បាញ់ប្រហារ​នៅ​ការិយាល័យ​YouTube​តែម្តង ៤​នាក់​របួស ម្នាក់​ស្លាប់​

815
ចែករម្លែក

​ការ​បាញ់កាំភ្លើង​បាន​កើត​ឡើង​នៅ​ការិយាល័យ​ក្រុមហ៊ុន​YouTube​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មេសា ដោយ​បណ្តាល​អោយ​មនុស្ស​៤នាក់​​រង​របួស​និង​បង្ក​ការ​រត់​គេច​ទាំង​ភ័ត​តកមា​មុនពេល​ជនសង្ស័យ ជា​ស្ត្រី ទំនង​ជា​បាន​បាញ់​សម្លាប់​ខ្លួនឯង​។​

​ចំ​ពេល​ជ្រួលច្របល់​នៅក្នុង​ទីក្រុង សាន់ ប្រ៊ុយណូ ស្ត្រី​ដែល​គេ​ជឿ​ថា​ជា​អ្នក​បាញ់ប្រហារ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​របស់​សេវា​ចែករំលែក​រូប​វីដេអូ​​របស់​ក្រុមហ៊ុន​Google​។​

​មេ​ប៉ូលិស ក្រុង​សាន់ ប្រ៊ុយណូ បាន​និយាយថា​«​យើង​ប្រទះឃើញ​មនុស្ស​ម្នាក់​ដេក​ដួល​ក្នុង​អាគារ​ជាមួយ​របួស​បង្កឡើង​ដោយ​ខ្លួនឯង​។​នៅពេលនេះ យើង​ជឿ​ថា​គេ​ជា​​អ្នក​បាញ់ប្រហារ​»​។​

​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ​។​

​ការបាញ់ប្រហារ​ដោយ​ស្ត្រី​កម្រ​កើត​មាន​ណាស់​នៅ​អាមេរិក កន្លែង​ដែល​អំពើហិង្សា​ដោយ​កាំភ្លើង​បង្កឡើង​ដោយ​បុរស​ភាគច្រើនបំផុត​។​យោងតាម​ការសិក្សា​មួយ​របស់​​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​FBI លើ​ឧបទ្ទវហេតុ​បាញ់ប្រហារ​ចំនួន​១៦០​នៅ​កន្លែង​សាធារណៈ​រវាង​ឆ្នាំ​២០០០​និង​២០១៣ មាន​ស្ត្រី​តែ​៦​នាក់​គត់​ដែល​បានធ្វើការ​​បាញ់ប្រហារ ឬ​ស្មើនឹង​៣,៨%​។​

​ការបាញ់ប្រហារ​នេះ កើតឡើង​ចំពេល​មាន​ការជជែក​ពិភាក្សា​គ្នា​យ៉ាង​ក្តៅគគុក​អំពី​វិធានការ​គ្រប់គ្រង​កាំភ្លើង​នៅក្នុង​សហរដ្ឋអាមេរិក​។​សូមបញ្ជាក់​ថា មនុស្ស​ប្រមាណ​១,៥​លាន​នាក់​បាន​ចូលរួម​ធ្វើបាតុកម្ម​កាលពី​ថ្ងៃ​២៤​មីនា​ឆ្នាំ​នេះ​ដោយ​អំពាវនាវ​អោយ​មាន​វិធានការ​គ្រប់គ្រង​កាំភ្លើង​តឹងរឹង​ឡើង​ក្រោយ​ការបាញ់ប្រហារ​សម្លាប់​​មនុស្ស​នៅ​ក្រុង​ផាក​លែ​ន រដ្ឋ​ផ្លរីដា​៕​ដោយ​៖​វាសនា

​ប៉ូលិស​រត់​ទៅ​កាន់​ការិយាល័យ​YouTube​មួយ​នៅ​ក្រុង​សាន់ ប្រ៊ុយណូ ជា​ការឆ្លើយតប​ទៅនឹង​ការបាញ់ប្រហារ​