បាញ់ប្រហារនៅរដ្ឋពីរផ្សេងគ្នា ស្លាប់៤របួស៥

110
ចែករម្លែក

អាជ្ញាធររដ្ឋតិចសាសបាននិយាយថា ការស្វែងរកជនសង្ស័យបានបន្តនៅយប់ថ្ងៃអាទិត្យទី១៩មករាបន្ទាប់ពីមនុស្ស ២ នាក់បានស្លាប់និង ៥ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីការបាញ់ប្រហារមួយនៅឯការប្រគំតន្ត្រីនៅក្លិបមួយក្នុងទីក្រុងសាន់អាន់តូនីញ៉ូ (San Antonio) រដ្ឋតិចសាស។

ប៉ូលិសនិយាយថា ក្រុមមន្រ្តីត្រូវបានគេតេហៅភ្លាមៗបន្ទាប់ពីម៉ោង ៨ យប់ថ្ងៃអាទិត្យទៅកាន់ក្លិបរាត្រី Ventura ដែលជាកន្លែងប្រគុំតន្ត្រី មានទីតាំងស្ថិតនៅតាមបណ្តោយទន្លេវ៉កក្នុងតំបន់សារមន្ទីរ Museum Reach នៃទីក្រុងសាន់អាន់តូនីញ៉ូ។

លោក វីលលៀម ម៉ាកម៉ានូស មេប៉ូលិសក្រុងសាន់អាន់តូនីញ៉ូបាននិយាយថា ការឈ្លោះប្រកែកគ្នាបានផ្ទុះឡើងនៅខាងក្នុងក្លិបរវាងហ្វូងមនុស្សមួយក្រុម ហើយមនុស្សម្នាក់បានដកកាំភ្លើងបាញ់ប្រហារ។ ជនរងគ្រោះម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង ៦ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កន្លែងដែលម្នាក់ទៀតត្រូវបានប្រកាសស្លាប់ ក្រោយពេលដឹកមកដល់ភ្លាមៗ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ លោកម៉ាកម៉ានូសនិយាយថា ជនរងគ្រោះដែលស្លាប់នៅក្លិបនោះគឺមនុស្សប្រុស។

លោកម៉ាកម៉ានូសនិយាយថាលោកមានទំនុកចិត្តថាជនសង្ស័យនឹងត្រូវបានកំណត់អត្តសញ្ញាណនិងចាប់ខ្លួនបានឆាប់ៗ។

ដោយឡែកក៏មានការបាញ់ប្រហារនៅក្នុងទីក្រុងហូណូលូលូ (Honolulu) រដ្ឋហាវ៉ៃផងដែរ ដោយសម្លាប់ប៉ូលិសប្រុសម្នាក់ និងប៉ូលិសស្រីម្នាក់នៅយប់ថ្ងៃអាទិត្យដដែលនោះ នៅពេលប៉ូលិសទាំងពីរឆ្លើយតបទៅនឹងការតេទូរស័ព្ទពីស្ត្រីម្នាក់ឱ្យទៅជួយនាងដល់ផ្ទះក្នុងតំបន់អន្លង់ភ្នំភ្លើងល្បីមួយក្បែរឆ្នេរវ៉ៃគីគី។

ប៉ូលិសក្រុងនិយាយថា ប៉ូលិសប្រុសស្រីនេះបានឆ្លើយតបចំពោះការតេទូរស័ព្ទពីស្ត្រីម្នាក់ ដែលនិយាយថានាងត្រូវការឱ្យពួកគេជួយ ហើយរកឃើញថានាងម្នាក់នោះត្រូវគេចាក់របួសជើង។

បន្ទាប់មកជនសង្ស័យបានបាញ់រះមកលើប៉ូលិសនៅពេលប៉ូលិសទៅដល់ផ្ទះកើតហេតុ ដោយសម្លាប់មន្ត្រីប៉ូលិសឈ្មោះ ទីហ្វានី អេនរីកេ និង គូលីកេ កាឡាម៉ា។ នេះយោងតាមសម្តីរបស់មេប៉ូលិសក្រុងហូណូលូលូ លោកស្រីស៊ូសាន បាល់ឡាដ។ ផ្ទះនោះបានឆាបឆេះ ហើយលោកស្រីបាល់ឡាដនិយាយថា ជនសង្ស័យនិងស្ត្រីពីរនាក់ទៀត ដែលស្ថិតនៅក្នុងផ្ទះនោះ មិនដឹងថាស្លាប់ឬរស់នោះទេ។

លោកស្រីបាល់ឡាដនិយាយថា អាជ្ញាធរនឹងបន្តតាមរកខ្មាន់កាំភ្លើង ប៉ុន្តែថាវាមិនទំនងទេដែលថាជនដៃដល់បានស្ថិតក្នុងផ្ទះ នៅពេលវាឆេះ៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសរដ្ឋតិចសាសកំពុងពិនិត្យនៅកន្លែងកើតហេតុក្នុងទីក្រុងសាន់អាន់តូនីញ៉ូ
មន្ត្រីប៉ូលិសស្រីឈ្មោះ ទីហ្វានី អេនរីកេ និង លោក គូលីកេ កាឡាម៉ា ត្រូវជនសង្ស័យបាញ់ស្លាប់នៅទីក្រុងហូណូលូលូ រដ្ឋហាវ៉ៃ