បាក់ស្រុត​អគារ​នៅ​កំពង់សោម​!​ស្លាប់​១៥​នាក់​និង​រងរបួស​ចំនួន​២៤​នាក់​

527
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំ​ពែ​ញ​:​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ឱ្យដឹង​នៅ​ម៉ោង​១១​យប់​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​ថា​ក្រុម​សង្គ្រោះបាន​រកឃើញ​មនុស្ស​៦​នាក់​បន្ថែមទៀត​ពី​ក្នុង​គំនរ​នៃ​អគារ​បែកបាក់​ប៉ុន្តែ​អកុសល​អ្នក​ទាំង​៦​នាក់​នោះបាន​រកឃើញថា​ស្លាប់​នៅក្នុង​គំនរ​អគារ​បាក់បែក​។

​រហូតមក​ទល់នឹង​ម៉ោង​១១​យប់​នេះ​តុល្យការ​ថ្មី​ចុងក្រោយ​នៃ​ការរុករក​សង្គ្រោះ​ជនរងគ្រោះ​បាន​រកឃើញ​មនុស្ស​កើន​ដល់ ៣៦​នាក់​ហើយ ក្នុងនោះ​ស្លាប់ ១៥​នាក់​និង​រងរបួស​ចំនួន ២៤​នាក់​។ កម្លាំង​សង្គ្រោះ​សរុប​ប្រមាណ​១.០០០​នាក់​បាន​រុករក​ជនរងគ្រោះ​ដែល​ស្ថិតក្នុង​ឧបទ្ទវហេតុ​នៃ​ការ​រលំ​បាក់​អគារ​នេះ​ចាប់តាំងពី​ព្រឹក​ព្រលឹម​មកហើយ។

ពួកគាត់​បាននិងកំពុង​បន្ត​បេសកកម្ម​របស់ខ្លួន​ដើម្បី​ស្វះ​ស្វែងរក​ជនរងគ្រោះ​បន្តទៀត​ទោះជា​ស្ថិតនៅក្រោម​ដំណក់ទឹកភ្លៀង​ក៏ដោយ​។​ក្រុម​សង្គ្រោះបាន​សហការគ្នា​និង​រួម​កម្លាំង សាមគ្គី​គ្នា​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​។

​លោក​រដ្ឋមន្ត្រី​សាយ​សំ​អាល់​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​សមាជិក​ក្រុមការងារ​និង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅ កន្លែងកើតហេតុ​និង​បាន​កៀរគរ​កម្លាំង​សង្គ្រោះ​ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ខ្លះ​ដែល​សង្ស័យថា​បាននិងកំពុង​ស្ថិតនៅក្នុង​គំនរ​បាក់បែក​នោះ​នៅឡើយ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​មិនទាន់មាន​ប្រភពព័ត៌មាន​ណាមួយ​អាច​បញ្ជាក់ថា​នៅមាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​កំពុង​ជាប់​ក្នុង​គំនរ​អគារ​រលំ នេះ​ទេ​។​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ រួម​នឹង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ និង​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​សូម​សម្តែង​អំណរគុណ​ចំពោះ​កាយវិការ​មនុស្សធម៌រ​បស់​ក្រុម​សង្គ្រោះ​ទាំងអស់​។​ការសង្គ្រោះ​ដែល​ត្រូវបាន​អះអាងថា​នឹងធ្វើ​ឡើង​ជាប់​រហូតដល់​សង្គ្រោះ​ជនរងគ្រោះ​បាន​ទាំង​អស់ពី​គំនរ​អគារ​រលំ​នេះ​។

​ទាក់ទង​នឹង​ឧបទ្ទវហេតុ​នៃ​ការបាក់​រលំ​សំណង់​អគារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​បាននិងកំពុង​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ដំណើរការ​សង្គ្រោះ​ជនរងគ្រោះ​នេះ​ដោយ​សម្តេច​មាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​«​ខ្ញុំ​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​កងកម្លាំងប្រដាប់អាវុធ​ចុះជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ដែល​ត្រូវបាន​អគារ​បាក់​រលំ​សង្កត់​»​។

សម្តេច​បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​ចូលរួម​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់​បង់ជីវិត​ពល​រដ្ឋ​ដោយសារតែ​ការធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់​ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​កើតឡើង​បែបនេះ​។ ទោះបីជា​ខ្ញុំ​ជាប់​ប្រជុំ​ក៏ដោយ​ក៏​ខ្ញុំ​នៅតែ​តាមដាន​ដំណើរការ​រុករក​និង​សង្គ្រោះ​ដែល​យប់​នេះ​ត្រូវធ្វើ​ទាំងយប់​បន្តទៀត​»៕S/​