បាញ់ប្រហារ​នៅ​ជិត​សេត​វិមាន​បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួស​ច្រើន​នាក់​

511
ចែករម្លែក

​យោងតាម​ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា មនុស្ស​ម្នាក់​ត្រូវបាន​បាញ់​ស្លាប់ និង​របួស​ជាច្រើន​នាក់​ទៀត​។ ប៉ូលិស​ក្នុង​តំបន់​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​របួស​ធ្ងន់ធ្ងរ​ក្នុងចំណោម​អ្នករបួស​ជាច្រើន​នាក់​ទៀត​។ លើសពីនេះទៅទៀត​ដូចដែល​បាន​រាយការណ៍​ដោយ​អ្នកកាសែត​អាម៉េរិក​លោក​ស្ទី​វ ហឺ​ម៉ាន់ ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ចម្ងាយ​តែ ៣,៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​សេត​វិមាន​។​

​មិនទាន់មាន​របាយការណ៍​ណាមួយ​ស្តីពី​ជនសង្ស័យ​នៅឡើយ​ទេ​។ គេ​មិនបាន​បញ្ជាក់ថា​តើ​មាន​អ្នកស្លាប់​និង​របួស​ប៉ុន្មាន​នាក់​ទៀត​នោះទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​មេបញ្ជាការ​ស្ទូ​អាត អេ​មើ​ម៉ាន់ បាន​និយាយថា “​អង្គភាព​ជាច្រើន​បាន​ឆ្លើយតប​ទៅនឹង​កន្លែងកើតហេតុ កន្លែង​ដែល​យើង​បាន​រកឃើញ​មនុស្ស ៦ នាក់​ផ្សេងទៀត​កំពុង​របួស​ដោយ​គ្រាប់កាំភ្លើង​។ ម្នាក់​ក្នុងចំណោម​នោះ​ត្រូវ​បានប្រកាស​ស្លាប់​។ ជនរងគ្រោះ​ផ្សេងទៀត​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ផ្សេងៗ​ជាមួយ​របួស​កម្រិត​ផ្សេងគ្នា​ចាប់ពី​ធ្ងន់ធ្ងរ​រហូតដល់​មិន​ធ្ងន់ធ្ងរ​”​។​

​អ្នកកាសែត​អាម៉េរិក​រាយការណ៍​ថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ផ្លូវ 1400 Rhode Island Avenue NE នៅ​ម៉ោង ១០:៤២ យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ កញ្ញា ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​។

​អ្នករបួស​ទាំងអស់​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​អស់ហើយ​។ អ្នកបើកបរ​និង​អ្នក​ថ្មើរជើង​ត្រូវបាន​ណែនាំ​ឱ្យ​ចៀស​កន្លែងកើតហេតុ ព្រោះ​ផ្លូវ​ដូច​រៀបរាប់​ខាងលើ​ត្រូវបាន​បិទ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់​ទៀត ដោយសារ​ការបាញ់ប្រហា​រ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន