បាក់​ច្រាំង​ទន្លេបាសាក់​-​ទន្លេ​ហ៊ូ​វ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ជាង​១០០០​ម៉ែត្រ

335
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការ​អន្តរក្រសួង ដើម្បី​សិក្សា និង​ដោះស្រាយ​បញ្ហា​បាក់​ច្រាំង ទន្លេបាសាក់​-​ទន្លេ​ហ៊ូ​វ និង​ព្រែក​ជ្រៃ​ធំ​-​ព្រែក​ប៊ិ​ញ​យី នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន រួមទាំង​ថ្នាក់ដឹកនាំ​បណ្តា​ក្រសួង មន្ទីរ និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

បង្គោល​ព្រំដែន​លេខ ២៤៥/៤ (១) ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល​។ ចំណែក​ព្រែក​ប៊ិ​ញ​យី ស្ថិតនៅក្នុង​ឃុំ​ខាន់​ប៊ិន ស្រុក​អាង​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម​។​

កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក​ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​គោលបំណង នៃ​កិច្ចប្រជុំ​នេះ​គឺធ្វើឡើង​ដើម្បី​សិក្សា​អំពី​វ​ឌ្ឍ​ភាព បន្ទាប់ពី​ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​លក្ខណៈ​បច្ចេកទេស និង​ការងារ​សាងសង់​ច្រាំង​ការពារ​បង្គោល​ព្រំដែន ហើយ​តំណាង​ស្ថាប័ន​ក្រសួង​ត្រូវធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព​នៃ​ការចុះ​សិក្សា ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​អង្គប្រជុំ​យកមក​ពិភាក្សា​ដោះស្រាយ​រួមគ្នា​។​

នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព នៃ​ការចុះ​សិក្សា​លក្ខណៈ​បច្ចេកទេស និង​លទ្ធផល និង​ការសាងសង់​ជើងទេ​ការពារ​បង្គោល​ព្រំដែន​លេខ ២៤៥/៤ (១) នៅ​ច្រាំង​ព្រែក​ជ្រែ​ធំ​-​ព្រែក​ប៊ិ​ញ​យី តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ។​

យោងតាម​របាយការណ៍​បាន​បង្ហាញថា ផ្អែក​តាម​ការចុះ​សិក្សា​លម្អិត​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា ខ្សែ​ការបាក់​ច្រាំងទន្លេ​បាសាក់​-​ទន្លេ​ហ៊ូ​វ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ប្រវែង​សរុប ១១៤០​ម៉ែត្រ​។ ចំពោះមុខ​បង្គោល​ព្រំដែន​លេខ ២៤៥/៤ (១) ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល កំពុង​ប្រឈម​និង​ការ​ធ្លាក់ចូល​ទឹក​នៅក្នុង​ឆ្នាំនេះ នៅពេល​ទឹក​ស្រក​។

ប្រភព​ដដែល​បាន​បន្តថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើការ​សិក្សា​លើ​លក្ខណៈ​បច្ចេកទេស សម្រាប់​ការពារ​បង្គោល​ព្រំដែន​លេខ ២៤៥/៤ (១) និង​ការពារ​ច្រាំងទន្លេ​បាសាក់​-​ទន្លេ​ហ៊ូ​វ ដូចខាងក្រោមៈ វិធានការ​ចំពោះមុខ​ការពារ​ជា​បណ្តោះ​អាសន្ន​នៅ​បង្គោល​ព្រំដែន​លេខ ២៤៥/៤ (១)​ដែលមាន​ប្រវែង ១០០​ម៉ែត្រ ដោយ​ប្រើប្រាស់​បាវ Grobage ដើម្បី​ទប់ស្កាត់ និង​ការពារ​កុំ​ឲ្យ​បាក់​៕​B/