បាញ់ប្រហារ​នៅ​គ្រីសឈឺ​ច​ ៖ ជនសង្ស័យ​ត្រូវបាន​នាំ​ឡើង​តុលាការ​

205
ចែករម្លែក
  • 43
    Shares

​ប្រេន​ថុន ថែ​ររិន (Brenton Tarrant)​អាយុ​២៨​ឆ្នាំ បាន​បង្ហាញមុខ​នៅ​តុលាការ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​មីនា ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​លើ​វិហារ​អ៊ិស្លាម​ដែល​បានសម្លាប់​​មនុស្ស​៤៩​នាក់​នៅ​នូវែល​សេឡ​ង់​កាលពី​ថ្ងៃ​សុក្រ​។​

​បុរស​អូស្ត្រាលី​រូបនេះ ត្រូវបាន​នាំ​ចូល​តុលាការ​ក្នុង​អាវ​អ្នកទោស​ពណ៌​ស​និង​ដៃ​ជាប់​ខ្នោះ​។​ក្រៅ​ពី​ការចោទប្រកាន់​ឃាតកម្ម បុរស​នេះ​ត្រូវ​រំពឹងថា​នឹងរង​ការចោទប្រកាន់​បន្ថែម​។​

​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ដឺ​ន បាន​និយាយថា ​លោក​ថែរ​រិន ​មាន​កាំភ្លើង​៥​ដើម​និង​លិខិត​កាន់​អាវុធ​មួយ ។​លោកស្រី​បាន​បញ្ជាក់ថា​ «​ច្បាប់​កាំភ្លើង​របស់​យើង​នឹង​ត្រូវ​ផ្លាស់ប្តូរ​»​។​

​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ មនុស្ស​២​នាក់​ទៀត​កំពុងស្ថិត​នៅ​ក្នុង​ការឃុំ​ខ្លួន​របស់​ប៉ូលិស តែ​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទេ​។​

​សរុប​មនុស្ស​៤៨​នាក់​រងរបួស​នៅក្នុង​ការបាញ់ប្រហារ ក្នុងនោះ​មាន​២​នាក់​ជា​ក្មេងប្រុស​អាយុ​២​ឆ្នាំ​និង​១៣​ឆ្នាំ ​ហើយ​១៣​នាក់​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ្រីសឈឺ​ច ​​​ជាមួយនឹង​របួស​ធ្ងន់ធ្ងរ​។​

​បង់​ក្លា​ដែស ឥណ្ឌា​និង​ឥណ្ឌណេស៊ី សុទ្ធតែ​មាន​ជនជាតិ​របស់ខ្លួន​ត្រូវបាន​សម្លាប់​ក្នុង​ការបាញ់ប្រហារ​នេះ​។​

​កាលពី​ថ្ងៃ​សៅរ៍​នេះដែរ ចៅហ្វាយក្រុង​គ្រីសឈឺ​ច បាន​សម្តែង​ការ​ស្អប់ខ្ពើម​អំ​ពើ​ភេរវកម្ម​នេះ និង​បង្ហាញ​សាមគ្គីភាព​ជាមួយ​ជនរងគ្រោះ ​ហើយ​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់ជាតិ​​ពាក់កណ្តាល​ដង​នៅ​តាម​អគារ​រដ្ឋ​រហូតដល់​មាន​ការណែនាំ​ថ្មី​។​

​សន្តិសុខ​នៅ​តែ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ទូទាំង​ក្រុង​គ្រីសឈឺ​ច និង​វិហារ​អ៊ិស្លាម​នៅ​ទូ​ទាំង​នូវែល​សេ​ឡង់​ត្រូវ​បាន​បិទទ្វារ​៕​ដោយ​៖​វាសនា​/Ha