសេកុង​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង ពិសេស​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជ្រាប​ជា​ព័ត៌មាន និង​ត្រៀមលក្ខណៈ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ទីទួល​សុវត្ថិភាព​។​

ជាមួយនឹង​សេចក្តីប្រកាស​ខាងលើ សេចក្តីរាយការណ៍​ពី​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា អាជ្ញាធរ​ឡាវ នៅ​ថ្ងៃទី​២៤ ខែកក្កដា បាន​ជម្លៀស​ពលរដ្ឋ ចេញពី​តំបន់​ទឹក​លិច តាម​ដង​ទន្លេសេកុង ដោយសារ​គ្រោះទឹកជំនន់ ក្នុង​ខេត្ត​អាតតា​ពឺ​។ ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​ចូលរួម​រស់នៅ ធ្វើការ​ប្រកប​របរ​រ​ក​ស៊ី​នៅក្នុង​ខេត្ត​អាតតាពឺ បាន​ផ្ញើ​សារ​មកកាន់​បងប្អូន​នៅ​ខេត្តស្ទឹងត្រែង អំពី​ដំណឹង​នៃ​ទឹកជំនន់ ហើយ​ឲ្យ​បងប្អូន​នៅ​ខេត្តស្ទឹងត្រែង មាន​ការ​ប្រុងប្រយ័ត្ន​។ ទឹកជំនន់​នេះ បានកើត​ឡើង ខណៈ​មេឃ​កំពុង​បន្ត​ភ្លៀង​ធ្លា​ក់ឥត​ឈប់​។ ខេត្ត​អត្ត​ពឺ របស់​ឡាវ ជាប់​នឹង​ខេត្តស្ទឹងត្រែង របស់​កម្ពុជា​យើង​។

​លោក ម៉ៅ តារា ស្នងការ​នគរបាល ខេត្តស្ទឹងត្រែង បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ទឹកជំនន់ នៅ​ប្រទេស​ឡាវ ក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា គឺ​អាជ្ញាធរ ក៏ដូចជា​កងកម្លាំង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បាន​ត្រៀមលក្ខណៈ និង​សម្ភារ ចាំ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង ពិសេស​នៅ​ស្រុក​សៀម​ប៉ាង​។
​លោកស្នងការ​ខេត្តបញ្ជាក់​ទៀតថា សម្រាប់​សៀម​ប៉ាង ទឹកទន្លេ​សេកុង នៅ​ថ្ងៃទី​២៤ ខែកក្កដា មិនទាន់​ដល់​កម្រិត ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​ទេ​។ តែ​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ត្រៀមលក្ខណៈ ចាំ​ជួយ​ដល់​ប្រជាពលរដ្ឋ​រួចហើយ​។​

ចំណែក​លោក ម៉ែន គង់ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់ថា ខាង​ខេត្ត បាន​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តស្ទឹងត្រែង មានការ​ប្រុងប្រយ័ត្ន​អំពី​ទឹកជំនន់ ដែល​ចូល​មកពី​ប្រទេស​ឡាវ តាម​ទន្លេសេកុង និង​រក​ទីទួល​សុវត្ថិភាព​។​

​ជាមួយគ្នានេះ លោក កែវ វី នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ បាន​ឲ្យ​ដឹងថា រហូតដល់​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កម្ពស់​ទឹក​នៅ​ទន្លេសេកុង មិនទាន់​ឡើងដល់​ចំណុច​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤​កក្កដា កម្ពស់​ទឹក​នៅ​ទន្លេសេកុង មាន​កម្ពស់ ១០,៧៨ ម៉ែត្រ ខណៈដែល​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ​។​

​ ​តែ​យ៉ាងណាក៏ដោយ លោក កែវ វី បញ្ជាក់ថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង បានចេញ​សេចក្តីជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ​ទន្លេសេកុង បង្កើន​ការប្រុងប្រយ័ត្ន​នឹង​គ្រោះទឹកជំនន់ ខណៈដែល​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បាន​ត្រៀម​បម្រុង បង្ការ និង​ត្រៀមកម្លាំង​ចុះជួយ​អន្តរាគមន៍ សង្គ្រោះ​ប្រជាពលរដ្ឋ ព្រមទាំង​ត្រៀម​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​គ្រោះទឹកជំនន់​នេះ​រួច​អស់ហើយ​៕សរន