បាញ់សម្លាប់​អ្នកកាសែត​ហ្វីលីពីន​នៅ​កោះ​មីន​ដា​ណាវ​

258
ចែករម្លែក

​អ្នក​រៀបចំ​កម្មវិធី​វិទ្យុ​ម្នាក់​នៅ​កោះ​មីន​ដា​ណាវ​ភាគខាងត្បូង​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា នេះ​បើ​តាម​អង្គការ​អ្នកកាសែត​មួយ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​១១​កក្កដា​។​

​សហភាព​ជាតិ​អ្នកកាសែត​ហ្វីលីពីន​(NUJP)​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បើ​ឃាតកម្ម​លើ​លោក អេឌូ​អាត​ដូ ឌី​ហ្សុន​( Eduardo Dizon)​ត្រូវបាន​កំណត់​ថា​ពាក់ព័ន្ធ​នឹង​​ការងារ​របស់​លោក​នៅ​វិទ្យុ​FM​មួយ ក្នុង​ទីក្រុង គី​ដា​ប៉ា​វ៉ាន លោក​ជា​អ្នកកាសែត​ទី​១៣​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​នេះ​ចាប់តាំងពី​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ឡើងកាន់​​តំណែង​ប្រធានាធិបតី​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៦​។​

​របាយការណ៍​ប៉ូលិស​និយាយថា លោក​ឌី​ហ្សុន​បាន​កំពុង​បើករថយ​ន្ត​ទៅផ្ទះ ក្រោយ​ធ្វើ​កម្មវិធី​ព័ត៌មាន​ពេល​ល្ងាច​មួយ នៅពេល​ខ្មាន់កាំភ្លើង​២​នាក់​ដែល​ជិះ​ម៉ូតូ​បាន​ធ្វើ​ការបាញ់​​ប្រហា​រ​។​ជនរងគ្រោះ​បាន​បត់​រថយន្ត​ទៅ​ចិញ្ចើម​ផ្លូវ​និង​បាន​ព្យាយាម​គេច​ពី​ជន​វាយប្រហារ តែ​គាត់​ត្រូវ​៥​គ្រាប់​និង​ស្លាប់​ក្នុង​រថយន្ត​។​

​របាយការណ៍​និយាយទៀតថា ជន​វាយប្រហារ​បាន​ភៀសខ្លួន​ដំ​ដៅ​ក្រុង​ដា​វ៉ា​វ ហើយ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​និង​បើក​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន​ក្នុងស្រុក លោក​ឌី​ហ្សុន បាន​ប្រាប់​ប៉ូលិស​ថា​គាត់​បាន​ទទួល​ការ​គំរាម​យក​ជីវិត​នៅ​ប៉ុន្មាន​ថ្ងៃមុន​កើត​មាន​ឃាតកម្ម​នេះ​។​

​ជនរងគ្រោះ​ធ្លាប់​ជា​អ្នកគ្រប់គ្រង​ស្ថានីយ​វិទ្យុ​ដដែល​នេះ មុន​គាត់​ឈរ​ឈ្មោះ​មិនបាន​ជោគជ័យ​សំរាប់​តំណែង​មូលដ្ឋាន​មួយ​ក្នុងអំឡុង​ការបោះឆ្នោត​កាលពី​ខែ​ឧសភា​។​

​ក្នុងពេល​ជាមួយគ្នា ក្រុមហ៊ុន​Brigada Group​ដែល​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​នេះ បាន​ថ្កោលទោស​ការវាយប្រហារ​និង​ថា​«​ការសម្លាប់​នេះ​ជា​ការប៉ុនប៉ង​បំបិទមាត់​បណ្តាញ​ផ្សព្វផ្សាយ​Brigada​និង​បុគ្គលិក​សារព័ត៌មាន​មិន​អោយ​បញ្ចេញ​មតិ​អំពី​បញ្ហា​ដែល​កើត​មាន​បច្ចុប្បន្ន​»​។​

​កាលពី​ថ្ងៃអាទិត្យ អង្គការ​សារព័ត៌មាន​NUJP​បាន​រាយការណ៍​អំពី​ការរំខាន​ពី​សំណាក់​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​ពួក​កុំម្មុយនិស្ត​។​

​កាលពី​ថ្ងៃ​៣​កក្កដា ខ្មាន់កាំភ្លើង​បាន​បាញ់​ដាក់​ស្ថានីយ​វិទ្យុ​មូលដ្ឋាន​មួយ​នៅ​ក្រុង ហ្សេ​ណា​រ៉​ល សាន់​តូ​ស នៅលើ​កោះ​មីន​ដា​ណាវ​។​និង​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន បណ្ណាធិការ​កាសែត​​ម្នាក់​ត្រូវបាន​បាញ់​សម្លាប់​នៅ​ក្រុង ដា​វ៉ា​វ ដែល ណត នៅ​កោះ​មីន​ដា​ណាវ ដដែល​។​

​កា​ឡូ​ស កុនដេ មក​ពី​ក្រុម​សិទ្ធិ​មនុស្ស​Human Rights Watch​ហ្វីលីពីន បាន​និយាយថា​ការសម្លាប់​នេះ​បញ្ជាក់​ពី​គ្រោះថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​នេះ និង​​បើ​«​ឃាតកម្ម​នេះ​ដោយសារ​តែ​ការងារ​កាសែត​របស់គាត់ វា​បញ្ជូន​សញ្ញា​ទៅ​កាន់​អ្នកកាសែត ជាពិសេស​នៅ​តាម​ខេត្ត ថា​ពួកគេ​គួរផ្តោត​ចេញ​ឆ្ងាយ​លើ​រឿង​ណា​ដែល​ជា​បញ្ហា​ក្នុង​​សហគមន៍ ដូចជា​អំពើ​ពុករលួយ​និង​អភិបាលកិច្ច​អន់​។​តែ​បើ​វា​ដោយសារ​សកម្មភាព​នយោបាយ ពាក់ព័ន្ធ​នឹង​ការ​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កាលពីពេល​កន្លង​ទៅ​ វា​រំលេច​អោយឃើញ​ពី​ការថយចុះ​សិទ្ធិ​ពលរដ្ឋ​នៅ​ហ្វីលីពីន កន្លែង​ដែល​ការមិនចុះសម្រុង​គ្នា​ខាង​នយោបាយ​ត្រូវ​ដោះស្រាយ​ដោយ​ចុង​កាណុង​»​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​ជា​ប្រទេស​គ្រោះថ្នាក់​បំផុត​មួយ​ក្នុងចំណោម​ប្រទេស​ម​គ្រោះថ្នាក់​បំផុត​សំរាប់​អ្នកកាសែត ដោយ​អ្នកកាសែត​១៨៦​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ឆ្នាំ​១៩៨៦​មក​។​

​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ខ្លួន​លោក​ក៏​ល្បី​ខាង​និយាយ​វាយប្រហារ​ពួក​អ្នកកាសែត​ចំពោះ​ការចុះផ្សាយ​អំពី​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​ដ៏​ផ្តាច់ផ្តិល​ជីវិត​របស់​លោក ដែល​អង្គ​​ការ​សិទ្ធិមនុស្ស​Amnesty International​ហៅ​វា​ថា «​សង្គ្រាម​ថ្នាំញៀន​ប្រល័យ​ជីវិត​មនុស្ស​បំផុត​»៕​ដោយ​៖​វាសនា​

អ្នកកាសែត​វិទ្យុ អេឌូ​អាត​ដូ ឌី​ហ្សុន ដែល​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​១០​កក្កដា នៅ​ហ្វីលីពីន ខាងត្បូង​